Skip to content

ទ័ពអាកាស​អាម៉េរិក​ច​ង់​ទិញ​យន្ត​ហោះ​ចម្បាំង​​ចំនួន​ច្រើន​គ្រឿង​​មិន​ធ្លាប់មាន

ទ័ពអាកាស​របស់​សហ​រដ្ឋ​អាម៉េរិក រៀប​ផែន​ការបញ្ជាទិញ​យន្តហោះ​ចម្បាំង​ថ្មី​ចំនួន 72 គ្រឿងក្នុង​ឆ្នាំ 2024 ដើម្បី​ធ្វើ​ទំនើបកម្ម​ទ័ពអាកាស ដែល​នេះ​គឺជា​ចំនួន​ដ៏​ច្រើន​មិន​ធ្លាប់មាន​ក្នុងអំឡុង​រាប់សិប​ឆ្នាំ​កន្លង។

សំណើ​នេះ​ត្រូវបាន​ឧ​ត្ត​ម​សេនីយ៍​ឯក Richard Moore មេបញ្ជាការរង​ទ័ពអាកាស​អាម៉េរិក លើកឡើង​នៅមុខ​សភា​កាលពី​ថ្ងៃទី 06 មេសា ដើម្បី​ធ្វើការ​ពិនិត្យ​សម្រេច​ចំពោះ​គម្រោង​ថវិកា​សម្រាប់​ឆ្នាំ​បន្ទាប់។ យោងតាម​សំណើ​នេះ ទ័ពអាកាស​អាម៉េរិក​ច​ង់​បាន​យន្តហោះ​ចម្បាំង​បំបាំងកាយ F-35A ចំនួន 48 គ្រឿង និង F-15EX ចំនួន 24 បន្ថែមទៀត នៅក្នុង​ឆ្នាំសារពើពន្ធ 2024។

«នេះ​គឺជា​លើកដំបូង​ហើយ​ដែល​ទ័ពអាកាស​អាម៉េរិក​ស្នើ​ទិញ​យន្ត​ចម្បាំង​ច្រើន​បែបនេះ ​រាប់​ចាប់តាំងពី​ខ្ញុំ​ធ្វើការ​ក្នុង​ជួរ​កងទ័ព» ឧ​ត្ត​ម​សេនីយ៍​ឯក Moore និយាយ​ដូច្នេះ និង​បន្តថា សំណើ​នេះ​នឹងមិន​ត្រូវធ្វើឡើង​តែម្ដង​ឡើយ តែ​នឹង​ត្រូវធ្វើ​ឡើងវិញ​នៅក្នុង​បណ្ដា​ឆ្នាំ​ខាងមុខ។

ក្រុម​មេដឹកនាំ និង​មេបញ្ជាការ​ទ័ពអាកាស​អាម៉េរិក ច្រើន​ឆ្នាំ​មកនេះ​បាន​បញ្ជាក់ថា ទ័ពអាកាស​ត្រូវ​ការទិញ​យន្តហោះ​ចម្បាំង​ថ្មី​ចំនួន 72 គ្រឿង​ជា​រៀងរាល់ឆ្នាំ ដើម្បី​ធ្វើ​ទំនើបកម្ម​កងកម្លាំង ក៏ដូចជា​កាត់បន្ថយ​អាយុកាល​មធ្យម​របស់​យ​ន្ត​ហោះ។ បើសិន​មិន​ដូច្នោះ​ទេ ពួកគេ​នឹងមិន​មាន​យន្តហោះ​គ្រប់គ្រាន់​ដើម្បី​ផ្លាស់ប្ដូរ​យន្តហោះ​ចាស់ និង​ជិត​ត្រូវបាន​ដាក់ឱ្យចូល​និវត្តន៍ ដូច F-15C ជាដើម។

ក៏ប៉ុន្តែ សភា​អាម៉េរិក ច្រើន​ឆ្នាំ​កន្លង​បាន​យល់ព្រម​ឱ្យ​ទិញ​យន្តហោះ​ចម្បាំង​តិចជាង​ការចង់បានរ​បស់ទ័ព​អាកាសប្រទេស​នេះ។ ក្នុង​ឆ្នាំសារពើពន្ធ 2023 សភា​អាម៉េរិក​អនុម័ត​ឱ្យ​ទិញ​តែ 67 គ្រឿង​ប៉ុណ្ណោះ ដែល​រួមមាន 43 គ្រឿង​ជា F-35A និង 24 គ្រឿង​ជា F-15EX៕

Leave a Reply

Your email address will not be published. Required fields are marked *