មេដឹកនាំខេត្តប៊ិញឌិញ (Binh Dinh) ស្នើដល់ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម គាំទ្រដល់ការអភិវឌ្ឍមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្ររបស់ខេត្តនេះ ឱ្យទៅជាកន្លែងស្រាវជ្រាវបច្ចេកវិទ្យាអវកាស។
នេះគឺជាសំណើមួយរបស់ក្រុមប្រឹក្សាខេត្តប៊ិញឌិញ ដែលបានស្នើដល់ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា នៅក្នុងកិច្ចប្រជុំស្ដីពីការរកដំណោះស្រាយ និងគោលនយោបាយគាំទ្រការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងតំបន់ ដែលធ្វើឡើងកាលពីថ្ងៃទី 13 មីនា 2023។
នៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រ និងនវានុវត្តន៍របស់ខេត្តប៊ិញឌិញ ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ 2015 នេះ មានទីតាំងស្រាវជ្រាវវិទ្យាសាស្ត្រ ស្ថានីយសង្កេតតារា អគារចក្រវាល និងសារមន្ទីរវិទ្យាសាស្ត្រជាដើម។ល។ នេះគឺជាកន្លែងប្រារព្ធកម្មវិធីទេសចរណ៍វិទ្យាសាស្ត្រដំបូងគេនៅប្រទេសវៀតណាម។
យោងតាមមេដឹកនាំខេត្តប៊ិញឌិញ ក្រោយពីមានសេចក្ដីសម្រេចចិត្តស្ដីពីយុទ្ធសាស្ត្រអភិវឌ្ឍ និងអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យាអវកាសត្រឹមឆ្នាំ 2023 ដែលមេដឹកនាំវៀតណាមចុះហត្ថលេខាកាលពីឆ្នាំ 2021 ក្រុមប្រឹក្សាខេត្តប៊ិញឌិញក៏បានរៀបផែនការបង្កើតកិច្ចសហប្រិបត្តិការជាមួយស្ថាប័នអវកាសអន្តរជាតិមួយចំនួន រួមមានជាអាទិ៍ ទីភ្នាក់ងារអវកាសជប៉ុន (JAXA), អាម៉េរិក (NASA), បារាំង (ONERA និង CNES) ជាដើម ដើម្បីជួយដល់មជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រ និងនវានុវត្តន៍របស់ខេត្តនេះ រៀបចំកម្មវិធីពិព័រណ៍ទាក់ទងនឹងវិស័យអវកាស និងវិទ្យាសាស្ត្រអវកាស ក្នុងបំណងផ្សព្វផ្សាយចំណេះដឹងនេះដល់សាធារណជន និងកុមារដែលស្រលាញ់វិទ្យាសាស្ត្រ។
ក៏ប៉ុន្តែ លោក ឡាំ ហាយហ្សាង (Lam Hai Giang) អភិបាលរងខេត្តប៊ិញឌិញបានស្នើឱ្យក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម យកចិត្តទុកដាក់បន្ថែមទៀតដើម្បីជួយគាំទ្រដល់ការអភិវឌ្ឍមជ្ឈមណ្ឌលខាងលើឱ្យទៅជាមូលដ្ឋានសម្រាប់ការសិក្សាស្រាវជ្រាវ អភិវឌ្ឍ និងប្រើប្រាស់បច្ចេកវិទ្យាអវកាស។