អាចម៍ផ្កាយដែលមានឈ្មោះថា 2023 DW អាចប៉ះទង្គិតនឹងផែនដីនៅក្នុងខែកុម្ភៈ ឆ្នាំ 2046 បើទោះជាមានហានិភ័យទាប។
អាចម៍ផ្កាយមួយដែលទើបតែត្រូវបានរកឃើញ និងដាក់ឈ្មោះឱ្យថា 2023 DW អាចហោះមកក្បែរផែនដីបំផុតនៅក្នុងរយៈពេលជាង 20 ឆ្នាំទៀត។ ហានិភ័យដែលអាចម៍ផ្កាយនេះអាចហោះមកបុកផែនដីគឺ 1/600 នេះបើតាមណាសា។ ថ្វីបើនោះគឺជាហានិភ័យខ្ពស់ជាងកម្រិតមធ្យម ប៉ុន្តែណាសាសង្កត់ធ្ងន់ថា នោះគឺជាកម្រិតទាប។
អាចម៍ផ្កាយ 2023 DW ដែលត្រូវបានរកឃើញកាលពីថ្ងៃទី 27 កុម្ភៈ 2023 មានអង្កត់ផ្ចិត 50 ម៉ែត្រ ស្មើនឹងប្រវែងបណ្ដោយរបស់អាងហែលទឹកអូឡាំពិក។ 2023 DW នឹងហោះកាត់ពីមុខផែនដីនៅថ្ងៃទី 14 កុម្ភៈ 2046។ គិតត្រឹមថ្ងៃទី 08 មីនា 2023 អ្នកវិទ្យាសាស្ត្រព្យាករថា ហានិភ័យនៃការប៉ះទង្គិចស្ថិតក្នុងកម្រិត 1/625។
អាចម៍ផ្កាយ 2023 DW នឹងមិនបង្កឱ្យមានមហន្តរាយធំធេងដូចទៅនឹងករណីធ្លាក់អាចម៍ផ្កាយដែលបានផ្ដាច់ពូជដាយណឺស័រកាលពី 66 លានឆ្នាំមុននោះទេ ប៉ុន្តែនឹងអាចបង្កគ្រោះថ្នាក់ធំបើសិនធ្លាក់ចំ ឬក្បែរទីក្រុង។
បើទោះជាករណីប៉ះទង្គិតជាមួយអាចម៍ផ្កាយ 2023 DW មានហានិភ័យទាប ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្រក៏កំពុងតែ «ដុតដៃដុតជើង» អភិវឌ្ឍវិធីសាស្ត្រការពារផែនដីពីដុំថ្មអវកាស៕