ក្រុមមន្ត្រីនៅទីក្រុងមូស្គូបានថ្កោលទោសអង់គ្លេស ទាក់ទិននឹងរឿងជញ្ជូនគ្រាប់ទម្លុះដែកមានផ្ទុកអ៊ុយរ៉ាញ៉ូមខ្សោយទៅឱ្យអ៊ុយក្រែន និងព្រមានថា នឹងធ្វើការឆ្លើយតបយ៉ាងសមស្រប។
រដ្ឋលេខាធិការក្រសួងការពារជាតិអង់គ្លេស Annabel Goldie កាលពីថ្ងៃទី 21 មីនា បានឱ្យដឹងថា ក្នុងចំណោមគ្រាប់កាំភ្លើងសម្រាប់រថក្រោះយុទ្ធសាស្ត្រ Challenger 2 ដែលប្រទេសនេះគ្រោងនឹងដឹកទៅឱ្យអ៊ុយក្រែន មានគ្រាប់ទម្លុះដែកដែលមានផ្ទុកអ៊ុយរ៉ាញ៉ូមខ្សោយ។ យោងតាម Goldie គ្រាប់ប្រភេទនេះមានប្រសិទ្ធភាពខ្ពស់ក្នុងការកម្ទេចរថក្រោះទំនើប និងយានពាសដែក។
ប្រធានាធិបតីរុស្ស៊ី លោក ពូទីន ក្នុងថ្ងៃដដែលបាននិយាយថា «បើសិនរឿងនេះកើតឡើង រុស្ស៊ីនឹងឆ្លើយតបយ៉ាងសមស្រប ដោយសារលោកខាងលិច ជារួម បានចាប់ផ្ដើមប្រើប្រាស់អាវុធដែលមានផ្ទុកសមាសធាតុនុយក្លេអែរ»។
ចំណែករដ្ឋមន្ត្រីការពារជាតិរុស្ស៊ី Sergei Shoigu វិញ ក៏បានព្រមានថា ការសម្រេចចិត្តរបស់អង់គ្លេស ធ្វើឱ្យមូស្គូ និងបស្ចិមលោកខិតកាន់តែជិតករណី «ប៉ះទង្គិចនុយក្លេអែរ។ ពិតណាស់ រុស្ស៊ីក៏មានរបស់សម្រាប់តបត»។
ក្រសួងការពារជាតិអង់គ្លេស បន្ទាប់មកក៏បានចោទរុស្ស៊ីថា «មានចេតនារកវិធីធ្វើឱ្យព័ត៌មានប្រាសចាកការពិត»។ អ៊ុយរ៉ាញូមខ្សោយ «មិនទាក់ទងនឹងអាវុធ និងថាមពលនុយក្លេអែរ» ហើយវាគឺជា «សមាសធាតុស្ដង់ដាមួយ» ដែលត្រូវបានប្រទេសនានាប្រើប្រាស់ ក្នុងនោះមានរុស្ស៊ីផងដែរ។
អ៊ុយរ៉ាញ៉ូមខ្សោយគឺជាផលិតផលសំណល់ពីការចម្រាញ់អ៊ុយរ៉ាញ៉ូមក្នុងការផលិតវត្ថុធាតុថាមពល និងអាវុធនុយក្លេអែរ។ វាមានវិទ្យុសកម្មទាបជាងធៀបនឹងលោហធាតុនេះនៅក្នុងធម្មជាតិ ប៉ុន្តែបង្កការបារម្ភអំពីជាតិពុល។ អ៊ុយរ៉ាញ៉ូមខ្សោយតែងត្រូវបានផលិតជាគ្រាប់កាំភ្លើងទម្លុះដែក ដោយសារមានដង់ស៊ីតេខ្ពស់ជាង 70% ធៀបនឹងសំណ។
កាលពីខែមករា អង់គ្លេសប្រកាសថា នឹងផ្ដល់ជំនួយជារថក្រោះយុទ្ធសាស្ត្រ Challenger 2 ដើម្បីឱ្យអ៊ុយក្រែនអាច «វាយរុញច្រានកងទ័ពរុស្ស៊»។ Challenger 2 ត្រូវបានបង្កើតឡើងដើម្បីកម្ចាត់រថក្រោះរបស់សត្រូវ។ Challenger 2 ត្រូវបានប្រើប្រាស់នៅក្នុងសង្គ្រាមនៅបូស្នី-អ៊ែរហ្សេហ្គោវីន, កូសូវ៉ូ និងអ៊ីរ៉ាក់៕