Skip to content

ស្អែក​នេះ​អាច​ទស្សនា​បា​តុ​ភូត «​សូរ្យគ្រាស​កូនកាត់​» ដែល​កម្រ​កើតមាន

នៅពេល​កើតមាន​បាតុភូត​សូរ្យគ្រាស​កូនកាត់ ព្រះអាទិត្យ​នឹងមាន «រូបរាង​ពីរ» ផ្សេងគ្នា​នៅពេល​មើល​ពី​តំបន់​ផ្សេងគ្នា​នៅ​លើ​ផែនដី។

សូរ្យគ្រាស​នៅ​ថ្ងៃទី 20 មេសា 2023 គឺជា​សូរ្យគ្រាស​កូនកាត់ (hybrid solar eclipse) ដ៏​សែន​កម្រ ដោយ​សារ​វា​មានតែ 3.1% ប៉ុណ្ណោះ​នៅក្នុង​ចំណោម​បាតុភូត​សូរ្យគ្រាស​ទាំង​ឡាយ​​ក្នុង​សតវត្សរ៍​ទី 21 នេះ។

សូរ្យគ្រាស​លើក​នេះ​នឹង​ចាប់ផ្ដើម​ពី​ភាគខាងត្បូង​នៃ​មហាសមុទ្រ​ឥណ្ឌា ឆ្លងកាត់​ទ្វីបអូសេអានី អាស៊ីអាគ្នេយ៍ និង​បញ្ចប់​ត្រង់​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វ៊ិ​ក។ ប៉ុន្តែ​តំបន់​ដែល​មនុស្ស​អាច​មើលឃើញ​សូរ្យគ្រាស​រាង​ចិញ្ចៀន និង​សូរ្យគ្រាស​ពេញលេញ​គឺមាន​តិចតួច ដោយ​ភាគច្រើន​កើតឡើង​នៅលើ​សមុទ្រ។

នៅពេល​បាតុភូត​សូរ្យគ្រាស​កើតឡើង តំបន់​មួយចំនួន​នៅលើ​ផែនដី​នឹង​មើលឃើញ​សូរ​គ្រាស​ពេញលេញ គ្រា​ដែល​តំបន់​ខ្លះទៀត​នឹង​មើលឃើញ​សូរ្យគ្រាស​រាង​ចិញ្ចៀន ចំណែកតំបន់​​ខ្លះ​ក៏​មើលឃើញ​តែមួយ​ផ្នែក។

សូរ្យគ្រាស​ពេញលេញ​លើក​នេះ​នឹង​មើលឃើញ​ពី​ឧបទ្វីប North West Cape និង​កោះ Barrow នៅ​អូស្ត្រាលី​ខាងលិច តំបន់​ភាគ​ខាងកើត​របស់​ទី​ម័​រ​ខាងកើត កោះ Damar និង​មួយផ្នែក​របស់​ខេត្ត Papua នៅ​ឥណ្ឌូណេស៊ី។

សូរ្យគ្រាស​ពេញលេញ សូរ្យគ្រាស​រាង​ចិញ្ចៀន និង​សូរ្យគ្រាស​មួយ​ផ្នែក

យោងតាម​អ្នកវិទ្យាសាស្ត្រ នៅពេល​តាម​ដាន​​​បាតុភូត​សូរ្យក្រាស អ្នកទស្សនា​​មិនត្រូវ​មើល​ដោយ​ភ្នែក​ទទេ ឬ​ពាក់​​វ៉ែន​តាខ្មៅ ព្រោះ​មិនអាច​ទប់​កាំរស្មី​អាក្រក់​ពី​ព្រះអាទិត្យ។ ល្អ​បំផុត អ្នកមើល​គួរ​ពាក់​វ៉ែនតា​ពិសេស​ដែល​អាច​ទប់​រស្មី UV ឬ​វ៉ែនតា​ពិសេស​សម្រាប់​មើល​បាតុភូត​សូរ្យគ្រាស។

យើង​ក៏​អាច​មើល​បាតុភូត​សូរ្យគ្រាស​ដោយ​ប្រយោល ដោយ​ការ​ចោះ​ប្រហោង​តូច​លើ​ប្រអប់​កា​តុង រួច​ដាក់ប្រហោង​នោះ​ឱ្យ​បែរ​ចំ​ថ្ងៃ​ដើម្បីឱ្យ​ពន្លឺព្រះអាទិត្យ​ចាំង​​ឆ្លងកាត់​ប្រហោង​ និង​ជះ​​ទៅលើ​ដី ដូច្នេះ​យើង​អាច​មើល​រូបរាង​សូរ្យគ្រាស​នៅលើ​ដី​នោះ​ដោយផ្ទាល់ និង​ដោយ​សុវត្ថិភាព។

សូរ្យគ្រាស​កូនកាត់​គឺជា​ការរួម​ផ្សំ​របស់​បាតុភូត​សូរ្យគ្រាស​ពេញលេញ និង​សូរ្យគ្រាស​រាង​ចិញ្ចៀន។ សូរ្យគ្រាស​កើតឡើង​នៅពេល​ព្រះ​ចន្ទ​ស្ថិតនៅត្រង់​​ចន្លោះ​ផែនដី និង​ព្រះអាទិត្យ និង​បាំង​ពន្លឺ​មួយផ្នែក​ដែល​ជះ​ពី​ព្រះអាទិត្យ​មកកាន់​ផែនដី។ ពេលនោះ ស្រមោល​របស់​ព្រះ​ចន្ទ​នឹង​ជះ​មកលើ​ផែនដី។ នៅ​តំបន់​ដែលមាន​ស្រមោល​ព្រះ​ចន្ទ​ឆ្លងកាត់ មនុស្សម្នា​នឹង​មើលឃើញ​ព្រះអាទិត្យ​ត្រូវ​ព្រះ​ចន្ទ​បាំងបិទ​មួយផ្នែក (សូរ្យគ្រាស​មួយផ្នែក) ឬ​បាំងបិទ​ទាំងស្រុង (សូរ្យគ្រាស​ពេញលេញ)។

នៅពេល​ផែនដី និង​ព្រះ​ចន្ទ​មាន​គម្លាត​ឆ្ងាយ​ពី​គ្នា​ជាង​ធម្មតា ទំហំ​ព្រះ​ចន្ទ​ដែល​មនុស្ស​មើលឃើញ​គឺមាន​ទម្រង់​តូច​ជាង​ទំហំ​នៃ​រូបរាង​របស់​ព្រះអាទិត្យ នាំឱ្យ​ព្រះ​ចន្ទ​មិនអាច​បិទបាំង​ព្រះអាទិត្យ​បាន​ទាំងស្រុង ដោយ​បន្សល់ទុក​ពន្លឺ​ជា​រង្វង់​មូល​ត្រង់​ជាយ​ខាងក្រៅ​ដែល​ដូច​ទៅនឹង​ចិញ្ចៀន ដែល​នោះគេ​ហៅថា សូរ្យគ្រាស​រាង​ចិ​ញ្ចៀ​ន៕

Leave a Reply

Your email address will not be published. Required fields are marked *