ស្ថាប័នការពារកោះតៃវ៉ាន់ បានរកឃើញយន្តហោះយោធាចំនួន 91 គ្រឿង និងនាវាយោធា 12 គ្រឿងរបស់ចិនដីគោក ធ្វើសកម្មភាពនៅបណ្ដាតំបន់ជុំវិញកោះនេះនៅក្នុងមួយថ្ងៃ។
«គិតត្រឹមម៉ោង 18 ថ្ងៃទី 10 មេសា យើងបានរកឃើញយន្តហោះយោធា 91 គ្រឿង និងនាវាយោធា 12 គ្រឿងនៅជុំវិញកោះតៃវ៉ាន់។ យន្តហោះ 54 គ្រឿងក្នុងចំណោមនោះ បានឆ្លងបន្ទាត់កណ្ដាលនៅច្រកសមុទ្រ ឬធ្វើដំណើរចូលក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស។ កងកម្លាំងការពារបានតាមដានស្ថានការណ៍ និងដាក់ពង្រាយកម្លាំងដើម្បីជាប្រតិកម្ម» ស្ថាប័នការពារកោះតៃវ៉ាន់ឱ្យដឹងដូច្នេះ។
របាយការណ៍ខាងលើត្រូវបានលើកឡើងបន្ទាប់ពីកងទ័ពចិនប្រកាសថា បានបញ្ចប់ព្រឹត្តិការណ៍សមយុទ្ធបីថ្ងៃនៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ និងបណ្ដាតំបន់សមុទ្រនៅជុំវិញកោះនេះ។
ថ្វីបើចិនដីគោកបានប្រកាសថាបានបញ្ចប់សមយុទ្ធដែលប្រើប្រាស់សេណារីយោ «ឡោមព័ទ្ធកោះ» ហើយក្ដី ភាគីចិនដីកោះតៃវ៉ាន់នៅតែបញ្ជាក់ថា នឹងបន្តការតាមដានស្ថានការណ៍ និងបង្កើនសមត្ថភាពត្រៀមប្រយុទ្ធ។
សមយុទ្ធរបស់ចិនដីគោកត្រូវបានធ្វើឡើងក្រោយពីមេដឹកនាំតៃវ៉ាន់ លោកស្រី Tsai Ing-wen ជួបពិភាក្សាការងារជាមួយប្រធានសភាជាន់ទាបអាម៉េរិក Kevin McCarthy នៅ California កាលពីថ្ងៃតី 05 មេសា ដែលជាជំនួបដំបូងរវាងមេដឹកនាំសភាជាន់ទាបអាម៉េរិក និងមេដឹកនាំកោះតៃវ៉ាន់ នៅលើទឹកដីអាម៉េរិក។
ប្រទេសចិនប្រកាសថា តៃវ៉ាន់គឺជាខេត្តមួយរបស់ខ្លួនដែលរង់ចាំតែការបង្រួបបង្រួមប៉ុណ្ណោះ និងមិនរំលងចោលការប្រើប្រាស់កម្លាំងបាយ បើសិនចាំបាច់។ ចំណែកតៃវ៉ាន់វិញក៏បានអះអាងថា មានតែប្រជាជនរបស់ពួកគេប៉ុណ្ណោះដែលអាចសម្រេចវាសនាអនាគតរបស់កោះនេះ៕