Skip to content

កូរ៉េខាងត្បូង​សម្រេច​ចំណាយ​ជិត​បី​ពាន់​លាន​ដុល្លារ​​ទៀត​ដើម្បី​ទិញ​យន្តហោះ​ចម្បាំង​អាម៉េរិក

រដ្ឋាភិបាល​កូរ៉េខាងត្បូង​អនុម័ត​គម្រោង​ចំណាយ​ជិត​បី​ពាន់​លាន​ដុល្លារ​អាម៉េរិក​ដើម្បី​ទិញ​យន្តហោះ​ចម្បាំង​អាម៉េរិក F-35A ក្នុង​គ្រា​ដែល​ភាព​តាន​តឹង​កំពុង​កើន​ឡើង​នៅ​ឧបទ្វីប​កូរ៉េ។

ការិយាល័យ​គ្រប់គ្រង​កម្មវិធី​ទិញដូរ​កូរ៉េខាងត្បូង (DAPA) កាលពី​ថ្ងៃទី 15 មីនា ប្រកាសថា រដ្ឋាភិបាល​កូរ៉េខាងត្បូង​បានអនុម័ត​ផែនការ​តម្លៃ 2.85 ពាន់​លាន​ដុល្លារ​អាម៉េរិក​ដើម្បី​ទិញ​យន្តហោះ​ចម្បាំង​អាម៉េរិក F-35A បន្ថែមទៀត និង​គ្រោង​ទទួលបាន​នៅ​ឆ្នាំ 2028។

មកដល់ពេលនេះ​មិនទាន់​ដឹង​ច្បាស់ថា គម្រោង​ទិញ​យន្តហោះ​ចម្បាំង​ខាងលើ​នឹងមាន​ចំនួន​ប៉ុន្មាន​គ្រឿង​នៅឡើយ។ ទ័ពអាកាស​កូរ៉េខាងត្បូង​កំពុង​គ្រប់គ្រង​យន្តហោះ F-35A ចំនួន 40 គ្រឿង និង​គ្រោង​ទិញ​ 20 គ្រឿង​ថែមទៀត។ ចំណែក​ទ័ពជើងទឹក​កូ​រ៉េ​ខាងត្បូង​ក៏មាន​គម្រោង​ទិញ F-35B ចំនួន 20 គ្រឿង ប៉ុន្តែ​សភា​មិនទាន់​អនុញ្ញាត។

រដ្ឋាភិបាល​កូរ៉េខាងត្បូង​ក៏បាន​អនុម័ត​គម្រោង​ទិញ​មី​ស​ស៊ី​ល​ការពារ​ដែនអាកាស SM-6 តម្លៃ 582.8 លាន​ដុល្លារ​អាម៉េរិក ដែល​គ្រោង​នឹងធ្វើ​ឡើងជា​ពីរ​ដំណាក់កាល។ មី​ស៊ី​ល​ទាំងនេះ​នឹង​ត្រូវបាន​បំពាក់​ឱ្យ​នាវា​ពិឃាត​ថ្នាក់ Sejong ជំនាន់​ទី​ពីរ។

ការ​ហោះឡើង និង​ចុះចត​របស់យន្តហោះចម្បាំង F-35

ក្រសួងការពារជាតិ​កូរ៉េខាងត្បូង កាលពី​ថ្ងៃទី 15 មីនា ក៏បាន​អះអាងថា ពួកគេ​ចង់​អភិវឌ្ឍ​នាវា​ផ្ទុក​យន្តហោះ​សម្រាប់ F-35B ផងដែរ។

គម្រោង​ទាំងឡាយ​ខាងលើនេះ​ត្រូវបាន​លើកឡើង​ក្នុង​គ្រា​ដែល​ភាព​តានតឹង​នៅ​ឧបទ្វីប​កូ​រ៉​កំពុង​កើនឡើង។ កាលពី​ថ្ងៃទី 16 កុម្ភៈ កូរ៉េខាងត្បូង​បានប្រកាស​បង្ហាញ​សៀវភៅ​ស​ការពារជាតិ​ឆ្នាំ 2022 ក្នុងនោះ ទីក្រុង​សេ​អ៊ូ​ល​បាន​ហៅ​កូរ៉េខាងជើង​ថា «សត្រូវ» ជា​លើកដំបូង​ក្រោយ​រយៈពេល 6 ឆ្នាំ និង​បានបង្ហាញ​ពី​គោលជំហរ​ម៉ឺងម៉ាត់​ជាង​មុន​ចំពោះ​ទីក្រុង​ព្យុងយ៉ាង។

បងប្អូនគូ​​សត្រូវ​នៅ​ឧបទ្វីប​កូរ៉េ ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​បាន​ដំឡើង​សាច់ដុំ​ដាក់គ្នា​ជា​បន្តបន្ទាប់។ ទីក្រុង​ព្យុងយ៉ាង​បាញ់​​សាក​ល្បង​មី​ស៊ី​ល​ជា​ហូរហែ ខណៈដែល​ទីក្រុង​សេ​អ៊ូ​ល​ក៏​​បង្កើន​ការ​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​សម្ព័ន្ធមិត្ត៕

Leave a Reply

Your email address will not be published. Required fields are marked *