
ជាលើកដំបូងក្នុងរយៈពេលជាង 30 ឆ្នាំមកនេះ អតិផរណានៅប្រទេសអាហ្សង់ទីនបានកើនឡើងលើសពី 100% ដែលនេះបង្ហាញថា ក្រុមមន្ត្រីប្រទេសនេះនៅតែជួបបញ្ហាក្នុងការគ្រប់គ្រងតម្លៃទំនិញ។
ការិយាល័យជាតិស្ថិតិអាហ្សង់ទីន (INDEC) កាលពីថ្ងៃទី 14 មីនា បានឱ្យដឹងថា សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ (CPI) របស់ប្រទេសនេះក្នុងខែកុម្ភៈ កើន 102.5% ធៀបនឹងឆ្នាំកន្លង។ ល្បឿននេះស្ថិតក្នុងក្រុមប្រទេសដែលមានអតិផរណាខ្ពស់បំផុតលើពិភពលោក។
កាលពីខែមករា 2023 អតិផរណារបស់អាហ្សង់ទីគឺ 6.6%។ អាហារ និងភេសជ្ជស្ថិតក្នុងក្រុមទំនិញដែលឡើងថ្លៃខ្ពស់ជាងគេ ដោយអតិផរណាកើន 9.8% នៅក្នុងខែកុម្ភៈ បើធៀបនឹងខែមករា។ ទំនិញដែលបានឡើងថ្លៃខ្ពស់បន្ទាប់គឺទំនិញជាឧបករណ៍ព័ត៌មានវិទ្យា ភោជនីយដ្ឋាន និងសណ្ឋាគារ។

សេដ្ឋកិច្ចធំជាងគេលំដាប់ទីបីនៅអាម៉េរិកឡាទីន កំពុងវិលវល់ក្នុងវិបត្តិហិរញ្ញវត្ថុ និងសង្គមដែលបានកើតឡើងក្នុងរយៈពេលច្រើនឆ្នាំចុងក្រោយនេះ។ ថ្មីៗនេះ សេដ្ឋកិច្ចរបស់អាហ្សង់ទីនកាន់តែដុនដាបទៅៗ ដោយសារតែសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។
ដើម្បីទប់ទល់នឹងបញ្ហាអតិផរណា និងទប់ស្កាត់ការធ្លាក់ថ្លៃរបស់រូបិយប័ណ្ណប៉េសូ រដ្ឋាភិបាលរបស់ប្រធានាធិបតី Alberto Fernandez បានអនុវត្តគោលនយោបាយគាំទ្រអត្រាប្តូរប្រាក់ចំពោះវិស័យមួយចំនួន។ គោលនយោបាយនេះជួយឱ្យបណ្ដាក្រុមហ៊ុនអាចទិញរូបិយប័ណ្ណដុល្លារអាម៉េរិកបានថោកជាងទីផ្សារ។
ទន្ទឹមនឹងនេះ រដ្ឋាភិបាលក៏ចាត់វិធានការជាច្រើនផ្សេងទៀតដើម្បីទប់ទល់នឹងអតិផរណា មានជាអាទិ៍ ការដំឡើងការប្រាក់របស់ធនាគារជាតិ ការផ្អាកសកម្មភាពបោះពុម្ពក្រដាសប្រាក់។ល។
យោងតាម CNN និង Reuters នៅលើពិភពលោកបច្ចុប្បន្ន មិនមែនមានតែអាហ្សង់ទីនមួយទេដែលកំពុងឈឺក្បាលនឹងបញ្ហាទំនិញឡើងថ្លៃ។ ទិន្នន័យផ្លូវការថ្មីបំផុតដែលប្រទេសវ៉េណេស៊ុយអេឡាប្រកាសកាលពីខែតុលាឆ្នាំកន្លងបង្ហាញថា អតិផរណានៅប្រទេសនេះបានឡើងដល់ 155%។ ចំណែកនៅប្រទេសលីបង់វិញ តម្លៃទំនិញប្រើប្រាស់ក្នុងខែមករា 2023 បានកើនដល់ 124% គ្រាដែលអតិផរណានៅប្រទេសស៊ីមបាវ៉េក្នុងខែមករាក៏កើនដល់ 101.5%៕
