គម្រោងសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យនុយក្លេអែរ (CNST) និងរោងចក្រស្រាវជ្រាវថ្មីនៅវៀតណាម កំពុងត្រូវបានរដ្ឋាភិបាលរុស្ស៊ី និងវៀតណាមពិភាក្សាដើម្បីឈានដល់ការចុះកិច្ចព្រមព្រៀងនាពេលខាងមុខ។
ព័ត៌មាននេះត្រូវបានចែករំលែកនៅក្នុងដំណើរទស្សនកិច្ចរបស់ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី Chernyshenko Dmitry Nikolaevich និងក្រុមការងារ នៅវិទ្យាស្ថានថាមពលអាតូមិកវៀតណាម របស់ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា កាលពីព្រឹកថ្ងៃទី 07 មេសា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម VNExpress។
ក្នុងជំនួបខាងលើ អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រវៀតណាម បានសង្កត់ធ្ងន់ថា វៀតណាម និងរុស្ស៊ីបានធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យអប់រំ បណ្ដុះបណ្ដាល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដែលភាគីទាំងពីរបានសហការ រួមមាន ថាមពលអាតូមិក បច្ចេកវិទ្យាជីវសាស្ត្រ វត្ថុធាតុថ្មី អេឡិចត្រូនិច និងបច្ចេកវិទ្យាស្វ័យប្រវត្ត។ល។
ក្នុងវិស័យថាមពលអាតូមិក អតីតសូវៀតធ្លាប់បានជួយវៀតណាមក្នុងការស្ដារ និងលើកកម្ពស់គុណភាពម៉ាស៊ីនប្រតិកម្មនុយក្លេអែរ (រ៉េអាក់ទ័រនុយក្លេអ៊ែរ) ដែលស្រាវជ្រាវនៅខេត្ត Da Lat ប្រទេសវៀតណាម។ បច្ចុប្បន្ន រុស្ស៊ីកំពុងជួយវៀតណាមក្នុងការអនុវត្តគម្រោងសាងសង់ CNST ដែលមានរោងចក្រស្រាវជ្រាវថ្មី។
ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី Dmitry Chernyshenko ឱ្យដឹងថា សម្រាប់គម្រោងមជ្ឈមណ្ឌលស្រាវជ្រាវ CNST អង្គភាព RosAtom កំពុងត្រៀមឯកសារស្នើដេញថ្លៃ។ «ភាគីទាំងពីរបន្តពិភាក្សាគ្នា ហើយអាចចុះកិច្ចព្រមព្រៀងនៅពាក់កណ្ដាលឆ្នាំនេះ» លោក Dmitry Chernyshenko បញ្ជាក់ដូច្នេះ។
គម្រោងមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្របច្ចេកវិទ្យានុយក្លេអែរត្រូវបានអនុវត្តទៅតាមកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលដែលចុះហត្ថលេខាកាលពីឆ្នាំ 2011។ គម្រោងនេះត្រូវបានរដ្ឋាភិបាលវៀតណាមអនុម័តគោលនយោបាយវិនិយោគកាលពីឆ្នាំ 2018៕