ក្រសួងការបរទេសអាម៉េរិកបានប្រកាសអំពីកញ្ចប់ជំនួយយោធាថ្មីតម្លៃ 350 លានដុល្លារសម្រាប់អ៊ុយក្រែន ក្នុងនោះមានទាំងរ៉ុក្កែត HIMARS រួមនឹងគ្រាប់រំសេវជាច្រើនប្រភេទទៀត។
«រហូតដល់រុស្ស៊ីបញ្ចប់ជម្លោះ យើងនឹងនៅជាមួយអ៊ុយក្រែនរហូតដល់ពេលនោះ តាមដែលអាចធ្វើបាន» រដ្ឋមន្ត្រីក្រសួងការបរទេសអាម៉េរិក Antony Blinken កាលពីថ្ងៃទី 20 មីនា បាននិយាយដូច្នេះនៅពេលប្រកាសអំពីកញ្ចប់ជំនួយយោធាថ្មីសម្រាប់អ៊ុយក្រែន។ មកដល់ពេលនេះ ជំនួយយោធាសរុបដែលអាម៉េរិកបានផ្ដល់ឱ្យអ៊ុយក្រែន បន្ទាប់ពីរុស្ស៊ីបើកយុទ្ធនាការយោធាពិសេសកាលពីខែកុម្ភៈ 2022 គឺជាង 32 ពាន់លានដុល្លារអាម៉េរិក។
កញ្ចប់ទំនួយថ្មីតម្លៃ 350 លានដុល្លារនេះមានទាំងរ៉ុក្កែតសម្រាប់ប្រព័ន្ធ HIMARS, គ្រាប់សម្រាប់កាំភ្លើងធំរបស់រថក្រោះ M2 Bradley, មីស៊ីលប្រឆាំងរ៉ាដា AMG-88 HARM, អាវុធប្រឆាំងរថក្រោះ និងឧបករណ៍យោធាដទៃទៀត។
កញ្ចប់ជំនួយយោធាថ្មីនេះត្រូវបានប្រកាសនៅក្នុងគ្រាដែលសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនកំពុងស្ថិតក្នុងសភាពខ្លាំងក្លានៅទីក្រុង Bakhmut នៃខេត្ត Donetsk។ ទីក្រុង Bakhmut ត្រូវបានរុស្ស៊ីគ្រប់គ្រងប្រហែល 70% នៃផ្ទៃដីសរុប នេះបើតាមមេដឹកនាំក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner។
បណ្ដាប្រទេសដែលគាំទ្រអ៊ុយក្រែន កំពុងបង្វឹកទាហានប្រទេសនេះឱ្យចេះប្រើអាវុធ ឧបករណ៍បច្ចេកវិទ្យា និងយុទ្ធសាស្ត្រទំនើបៗ ដើម្បីទប់ទល់នឹងកងទ័ពឈ្លានពានរបស់រុស្ស៊ី៕