ក្រុមអ្នកថតរូបតារាសាស្ត្របានធ្វើឱ្យមានការភ្ញាក់ផ្អើលខ្លាំងនៅពេលបញ្ចេញរូបភាពស្ដីពីផ្ទៃព្រះអាទិត្យលឿងឆ្អៅ ដោយការផ្គុំរូបថតប្រមាណ 90,000 សន្លឹក។
ដើម្បីបង្កើតបានជារូបភាពនេះ Andrew McCarthy និង Jason Guenzel បានប្រើប្រាស់រូបថតមួយចំនួនរបស់ពួកគេ និងរូបថតបានពីស្ថានីយសង្កេតព្រះអាទិត្យ និងបរិយាកាសព្រះអាទិត្យ រួមទាំងរូបថតពីយានអវកាសរបស់ណាសា ដើម្បីផ្គុំចូលគ្នា។ នេះបើតាម Live Science ចុះផ្សាយកាលពីថ្ងៃទី 05 មេសា។
អ្នកថតរូបខាងលើបានផ្គុំរូបថតស្ដីពីព្រះអាទិត្យប្រហែល 90,000 សន្លឹកចូលគ្នា ដើម្បីបង្កើតបានជារូបភាពមួយសន្លឹកចុងក្រោយដែលពួកគេហៅថា «ការរួបរួមរបស់ Helios» បង្ហាញពីផ្ទៃដែលពេញដោយអណ្ដាតភ្លើងលឿងឆ្អៅរបស់ព្រះអាទិត្យ អមនឹងកាំរស្មីប្លាស្មាវិលវល់ដូចទៅនឹងស្រទាប់រោមជុំវិញលើកូនបាល់តេនីស។
ចំណុះដែលលេចធ្លោជាងគេនៅលើរូបភាពនេះគឺ «កំណួចខ្យល់ប្លាស្មា» ដែលខ្ពស់បំផុតនៅលើព្រះអាទិត្យ។ កំណួចខ្យល់ប្លាស្មានេះមានកម្ពស់រហូតដល់ 178,000 គីឡូម៉ែត្រ ស្មើនឹងផែនដីចំនួនបួនរៀបជាជួរ។ ព្រឹត្តិការណ៍នេះកើតឡើងរយៈពេលបីថ្ងៃ មុនពេលក្លាយជាពពកប្លាស្មា និងត្រូវបានរុញច្រានចេញឆ្ងាយពីព្រះអាទិត្យ។
Guenzel និយាយថា ស្នាដៃ «ការរួបរួមរបស់ Helios» នេះ គឺជារូបភាពស្ដីពីព្រះអាទិត្យដែលច្បាស់ និងរស់រវើកបំផុត ដែលគាត់ និង McCarthy ធ្លាប់បានបង្កើតឡើង។