Skip to content

ប្រធានាធិបតីប្រេ​ស៊ី​ល​ ស្នើឱ្យអ៊ុយ​ក្រែ​ន​បោះបង់​គ្រី​មៀ​​ជាថ្នូរ​នឹង​សន្តិភាព

ប្រធានាធិបតី​ប្រេ​ស៊ី​ល ស្នើឱ្យ​អ៊ុយ​ក្រែ​ន​ធ្វើ​សម្បទាន​ឧបទ្វីប​គ្រី​មៀ (Crimea) ទៅឱ្យ​រុស្ស៊ី ជា​ថ្នូរ​នឹង​ការបញ្ចប់​សង្គ្រាម ប៉ុន្តែ​ទីក្រុង​កៀវ​បាន​ច្រានចោល។

«បញ្ហា​ឧបទ្វីប​គ្រី​មៀ​អាច​ចរចា​គ្នា​បាន។ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡែ​ន​ស្គី មិនអាច​ចង់បាន​គ្រប់យ៉ាង។ ពិភពលោក​ត្រូវការ​ស្ថិរភាព ហើយ​យើង​ត្រូវ​រក​ដំណោះស្រាយ» ប្រធានាធិបតី​ប្រេ​ស៊ី​ល Luiz Inacio Lula da Silva ថ្លែង​ដូច្នេះ​កាលពី​ថ្ងៃទី 06 មេសា ពេល​លោក​ស្នើឱ្យ​អ៊ុយ​ក្រែ​ន​ធ្វើ​សម្បទាន​នៅក្នុង​បញ្ហា​គ្រី​មៀ ដើម្បី​បញ្ចប់សង្គ្រាម​ឱ្យបាន​ឆាប់។

ប្រធានាធិបតី Lula នៅ​សប្ដាហ៍​ក្រោយនេះ​នឹងមាន​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ចិន និង​មាន​គម្រោង​ពិភាក្សា​អំពី​បញ្ហា​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន។ ទីក្រុង​ប៉េកាំង មុន​នោះបាន​ប្រកាស​អំពី​ផែនការ​សន្តិភាព 12 ចំណុច​សម្រាប់​អ៊ុយ​ក្រែ​ន ក្នុងនោះ​ក៏មាន​ការអំពាវនាវ​ដ​ល់​ភាគី​នានា​ជួយ​ដល់​មូ​ស្គូ និង​កៀវ ដើម្បី​ដោះស្រាយ​វិបត្តិ​នេះ។

មេដឹកនាំ​ប្រេ​ស៊ី​ល​បាន​លើក​ជា​គំនិត​ស្ដីពី​ការបង្កើត​ក្រុម​មួយ​ដែលមាន​បណ្ដា​ប្រទេស​ជា​អ្នក​សម្រុះសម្រួល​សម្រាប់​ប​ញ្ហា​រុស្ស៊ី-អ៊ុយ​ក្រែ​ន។ លោក Lula និយាយថា លោក​ជឿថា ក្រុម​នេះ​នឹង​ត្រូវបាន​បង្កើតឡើង​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ប្រទេស​ចិន។

អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​អ៊ុយ​ក្រែ​ន លោក Oleg Nikolenko កាលពី​ថ្ងៃទី 07 មេសា បាន​រិះគន់​ចំពោះ​សំណើ​របស់​ប្រធានាធិបតី​ប្រេ​ស៊ី​ល និង​អះអាងថា ទីក្រុង​កៀវ​នឹងមិន​ធ្វើ​សម្បទាន​ទឹកដី​ជាដាច់ខាត ទោះ​ជាមួយ​សង់ទីម៉ែត្រ។

«រាល់​ការប្រឹងប្រែង​សម្រុះសម្រួល​ដើម្បី​ស្ដារ​សន្តិភាព​នៅ​អ៊ុយ​ក្រែ​ន ត្រូវតែ​យោងទៅលើ​ការគោរព​អធិបតេយ្យ​ភាព និង​បូរណភាព​ទឹកដី​របស់​អ៊ុយ​ក្រែ​ន» លោក Nikolenko ថ្លែង​ដូច្នេះ។

កាលពី​ខែតុលា 2022 មហាសេដ្ឋី​អាម៉េរិក លោក Elon Musk ក៏​ធ្លាប់​បានលើកឡើង​នូវ​ដំណោះស្រាយ​ដូច​ទៅនឹង​ប្រធានាធិបតី​ប្រេ​ស៊ី​ល ប៉ុន្តែ​ក៏ត្រូវ​បាន​ទីក្រុង​កៀវ​បដិសេធ។

រុស្ស៊ី​បាន​រឹបអូស​យក​ឧបទ្វីប​គ្រី​មៀ​របស់​អ៊ុយ​ក្រែ​ន​ បន្ទាប់ពី​ការធ្វើប្រជាមតិ​កាលពី​ឆ្នាំ 2014។ មូ​ស្គូ​និយាយថា លទ្ធផល​នៃ​ការធ្វើប្រជាមតិ​បង្ហាញថា ប្រជាជន​ភាគច្រើន​នៅ​គ្រី​មៀ ចង់​ក្លាយជា​ផ្នែក​មួយ​របស់​រុស្ស៊ី ប៉ុន្តែ អ៊ុយ​ក្រែ​ន និង​បណ្ដា​ប្រទេស​លោកខាងលិច​ចាត់ទុកថា នេះ​គឺជា​ទង្វើ​ខុសច្បាប់។

វិមាន​ក្រឹម​ឡាំង​ស្នើឱ្យ​អ៊ុយ​ក្រែ​ន​ទទួលស្គាល់​អធិបតេយ្យ​ភាព​របស់​រុស្ស៊ី​ចំពោះ​គ្រី​មៀ និង​តំបន់​មួយចំនួនទៀត​ដែល​មូ​ស្គូ​បាន​រឹបអូស ដើម្បី​ជា​ថ្នូរ​នឹង​សន្តិភាព។ ទីក្រុង​កៀវ​ប្រកាសថា មិន​ចរចា​​រក​សន្តិភាព បើសិន​រុស្ស៊ី​មិនទាន់​ចាកចេញ​ពី​ដែនដី​ទាំង​ឡាយ​ដែល​ពួកគេ​បាន​គ្រប់គ្រង​នៅ​អ៊ុយ​ក្រែ​ន ក្នុងនោះ​មាន​ឧបទ្វីប​គ្រី​មៀ​ជាដើម៕

Leave a Reply

Your email address will not be published. Required fields are marked *