Skip to content

គំនិត​ស្ដីពី​ការ​បង្កើត​​សមុទ្រ​​ទឹក​​នៅ​លើ​​សមុទ្រ​​ខ្សាច់​​សាហា​រ៉ា​ (Sahara)

ឆ្នាំ 1957 ក្រុម​អ្នកវិទ្យាសាស្ត្រ​បានលើកឡើង​នូវ​គំនិត​ស្ដីពី​ការបង្កើត​សមុទ្រ​ទឹក​លើ​តំបន់​ទំនាប Qattara ក្នុង​សមុទ្រ​ខ្សាច់​សាហា​រ៉ា ក្នុងនោះ​មាន​ទាំង​ការប្រើ​វិធី​បំផ្ទុះ​គ្រាប់បែក​នុយ​ក្លេ​អែរ​ផងដែរ។

សមុទ្រ​ខ្សាច់​សាហា​រ៉ា​គឺជា​តំបន់​ដែលមាន​ទំហំ 9.2 លាន​គីឡូម៉ែត្រ​ក្រឡា​ នៅ​ភាគ​ខាងជើង​នៃ​ទ្វីបអាហ្វ្រិក។ ក្នុង​ប្រវត្តិសាស្ត្រ ធ្លាប់មាន​គម្រោង​ជាច្រើន​ស្ដីពី​ការធ្វើឱ្យ​មួយផ្នែក​របស់​សមុទ្រ​ខ្សាច់​សាហា​រ៉ា​លិច​ក្នុង​ទឹក ព្រោះថា តំបន់​ជាច្រើន​នៅទីនេះ​ស្ថិតក្រោម​នីវ៉ូទឹក​សមុទ្រ។ នេះ​បើ​យោងតាម​ទំព័រ IFL Science។

មនុស្ស​ដំបូង​គេ​ដែល​បានលើកឡើង​គំនិត​ខាងលើ​គឺ​វិស្វករ​ជនជាតិ​ស្កុ​តឡែ​ន Donald McKenzie។ គាត់​ស្នើឱ្យ​បង្កើត​ព្រែកជីក​មួយ​ដែលមាន​ប្រវែង 644 គីឡូម៉ែត្រ​ពី​ម៉ា​រ៉ុ​ក​ទៅកាន់​តំបន់​ខ្សាច់ El Djouf ធ្វើឱ្យ​ទីនេះ​ក្លាយជា​សមុទ្រ​ទឹក​សាហា​រ៉ា។ ឆ្នាំ 1870 ប្រធាន​ក្រុម​នាវិក Francois-Elie Roudaire របស់​កងទ័ព​បារាំង ក៏បាន​ស្នើឱ្យ​ជីក​ព្រែក​ប្រវែង 193 គីឡូម៉ែត្រ​ ដែល​ត​ភ្ជាប់​សមុទ្រ​មេ​ឌី​ទែ​រ៉ាណេ ទៅនឹង​តំបន់​បឹង​អំបិល Chott el Fejej លើ​សមុទ្រ​ខ្សាច់​សាហា​រ៉ា​ នៅ​ភាគខាងត្បូង​ប្រទេស​ទុយ​នី​ស៊ី ធ្វើឱ្យ​តំបន់ 4,828 គី​ឡុ​ម៉ែត្រក្រឡា​ត្រូវ​លិច​ក្នុង​ទឹក។

គំនិត​ខាងលើ​ទទួលបាន​ការគាំទ្រ​រប​ស់ Ferdinand de Lesseps ​អ្នកការទូត​បារាំង​ដែល​បាន​ដឹកនាំ​ការជីក​ព្រែក Suez។ ការចំណាយ​ដើម្បី​អនុវត្ត​គំនិត​នេះ កាលណោះ​គឺ​ប្រហែល 25 លាន​ហ្វ្រ​ង់ (4.2 លាន​ដុល្លារ​អាម៉េរិក)។ ក៏ប៉ុន្តែ​ ការស្រាវជ្រាវ​មួយចំនួន​បាន​រកឃើញថា តំបន់​ខាងលើ​មិន​ស្ថិតក្រោម​​នីវ៉ូ​ទឹកសមុទ្រ​ពិតប្រាកដ​នោះទេ ហើយ​ការចំណាយ​ក៏​កើនឡើង ធ្វើឱ្យ​គំនិត​នេះ​មិនអាច​ក្លាយជា​ការពិត។

តំបន់​ទំនាប Qattara

ផែនការ​មួយ​ផ្សេងទៀត​ដែល​ទាក់ទង​នឹង​ការនាំ​សមុទ្រ​​ទឹក​ទៅកាន់​សមុទ្រ​ខ្សាច់​សាហា​រ៉ា ត្រូវបាន​លើកឡើង​នៅ​អេ​ហ្ស៊ី​ប។ គម្រោង Plowshare គឺជា​គំនិត​របស់​គណៈកម្មកា​រ​ថាមពល​អា​តូ​មិ​ក​អាម៉េរិក។ ក្រុម​អ្នកវិទ្យាសាស្ត្រ​គិត​ឃើញថា ត្រូវការ​បំផ្ទុះ​គ្រាប់បែក​នុយ​ក្លេ​អែរ​ចំនួន 213 គ្រាប់​ដើម្បី​បង្កើតជា​ព្រែក​ដែលមាន​ជម្រៅ​ទាប​ជាង​នីវ៉ូទឹក​សមុទ្រ 60 ម៉ែត្រ នៅ​តំបន់​ទំនាប Qattara ។ ប៉ុន្តែ កិច្ចព្រមព្រៀង​អន្តរជាតិ​មួយចំនួន​ហាមឃាត់​ការ​បំផ្ទុះ​គ្រាប់បែក​នុយ​ក្លេ​អែរ ហើយ​គម្រោង Plowshare ក៏ត្រូវ​បាន​លុបចោល​កាលពី​ឆ្នាំ 1977។

ថ្មីៗនេះ ក្នុង​ឆ្នាំ 2018 ក្រុមហ៊ុន​មួយ​នៅ​ជ្រលង Silicon ដែលមាន​ឈ្មោះថា Y Combinator បានលើកឡើង​នូវ​គំនិត​ដែល​ជួយ​ទប់​ទល់នឹង​បាតុភូត​កើនឡើង​កម្ដៅ​របស់​ផែនដី ដោយ​ការធ្វើឱ្យ​តំបន់​សមុទ្រ​ខ្សាច់ Algodones នៅ California ស្ថិតក្នុង​ទឹក។ គម្រោង​របស់​ពួកគេ​គឺ​ការបង្កើត​បឹង​ទឹក​ដែលមាន​ទំហំ 0.4 ហិកតា​ចំនួន​រាប់​លាន ​ដើម្បី​ដាំ​សារាយ​ដែលមាន​តួនាទី​ដូច​ទៅនឹង​អាង​ស្រូបយក​កាបូន។ ក៏ប៉ុន្តែ ដោយសារតែ​ការចំណាយ​​ឡើងដល់ 50 ទ្រី​លាន​ដុល្លារ​អាម៉េរិក គម្រោង​នេះ​ក៏​នៅតែ​មិនទាន់​ត្រូវបាន​អនុវត្ត៕

Leave a Reply

Your email address will not be published. Required fields are marked *