Skip to content

ប្រហោង​ខ្មៅ​បង្កើតបានជា​ជ្រលង​ផ្កាយ​ថ្មី​មួយ​​ជួរ​​ប្រវែង​ពីរ​សែន​ឆ្នាំ​ពន្លឺ

ក្រុម​អ្នកវិទ្យាសាស្ត្រ​រកឃើញ​ប្រហោង​ខ្មៅ (black hole) ខ្នាត​យក្ស​មួយ​កំពុង «រត់គេច» ពី​កាឡាក់ស៊ី​របស់​វា ដែល​នេះ​អាច​បណ្ដាលមកពី​ការប៉ះទង្គិច​រវាង​ប្រហោង​ខ្មៅ និង​ប្រហោង​ខ្មៅ។

លទ្ធផល​នៃ​ការស្រាវជ្រាវ​ដែល​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនាវដ្ដី Astrophysical Journal Letters កាលពី​ថ្ងៃទី 06 មេសា បានឱ្យដឹងថា ប្រហោង​ខ្មៅ​ខាងលើនេះ​មាន​ម៉ាស​ធំ​ជាង 20 លាន​ដង​នៃ​ម៉ាស​ព្រះអាទិត្យ និង​ធ្វើដំណើរ​ក្នុង​ល្បឿន 6.4 លាន​គីឡូម៉ែត្រ/ម៉ោង។ វា​ត្រូវបាន​ប្រទះឃើញ​ដោយ​ចៃដន្យ​នៅពេល​អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ Yale ពិនិត្យ​ទិន្នន័យ​រូបភាព​ពី​តេ​ឡេ​ស្កុប​អវកាស Hubble។

«យើង​បានឃើញ​ពន្លឺ​មួយ​ខ្សែ​ដែល​ស្ទើរតែ​ត្រង់​ជួរ (ប្រវែង 200,000 ឆ្នាំ​ពន្លឺ ដែល​មួយ​ឆ្នាំ​ពន្លឺ​ស្មើ​នឹង 9.46 ទ្រីលាន​គីឡូម៉ែត្រ) ឆ្ពោះទៅកាន់​ចំណុចកណ្ដាល​របស់​កាឡា​ក់​ស៊ី​មួយ។ ដោយសារ​មិន​ធ្លាប់​ឃើញ​ពីមុនមក យើង​ក៏​សម្រេចចិត្ត​ស្រាវជ្រាវ​ដោយ​ប្រើ​តេ​ឡេ​ស្កុប Keck I នៃ​ស្ថានីយ​សង្កេត WM Kech នៅ Hawaii» ប្រធាន​ក្រុម​ស្រាវជ្រាវ Pieter van Dokkum មកពី​សាកលវិទ្យាល័យ Yale ឱ្យដឹង​ដូច្នេះ។

ក្រុម​ស្រាវជ្រាវ​ជឿថា ព្រឹត្តិការណ៍​នេះ​កើតឡើង​ដោយសារ​ការប៉ះទង្គិច​គ្នា​រវាង​ប្រហោង​ខ្មៅ​ខ្នាត​យក្ស​ចំនួន​បី នៅពេល​កាឡាក់ស៊ី​មេ​ចំនួន​ពីរ​របស់​ពួកវា​ត្រូវ​ច្របាច់​បញ្ចូល​គ្នា​កាលពី 50 លាន​ឆ្នាំមុន។ ក្នុងនោះ កាឡាក់ស៊ី​មួយ​មាន​ប្រហោង​ខ្មៅ​ពីរ​វិល​ជុំវិញ​គ្នា ខណៈ​កាឡាក់ស៊ី​មួយទៀត​មាន​ប្រហោង​ខ្មៅ​ខ្នាត​យក្ស​ចំនួន​មួយ។ ការ​ប៉ះគ្នា​រវាង​ប្រហោង​ខ្មៅ​ទាំងបី​នេះ​កើតឡើង​យ៉ាង​ច្របូកច្របល់ ហើយ​ចុងក្រោយ​ មួយ​ក្នុងចំណោម​ប្រហោង​ខ្មៅ​ទាំងបី​នេះ​បាន​ប្រើប្រាស់​បរិមាណ​ចលនា​ពី​ប្រហោង​ខ្មៅ​ពីរ​ផ្សេងទៀត ​បោះពួយ​សំដៅទៅ​កាន់​ទី​អវកាស​ខាងក្រៅ​កាឡាក់ស៊ី​របស់​វា។

នៅពេល​ប្រហោង​ខ្មៅ​រត់គេច វា​ក៏បាន​ប៉ះ​នឹង​លំហ​របស់​អវកាស​ដែលមាន​ផ្ទុក​ពេញ​ដោយ​ធូលី ហើយ​ស្រូប​ពួកវា​នៅក្នុង​ដំណើរការ​មួយ​ដែល​ហៅថា ការប្រមូលផ្ដុំ (Accretion) នាំឱ្យ​កើតមាន​ផ្កាយថ្មីៗ​ជា​បន្ត​បន្ទាប​តាម​ពីក្រោយ​ផ្លូវ​គោចរ។

ទ្រឹស្ដី​ស្ដីពី​ប្រហោង​ខ្មៅ​រត់គេច​ត្រូវបាន​លើកឡើង​ដំបូង​នៅក្នុង​ទសវត្សរ៍​ឆ្នាំ 1970។ បើសិន​ការសង្កេត​បន្ទាប់ពី​តេ​ឡេ​ស្កុប​អវកាស James Webb និង​ស្ថានីយ​សង្កេត​កាំរស្មី X Chandra អាច​បញ្ជាក់​ពី​ការសន្និដ្ឋាន​របស់​ក្រុម​អ្នកស្រាវជ្រាវ​ខាងលើ នោះ​វា​អាច​ពង្រឹង​ទ្រឹស្ដី​ដែលមាន​អាយុ 50 ឆ្នាំ​មួយ​នេះ៕

Leave a Reply

Your email address will not be published. Required fields are marked *