ក្រុមហ៊ុនអាកាសចរណ៍មួយនៅសហរដ្ឋអាម៉េរិក បើកការហោះហើរដឹកអ្នកដំណើរដំបូងគេ និងហោះឆ្លងកាត់ឈូងសមុទ្រ Tampa ដោយកប៉ាល់ហោះកាលពីឆ្នាំ 1913 និងដំណើរបានយ៉ាងជោគជ័យ។
ជិតមួយទសវត្សរ៍បន្ទាប់ពីជើងហោះហើរនាំមុខគេរបស់បងប្អូនត្រកូល Wright នៅ Kitty Hawk រដ្ឋ Carolina ខាងជើង សេវាកម្មហោះហើរដឹកអ្នកដំណើរទៅតាមកាលបរិច្ឆេទដំបូងគេលើពិភពលោកក៏ចាប់ផ្ដើមកាលពីឆ្នាំ 1914 ដោយហោះហើរទៅមករវាង St. Petersburg (រដ្ឋ Florida) និង Tampa ដោយឆ្លងកាត់ឈូងសមុទ្រ Tampa។
ក្រុមហ៊ុនអាកាសចរណ៍ដែលមានឈ្មោះថា St. Petersburg-Tampa Airboat Line គឺជាអ្នកគ្រប់គ្រងជើងហោះហើរខាងលើ។ សេវាកម្មនេះមានវត្តមានត្រឹមតែរយៈពេលខ្លី ហើយកប៉ាល់ហោះរបស់ក្រុមហ៊ុននេះក៏ដឹកអ្នកដំណើរបានតែម្នាក់គត់ក្នុងមួយជើង។ ក៏ប៉ុន្តែ តម្លៃដែលក្រុមហ៊ុននេះបាននាំមកគឺបានបើកផ្លូវឱ្យមានជើងហោះហើរពាណិជ្ជកម្មបែបទំនើប។ នេះបើតាម Amusing Planet។
គំនិតស្ដីពីក្រុមហ៊ុនអាកាសចរណ៍បានចាប់ផ្ដើមពីវិស្វករអគ្គិសនី Percival Elliot Fansler នៅ Florida ដែលកាលណោះធ្វើការដូចទៅនឹងបុគ្គលិកផ្នែកលក់របស់ក្រុមហ៊ុនផលិតម៉ាស៊ីនម៉ាស៊ូតសម្រាប់កប៉ាល់ហោះ។ Fansler ជក់ចិត្តជាមួយនឹងយន្តហោះនៅពេលសាកល្បងប្រណាំងទូកល្បឿនលឿន។ លោកយល់ថា វិធីតែមួយគត់ដើម្បីបង្កើនល្បឿនលឿនជាងនេះគឺការធ្វើឱ្យទូកហោះឡើងលើអាកាស។ ឆ្នាំ 1912 ពីឡុត Antony H. Jannus បានហោះហើរផ្លូវឆ្ងាយក្នុងរយៈពេល 40 ថ្ងៃ ពី Omaha ទៅកាន់ New Orleans។
បន្ទាប់ពីជើងហោះហើរប្រវត្តិសាស្ត្រខាងលើនេះ Fansler បានទាក់ទងទៅនឹង Thomas W. Benoist ម្ចាស់ក្រុមហ៊ុនផលិតម៉ាស៊ីនដែល Jannus បើកបរ ដោយប្រាប់ថា ចង់ទិញយន្តហោះ។ ការចរចាជាមួយ Benoist ធ្វើឱ្យ Fansler គិតដល់ការចាប់ផ្ដើមផ្ដល់សេវាកម្មអាកាសចរណ៍ពាណិជ្ជកម្ម។ Benoist ក៏ចាប់អារម្មណ៍លើគំនិតនេះហើយក៏យល់ព្រមផលិត និងផ្គត់ផ្គង់កប៉ាល់ហោះពីរគ្រឿង ខណៈដែល Fansler ចាត់ចែងដំណើរការ និងយុទ្ធសាស្ត្រលំអិតសម្រាប់ទីផ្សារ។
សេវាកម្មហោះហើរដឹកអ្នកដំណើរចាប់ផ្ដើមដំណើរការពីថ្ងៃទី 01 មករា 1913។ មនុស្សប្រហែល 3,000 នាក់បានប្រមូលផ្ដុំគ្នានៅកំពង់ផែដើម្បីជូនដំណើរអតីតអភិបាលក្រុង Abraham C. Pheil ដែលជាអតិថិជនដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ខាងលើ។ សំបុត្រសម្រាប់ជើងហោះហើរដឹកអ្នកដំណើរដំបូងនេះមានតម្លៃ 400 ដុល្លារអាម៉េរិក ដែលបានមកពីការដេញថ្លៃ។ ម៉ោង 10 ព្រឹក Jannus បញ្ជាកប៉ាល់ហោះហោះឡើងពីកំពង់ផែ និងឆ្ពោះទៅកាន់ Tampa។ មិនដល់កន្លះម៉ោងក្រោយមក កប៉ាល់ហោះក៏បានចុះចតលើទន្លេ Hillsborough នៅ Tampa។ ពេលនោះមានមនុស្សប្រហែល 3,500 នាក់បានរង់ចាំជាស្រេចដើម្បីទទួល Jannus។ បន្ទាប់ពីបានជំរាបសួរអភិបាលក្រុង Tampa និងថតរូប Jannus និង Pheil ក៏បានត្រលប់ទៅកាន់ St. Petersburg។
ក្រោយជើងហោះហើរដឹកអ្នកដំណើរដំបូងគេនេះ ក្រុមហ៊ុនអាកាចរណ៍ St. Petersburg-Tampa Airboat Line ក៏មានជើងហោះហើរជាបន្តបន្ទាប់ និងបើកផ្លូវឱ្យមានវត្តមានក្រុមហ៊ុនអាកាសចរណ៍ជាហូរហែរហូតដល់បច្ចុប្បន្ន៕