Skip to content

ទាហាន​អ៊ីរ៉ង់​ដប់​នាក់​ដែល​បាន​បាញ់​ទម្លាក់​យន្តហោះ​អ៊ុយ​ក្រែ​នសម្លាប់​មនុស្ស​ 176 នាក់​ ត្រូវបាន​កាត់ទោស

តុលាការ​អ៊ីរ៉ង់ បាន​កាត់ទោស​សមាជិក​ដប់​នាក់​របស់​កងកម្លាំងប្រដាប់អាវុធ​ដែល​ទាក់ទិន​នឹង​ករណី​បាញ់​ច្រឡំ​យន្តហោះ​ពាណិជ្ជកម្ម​ដឹក​មនុស្ស 176 នាក់​របស់​ប្រទេស​អ៊ុយ​ក្រែ​ន កាលពី​ឆ្នាំ 2020។

គេហទំព័រ​របស់​ស្ថាប័ន​យុត្តិធម៌​អ៊ីរ៉ង់ Iran Mizan កាលពី​ថ្ងៃទី 16 មេសា បាន​រាយការណ៍​ថា មេបញ្ជាការ​ម្នាក់​របស់​កងទ័ព​ប្រទេស​នេះ​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​ដប់ឆ្នាំ ព្រោះតែ​បាន​ប្រព្រឹត្ត​ខុស​បទបញ្ជា ដោយសារ​បាន​បាញ់​មី​ស៊ី​លពីរ​គ្រាប់​ដោយ​មិន​មាន​​ការអនុញ្ញាត នាំឱ្យមាន​ករណី​បាញ់​ច្រឡំ​យន្តហោះ​ដឹក​អ្នកដំណើរ 176 នាក់​របស់​អ៊ុយ​ក្រែ​ន កាលពី​ខែមករា 2020។ ទាហាន 9 នាក់​ផ្សេងទៀត​ត្រូវបាន​កាត់ទោស​ដាក់ពន្ធនាគា​រ​ចាប់​ពីមួយ​ដល់​បី​ឆ្នាំ។

ជើងហោះហើរ​លេខ PS752 របស់​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​អ៊ុយ​ក្រែ​ន (UIA) បាន​ធ្លាក់​បន្ទាប់ពី​​ហោះ​ឡើង​បាន​ពីរ​នាទី​ពី​ព្រលានយន្តហោះ​អន្តរជាតិ Imam Khomeini នៅ​អ៊ីរ៉ាក់ នា​ព្រឹក​ថ្ងៃទី 08 មករា 2020 ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយពី​ទីក្រុង​តេ​ហេ​រ៉ង់​វាយប្រហារ​ដោយ​រ៉ុក្កែត​ទៅលើ​មូលដ្ឋានទ័ព​ដែលមាន​វត្តមាន​របស់​កងកម្លាំង​អាម៉េរិក​នៅ​ប្រទេស​អ៊ីរ៉ាក់ ដើម្បី​សងសឹក​ទៅនឹង​ការធ្វើឃាត​ឧ​ត្ត​ម​សេនីយ៍ Qassem Soleimani។

បី​ថ្ងៃក្រោយ​ការបាញ់​ទម្លាក់​យន្តហោះ​របស់​អ៊ុយ​ក្រែ​ន អាជ្ញាធរ​អ៊ីរ៉ង់​ប្រកាស​ទទួលស្គាល់ថា បាន​បាញ់​ច្រឡំ ដោយសារតែ​គិតថា យន្តហោះ​អ៊ុយ​ក្រែ​ន​គឺជា​មី​ស៊ី​ល​របស់​អាម៉េរិក បណ្ដាលឱ្យ​មនុស្ស​ទាំង 176 នាក់​នៅលើ​យន្តហោះ​នោះ​ បាត់បង់​ជីវិត។

ខែវិច្ឆិកា 2021 អ៊ីរ៉ង់​ប្រកាស​បើកសវនាការ​នៅ​តេ​ហេ​រ៉ង់ ដើម្បី​កាត់ទោស​ទាហាន​ដប់​នាក់។ ខែមករា 2022 អ៊ីរ៉ង់​ប្រកាស​ចាប់ផ្ដើម​សង​សំណង 150,000 ដុល្លារ​អាម៉េរិក​ដល់​គ្រួសារ​ជនរងគ្រោះ។

ក្រុម​ប្រទេស​ដែល​ដឹកនាំ​ដោយ​កាណាដា កំពុង​នាំយក​ករណី​បាញ់​ទម្លាក់​យន្តហោះ​ខាងលើ​ឡើង​តុលាការ​យុត្តិធម៌​អន្តរជាតិ។ ចំណែក​សមាគម​គ្រួសារ​ជនរងគ្រោះ កាលពី​ថ្ងៃទី 16 មេសា​ក៏បាន​រម្លឹក​ឡើងវិញ​នូវ​ប្រកាស​ដែលថា គួរតែ​នាំយក​រឿងក្ដី​នេះ​ឡើង​តុលាការអន្តរជាតិ៕

Leave a Reply

Your email address will not be published. Required fields are marked *