លោក គីម ជុងអ៊ុន ស្នើឱ្យកងទ័ពកូរ៉េខាងជើងត្រៀមខ្លួនឱ្យបានរួចរាល់សម្រាប់ការវាយប្រហារដោយអាវុធនុយក្លេអែរគ្រប់ពេល និងបានចោទអាម៉េរិក-កូរ៉េខាងត្បូងថា កំពុងពង្រីកសមយុទ្ធរួម។
ប្រកាសរបស់លោក គីម ជុងអ៊ុន ត្រូវបានលើកឡើងនៅពេលកូរ៉េខាងជើងធ្វើលំហាត់សមយុទ្ធយោធាដើម្បីលើកកម្ពស់ «សមត្ថភាពកំញើញសង្គ្រាម និងវាយប្រហារតបដោយអាវុធនុយក្លេអែរ» កាលពីថ្ងៃទី 18 និង 19 មីនា។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន KCNA ចុះផ្សាយក្នុងថ្ងៃនេះ។
ក្នុងព្រឹត្តិការណ៍នេះ កងទ័ពកូរ៉េខាងជើងបានបាញ់មីស៊ីលប្លោងមួយគ្រាប់ដែលបំពាក់ក្បាលគ្រាប់នុយក្លេអែរក្លែងក្លាយ និងហោះបានចម្ងាយ 800 គីឡូម៉ែត្រ ក្នុងរយៈកម្ពស់ 800 ម៉ែត្រ មុនពេលធ្លាក់ចំគោលដៅ ទៅតាមសេណារីយោវាយប្រហារដោយអាវុធប្រល័យលោកយុទ្ធសាស្ត្រ។
លោក គីម ជុងអ៊ុន បានឱ្យដឹងថា សមយុទ្ធនេះបានកែលំអសមត្ថភាពធ្វើសង្គ្រាមពិតប្រាកដរបស់កងទ័ព និងសង្កត់ធ្ងន់ថា ត្រូវតែធានាថា បានត្រៀមខ្លួនរួចរាល់សម្រាប់រាល់ «ការវាយប្រហារនុយក្លេអែរភ្លាមៗ និងមានប្រៀបបំផុត»។
សម្ដីខ្លាំងៗពីមេដឹកនាំកូរ៉េខាងជើង ទំនងជាមានបំណងប្រតិកម្មទៅនឹងសមយុទ្ធយោធា 11 ថ្ងៃរបស់អាម៉េរិក-កូរ៉េខាងត្បូង ក៏ដូចជាជំនួបកំពូលរវាងប្រធានាធិបតីកូរ៉េខាងត្បូង និងនាយករដ្ឋមន្ត្រីជប៉ុនកាលពីពេលថ្មីៗនេះ។
ក្នុងជំនួបនៅតូក្យូកាលពីថ្ងៃទី 16 មីនា មេដឹកនាំជប៉ុន និងកូរ៉េខាងត្បូងបានយល់ព្រមចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ផ្នែកយោធា (GSOMIA) និងចាត់ទុកថា នេះគឺជាផ្នែកមួយនៅក្នុងកិច្ចប្រឹងប្រែងទប់ទល់នឹងការគំរាមកំហែងពីអាវុធនុយក្លេអែរ និងមីស៊ីលរបស់កូរ៉េខាងជើង។
ទីក្រុងព្យុងយ៉ាង តែងតែរិះគន់លើសមយុទ្ធយោធារួមរវាងអាម៉េរិក និងកូរ៉េខាងត្បូង និងចាត់ទុកថា នេះគឺជាភស្ដុតាងបញ្ជាក់ថា សម្ព័ន្ធមិត្តនេះមានឥរិយាបថបង្កអរិភាព និងចង់ផ្លាស់ប្ដូររបបនៅកូរ៉េខាងជើង។ កូរ៉េខាងជើងព្រមានចំពោះអាម៉េរិក-កូរ៉េខាងត្បូងថា នឹងប្រឈមនឹងការឆ្លើយតប «ខ្លាំងក្លាមិនធ្លាប់ឃើញ» បើសិនពួកគេធ្វើសមយុទ្ធរួមដែលព្យុងយ៉ាងចាត់ទុកថាជា «ការប្រកាសសង្គ្រាម»៕