Skip to content

អាម៉េរិក​វាយឆ្មក់​លើ​មេបញ្ជាការ​ជាន់ខ្ពស់​រប​ស់ ISIS នៅ​ប្រទេស​ស៊ី​រី

សហរដ្ឋ​អាម៉េរិក​បានឱ្យដឹងថា កងកម្លាំង​របស់ខ្លួន​បានធ្វើការ​វាយឆ្មក់​ដោយ​ឧ​ត្ថ​ម្ភា​គ​ចក្រ​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​ស៊ី​រី ហើយ​ទំនងជា​បានសម្លាប់​មេបញ្ជាការ​ជាន់ខ្ពស់​មួយរូប​របស់ ISIS។

«កងកម្លាំង​នៃ​ទីបញ្ជាការកណ្ដាល​​កងទ័ព​អាម៉េរិក (CENTCOM) ធ្វើការ​វាយឆ្មក់​នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃទី 17 មេសា សំដៅលើ​មេដឹកនាំ​ជាន់ខ្ពស់​ម្នាក់​របស់​ក្រុម​ប្រដាប់អាវុធ​រដ្ឋ​អ៊ីស្លាម (ISIS) និង​ជា​អ្នក​រៀប​ផែនការ​សម្រាប់​ការវាយប្រហារ​ភេរវកម្ម​នៅ​មជ្ឈិមបូព៌ា និង​អឺរ៉ុប» CENTCOM ប្រកាស​នា​ថ្ងៃនេះ​ដូច្នេះ។

CENTCOM មិន​បញ្ជាក់​ព័ត៌មាន​លំអិត​ស្ដីពី​អត្តសញ្ញាណ​របស់​មេដឹកនាំ ISIS នៅ​ក្នុងការ​វាយឆ្មក់ និង​មូល​ហេតុដែល​ពួកគេ​មិនទាន់​អាច​បញ្ជាក់បាន​ថាជននេះ​បាន​ស្លាប់ ឬ​នៅ។ កងកម្លាំង​ពិសេស​អាម៉េរិក​តែងតែ​បញ្ជាក់​អត្តសញ្ញាណ​គោលដៅ​ដោយ​ការយក​ស្នាម​ក្រយៅដៃ ឬ​វិភាគ DNA នៅក្នុង​ករណី​មាន​អំណោយផល​ល្អ។

យោងតាម CENTCOM អាម៉េរិក​បាន​រៀប​ផែនការ​យ៉ាង​ហ្មត់ចត់​ដើម្បី​ធានាថា យុទ្ធនាការ​វាយឆ្មក់​របស់ខ្លួន​ទទួលបាន​ជោគជ័យ។ នៅ​ក្នុងការ​វាយឆ្មក់​លើក​នេះ ពុំមាន​ទាហាន​អាម៉េរិក ឬ​ពលរដ្ឋ​ស៊ីវិល​រងរបួស ហើយក៏​ពុំមាន​ឧ​ត្ថ​ម្ភា​គ​ចក្រ​ណាមួយ​របស់​អាម៉េរិក​បាន​រង​ការខូចខាត។

«បើ​ទោះ​បាន​ចុះខ្សោយ ប៉ុន្តែ ISIS នៅតែ​ធ្វើ​សកម្មភាព​ក្នុង​តំបន់ ដោយ​ពួកគេ​ចង់វាយ​ប្រហារ​ចេញ​ផុត​ពី​មជ្ឈិមបូព៌ា។ យើង​នឹង​បន្តធ្វើ​យុទ្ធនា​ការមិន​ឈប់ឈរ​សំដៅលើ ISIS» ឧត្ដមសេនីយ៍ Michael Kurilla មេបញ្ជាការ​របស់ CENTCOM ឱ្យដឹង​ដូច្នេះ។

ចំណែក​អ្នកនាំពាក្យ​របស់ CENTCOM ក៏បាន​និយាយថា ការ​វាយឆ្មក់​នេះ​បញ្ជាក់​ជាថ្មី​នូវ​ការសន្យា​របស់​សហរដ្ឋ​អាម៉េរិក​ជាមួយនឹង​តំបន់ ក៏ដូចជា​ធានា​លើ​ការ​ផ្ដួល ISIS។

ISIS បាន​បាត់បង់​ទឹកដី​មួយ​ភាគ​ធំ​ដែល​ធ្លាប់​គ្រប់គ្រង​នៅ​ស៊ី​រី និង​អ៊ីរ៉ាក់ ក្រោយពី​អំណាច​របស់​ពួកគេ​បាន​ឡើងដល់​កំពូល​នៅ​មជ្ឈិមបូព៌ា​កាលពី​ឆ្នាំ 2014 និង​បាន​បាត់បង់​មូលដ្ឋាន​ចុងក្រោយ​នៅ​សមុទ្រ​ខ្សាច់​ក្នុង​តំបន់​ភាគ​ខាងកើត​ប្រទេស​ស៊ី​រី​កាលពីដើមឆ្នាំ 2019។ មនុស្ស​ជាច្រើន​នៅតែ​ជឿថា ISIS អាច​នឹង​ងើប​ឡើងវិញ។

កាលពី​ខែកុម្ភៈ 2023 របាយការណ៍​មួយ​របស់​អង្គការសហប្រជាជាតិ​បានឱ្យដឹងថា ISIS មាន​សមាជិក និង​អ្នកគាំទ្រ​ប្រហែល​ពី 5,000 ទៅ 7,000 នាក់ នៅ​ប្រទេស​ស៊ី​រី និង​អ៊ីរ៉ាក់ ហើយ​ពាក់កណ្ដាល​ក្នុងចំណោម​នោះ​គឺជា​ខ្មាន់កាំភ្លើង។

នៅ​ចុងឆ្នាំ​កន្លង ISIS ប្រកាសថា បានតែងតាំង Abu al-Hussein al-Husseini al-Quraishi ជា​មេ​បញ្ជាក់​កំពូល ក្រោយពី​មេដឹកនាំ​របស់​ពួកគេ​ត្រូវបាន​សម្លាប់​នៅ​ភាគខាងត្បូង​ប្រទេស​ស៊ី​រី៕

Leave a Reply

Your email address will not be published. Required fields are marked *