Skip to content

តៃវ៉ាន់ទំនង​ជា​បាន​​​ទិញ​មី​ស៊ី​ល​ប្រឆាំង​នាវាចម្បាំង​ទំនើប​​ពី​​សហរ​ដ្ឋ​អាម៉េរិក

កោះ​តៃវ៉ាន់​ទំនង​ជា​បាន​​ចំណាយ​ប្រាក់​ជិត 1.2 ពាន់​លាន​ដុល្លារ​អាម៉េរិក​ដើម្បី​ទិញ​មី​ស៊ី​ល​ប្រឆាំង​នាវាចម្បាំង Harpoon បាញ់​ពី​ដី ​ដែល​ផលិត​ដោយ​សហរដ្ឋ​អាម៉េរិក ចំនួន 400 គ្រាប់​​បន្ថែមទៀត។

ប្រធាន​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​អាម៉េរិក-តៃវ៉ាន់ Rupert Hammond-Chambers កាលពី​ថ្ងៃទី 17 មេសា និយាយថា កងទ័ពជើងទឹក​អាម៉េរិក​បាន​ជំនួសមុខ​ឱ្យកម្លាំង​ប្រដាប់អាវុធ​តៃវ៉ាន់ ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទិញ​មី​ស៊ី​ល​ប្រឆាំង​នាវាចម្បាំង UGM-84 ដែល​ផលិត​ដោយ​សាជីវកម្ម Boeing ហើយ​នេះ​​គឺជា​​លើកដំបូង​ដែល​តៃប៉ិ​មាន​មី​ស៊ី​ល Harpoon កំណែ​បាញ់​ពី​ដី។

ព័ត៌មាន​នេះ​ត្រូវបាន​បង្ហើប​ឱ្យដឹង​នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយពី​មន្ទីរ​បញ្ច​កោណ​ប្រកាស​អំពី​កិច្ចព្រមព្រៀង​តម្លៃ 1.17 ពាន់​លាន​ដុល្លារ​សម្រាប់​ការទិញ​មី​ស៊ី​ល​ប្រឆាំង​នាវាចម្បាំង Harpoon ចំនួន 400 គ្រាប់​ ដែល​​ត្រូវ​ប្រគល់​រួច​រាល់​នៅ​​ឆ្នាំ 2029 ប៉ុន្តែ​មិនបាន​ឱ្យដឹង​អំពី​អតិថិជន។

ទាក់ទង​នឹង​កិច្ចព្រមព្រៀង ក៏ដូចជា​ព័ត៌មាន​ដែល​ត្រូវបាន​បង្ហើប​ឱ្យដឹង​ខាងលើ ទីក្រុង​តៃប៉ិ​មិនទាន់​បញ្ចេញ​ប្រតិកម្ម​អ្វី​នៅឡើយ។ ចំណែក​ក្រសួងការពារជាតិ​អាម៉េរិក​ក៏បាន​បដិសេធ​ការបញ្ចេញមតិ​អំពី​ករណីនេះ ប៉ុន្តែ​អះអាងថា វ៉ា​ស៊ី​ង​តោន​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​ផ្ដល់ឱ្យ​តៃវ៉ាន់​នូវ​សព្វាវុធ​ចាំបាច់​ដើម្បី​រក្សា​សមត្ថភាព​ការពារ​ខ្លួន។

Chang Che-ping មេដឹកនាំ​យោធា​លំដាប់​ទី​ពីរ​របស់​កងទ័ព​តៃវ៉ាន់ កាលពី​ឆ្នាំ 2020 ធ្លាប់បាន​ប្រកាសថា តៃប៉ិ​ចង់​ទិញ Harpoon បាញ់​ពី​ដី​របស់​វ៉ា​ស៊ី​ង​តោន ដើម្បី​ពង្រឹងសមត្ថភាព​ការពារ​ទឹកដី និង​បាន​អះអាងថា ផែនការ​ទាំងនេះ​អាច​ត្រូវបាន​អនុវត្ត​ក្នុង​ឆ្នាំ 2023។ បច្ចុប្បន្ន តៃវ៉ាន់​មាន​កំណែ Harpoon បាញ់​ពី​យន្តហោះ និង​នាវាចម្បាំង។

មីស៊ីលប្រឆាំងនាវាចម្បាំង Harpoon របស់​សហរដ្ឋ​អាម៉េរិក

Harpoon គឺជា​មី​ស៊ី​ល​ប្រឆាំង​នាវាចម្បាំង​ពិសេស​ដំបូង​របស់​ទ័ពជើងទឹក​អាម៉េរិក ដែល​បង្ហាញខ្លួន​ជា​លើកដំបូង​កាលពីដើមឆ្នាំ 1977។ មី​ស៊ី​ល​នេះ​អាច​បាញ់​បាន​ចម្ងាយ 280 គីឡូម៉ែត្រ និង​ល្បឿន 865 គីឡូម៉ែត្រ/ម៉ោង ហើយ​អាច​ហោះ​លើ​ផ្ទៃ​ទឹកសមុទ្រ​តែ​ប៉ុន្មាន​ម៉ែត្រ​ប៉ុណ្ណោះ​ក្នុងពេល​សំដៅ​ជិត​ដល់​គោលដៅ។ Harpoon មួយ​គ្រាប់​ផ្ទុក​ក្បាល​គ្រាប់​ផ្ទុះ​ទម្ងន់ 220 គីឡូក្រាម ល្មម​អាច​គំរាមកំហែង​ដល់​នាវាចម្បាំង​ច្រើន​ប្រភេទ​នា​ពេល​បច្ចុប្បន្ន។

ប្រទេស​ចិន​ចាត់ទុក​កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន​ដែល​មិនអាច​កាត់ផ្ដាច់​បាន ហើយ​ថា​នឹង​ប្រើប្រាស់​កម្លាំងបាយ​ដើម្បី​ដណ្ដើមយក​មកកាន់​កាប់​ បើសិន​ចាំបាច់។ ចំណែក​ក្រុម​មេដឹកនាំ​កោះ​តៃវ៉ាន់​វិញ​អះអាងថា មានតែ​ពលរដ្ឋ​របស់​កោះ​នេះ​ប៉ុណ្ណោះ​ដែលមាន​សិទ្ធិ​សម្រេច​ជោគវាសនា​របស់​តៃវ៉ាន់។ រីឯ​សហរដ្ឋ​អាម៉េរិក​វិញ ថ្វីបើ​មិនមាន​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​ជាមួយ​តៃវ៉ាន់ ប៉ុន្តែ​គឺជា​អ្នកផ្គត់ផ្គង់​អាវុធ​សំខាន់​ជាងគេ​របស់​ទីក្រុង​តៃប៉ិ៕

Leave a Reply

Your email address will not be published. Required fields are marked *