(សហរដ្ឋអាម៉េរិក) – បំណែករបស់ឧបករណ៍ទូរគមនាគមន៍ដែលបាញ់ចេញពីស្ថានីយអវកាសអន្តរជាតិ ផ្លាស់ទីក្នុងល្បឿនជាង 27,000 គីឡូម៉ែត្រ/ម៉ោង បង្កើតបានជាខ្សែបន្ទាត់ពន្លឺ ភ្លឺពេញផ្ទៃមេឃរដ្ឋ California កាលពីសប្ដាហ៍កន្លង។
ខ្សែបន្ទាត់ពន្លឺលើអាកាសនាពេលរាត្រីរបស់រដ្ឋ California កាលពីថ្ងៃទី 17 មីនា 2023 គឺជាលទ្ធផលនៃការត្រលប់មកកាន់បរិយាកាសផែនដីរបស់បំណែកសំរាមអវកាស និងបានឆេះពេលកំពុងធ្លាក់សំដៅផែនដី។
បំណែករបស់ឧបករណ៍ទូរគមនាគមន៍ត្រូវបានបាញ់ចេញពី ISS កាលពីខែកុម្ភៈ 2020 និងហោះក្នុងល្បឿន 27,358 គីឡូម៉ែត្រ/ម៉ោង នេះបើយោងតាមអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលរូបវិទ្យាតារាសាស្ត្រ Harvard – Smithsonian ។ គន្លងគោចររបស់វាបានរួមតូចបន្តិចម្ដងៗក្នុងរយៈពេលពីរឆ្នាំ រហូតដល់ធ្លាក់ចូលស្រទាប់បរិយាកាសផែនដី ហើយក៏បែកជាបំណែក និងឆាបឆេះ។
អ្នកវិទ្យាសាស្ត្រឱ្យដឹងថា នេះគឺជាបំណែករបស់អង់តែនទូរគមនាគមន៍ទម្ងន់ 318 គីឡូក្រាម មានឈ្មោះថា Inter-orbit Communication System-Exposed Facility ដែលត្រូវបានបង្ហោះដោយយានអវកាស Shuttle កាលពីឆ្នាំ 2009។ បំណែកទាំងនេះធ្លាក់មកលើផែនដីដោយសេរី ព្រោះមិនមានឧបករណ៍បញ្ជាទិសដៅ។ ពេលធ្លាក់លើផែនដី វានឹងប៉ះពាល់ដល់បរិស្ថាន ឬអាចបង្កគ្រោះថ្នាក់ដល់មនុស្ស បើសិនឆេះមិនអស់ពេលកំពុងធ្លាក់។
បច្ចុប្បន្ន នៅលើគន្លងគោចរជុំវិញផែនដី មានបំណែកឧបករណ៍វិទ្យាសាស្ត្រជាច្រើនកំពុងហោះហើរបន្ទាបខ្លួនក្នុងមានតាំងពីដុំដែលតូចៗប៉ុនទូរស័ព្ទរហូតដល់ប៉ុនយានអវកាស។ យោងតាមអ្នកជំនាញ បំណែកទាំងនេះនឹងធ្លាក់មកលើផែនដីនៅថ្ងៃអនាគត៕