បណ្ដាម៉ូលេគុលសរីរាង្គត្រូវបានរកឃើញក្នុងសំណាកដីដែលយកពីអាចម៍ផ្កាយ Ryugu ដោយយានអវកាស របស់ប្រទេសជប៉ុន។
ក្រុមអ្នកស្រាវជ្រាវបានវិភាគទៅលើសំណាកដីរបស់អាចម៍ផ្កាយ Ryugu ដែលយាន Hayabusa2 របស់ទីភ្នាក់ងារអវកាសជប៉ុនប្រមូលបាន និងរកឃើញ uracil ដែលជាឯកតាមួយក្នុងចំណោមឯកតាព័ត៌មានដែលបង្កើតបានជា RNA ជាម៉ូលេគុលផ្ទុកការបញ្ជាក់អំពីវិធីកកើត និងសកម្មភាពរបស់សត្វមានជីវិត។
ក្រៅពីរបកគំហើញខាងលើ នៅក្នុងសំណាកដដែលនោះ អ្នកវិទ្យាសាស្ត្រក៏រកឃើញអាស៊ីត nicotinic ឬហៅថា niacin ឬវីតាមីន B3 ដែលជាកត្តាសំខាន់ចំពោះការរំលាយអាហាររបស់សត្វមានជីវិត។
ការរកឃើញរបស់ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ ដែលដឹកនាំដោយសាស្ត្រាចារ្យ Yasuhiro Oba នៅសាកលវិទ្យាល័យ Hokkaido បានផ្ដល់ភស្ដុតាងបន្ថែមស្ដីពីរចនាសម្ព័ន្ធជីវិតនៅក្នុងទីអវកាស ដែលពួកវាអាចជាប់នៅលើអាចម៍ផ្កាយ និងធ្លាក់មកកាន់ផែនដី។ របកគំហើញនេះត្រូវបានប្រកាសកាលពីថ្ងៃទី 13 មីនា នៅលើទស្សនាវដ្ដី Nature Communications។
Ryugu គឺជាអាចម៍ផ្កាយដែលសម្បូរកាបូន និងមានរូបរាងស្រដៀងត្បូងពេជ្រ មានទទឹងមួយគីឡូម៉ែត្រ។ Hayabusa2 គឺជាបេសកកម្មដំបូងដែលបាននាំសំណាក់ដីពីខាងក្រោមស្រទាបលើរបស់អាចម៍ផ្កាយ ត្រលប់មកកាន់ផែនដី៕