អាល្លឺម៉ង់បានប្រកាសថា ណាតូ កំពុងរៀបផែនការធ្វើសមយុទ្ធទ័ពអាកាសធំបំផុតមិនធ្លាប់មានក្នុងអតីតកាល ដោយមានយន្តហោះយោធាចូលរួមចំនួន 220 គ្រឿង។
ព្រឹត្តិការណ៍សមយុទ្ធទ័ពអាកាស Air Defense 2023 របស់ណាតូនឹងធ្វើឡើងពីថ្ងៃទី 12 ដល់ 24 មិថុនា 2023 នៅអឺរ៉ុប នេះបើយោងតាមកងទ័ពអាល្លឺម៉ង់ (Bundeswehr) ដែលបានឱ្យដឹងកាលពីចុងសប្ដាហ៍កន្លង។ នេះគឺជាសមយុទ្ធទ័ពអាកាសធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់សម្ព័ន្ធយោធាណាតូ ដោយមានទាហានចូលរួមសរុប 10,000 នាក់ និងយន្តហោះយោធាចំនួន 220 គ្រឿងមកពីសមាជិកចំនួន 24 ប្រទេស ក្នុងនោះមានទាំងហ្វាំងឡង់ដែលជាសមាជិកថ្មីរបស់ណាតូ។
ទ័ពអាកាសអាម៉េរិកនឹងបញ្ជូនយន្តហោះចំនួន 100 គ្រឿងទៅចូលរួមសមយុទ្ធ។ ស៊ុយអែតដែលជាប្រទេសកំពុងរង់ចាំការយល់ព្រមឱ្យចូលជាសមាជិកណាតូក៏នឹងចូលរួម Air Defense 2023។
ផែនការនៃសមយុទ្ធនេះត្រូវបានកសាងទៅតាមសេណារីយោ «ប្រើប្រាស់មាត្រាទី 5 នៃធម្មនុញ្ញរបស់ណាតូ» ដែលចែងអំពីគោលការណ៍ការពារជាក្រុមរបស់សម្ព័ន្ធយោធានេះនៅពេលសមាជិកណាមួយត្រូវរងការវាយប្រហារពីសត្រូវ។
ពីឡុតនឹងត្រូវប្រឈមនឹងមីស៊ីលដីប្រឆាំងអាកាស (ដោយការបង្ហាញត្រាប់), ឧបករណ៍រំខានរលកអេឡិចត្រូនិក និងការគំរាមកំហែងដទៃ។ Bundeswehr ឱ្យដឹងថា ខ្លឹមសារនៃសមយុទ្ធនេះ «នឹងមានការលំបាកខ្លាំង» ដើម្បីបង្កើនប្រសិទ្ធភាពឱ្យបានខ្ពស់បំផុតចំពោះសកម្មភាពសហការគ្នារវាងបណ្ដាសមាជិក និងដើម្បីបង្ហាញកម្លាំងរបស់ណាតូ។
សមយុទ្ធខាងលើនេះ ភាគច្រើនធ្វើឡើងនៅលើទឹកដីរបស់អាល្លឺម៉ង់ ប៉ុន្តែបើយោងតាមផែនទីដែលផ្ដល់ដោយ Bundeswehr ដែនអាកាសរបស់អេស្តូនីដែលមានព្រំដែនជាប់នឹងរុស្ស៊ី និងប្រទេសរ៉ូម៉ានី ជាប់នឹងអ៊ុយក្រែន ក៏អាចត្រូវបានប្រើប្រាស់។
Air Defense លើកទី 2023 នឹងត្រូវបានធ្វើឡើងបន្ទាប់ពីសមយុទ្ធ Defender Europe លើកទី 2023 ដែលដឹកនាំដោយសហរដ្ឋអាម៉េរិក ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី 22 មេសា នៅក្នុងដប់ប្រទេសនៅអឺរ៉ុប ដោយមានទាហានអាម៉េរិកចូលរួម 9,000 នាក់ និង 17,000 នាក់មកពី 26 ប្រទេសនៅជុំវិញពិភពលោក៕