បឹងក្នុងល្អាងដង្ហើមនាគមានទំហំប្រហែលពីរហិកតា ជម្រៅជាង 200 ម៉ែត្រ ព្រមទាំងមានទឹកថ្លាឆ្វង់ និងមានសត្វ និងត្រីរស់នៅ។ នេះបើតាមទំព័រ IFL Science។
នៅជ្រៅក្នុងប្រទេសណាមីប៊ី មានល្អាងពេញដោយទឹកមួយដែលត្រូវបានគេហៅថា ល្អាងដង្ហើមនាគ (Dragon’s Breath)។ ល្អានេះមានលាក់បឹងក្រោមដីមិនស្ថិតក្រោមទឹកកកធំជាងគេលើពិភពលោក។ អស់ជាច្រើនទសវត្សរ៍ ពិភពលោកមិនដឹងអំពីទំហំពិតប្រាកដរបស់តំបន់មានទឹកមួយនេះ ព្រោះតែអ្នកវិទ្យាសាស្ត្រមិនអាចមុជទឹកចុះជ្រៅបានតាមចិត្ត។ ប៉ុន្តែ បច្ចេកវិទ្យាបច្ចុប្បន្ន បាន និងកំពុងតែបង្ហើបឱ្យដឹងអាថ៌កំបាំងរបស់ល្អាងនេះបន្តិចម្ដង។
ការស្រាវជ្រាវដោយប្រើប្រាស់រ៉ូបូតក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះបង្ហាញថា ល្អាងដង្ហើមនាគមានជម្រៅជាង 200 ម៉ែត្រ។ អ្នកវិទ្យាសាស្ត្រពិបាកក្នុងការរកឃើញទំហំពិតប្រាកដរបស់បឹងក្រោមដីនេះ ប៉ុន្តែអ្នកជំនាញខ្លះជឿថា វាមានទំហំប្រហែលពីរហិកតា ធំជាង Lost Sea ដែលជាបឹងក្រោមដីមិនស្ថិតក្រោមទឹកកកធំជាងគេនៅសហរដ្ឋអាម៉េរិក និងធំជាងគេលំដាប់ទីពីរលើពិភពលោក ដោយមានទំហំប្រមាណ 1.8 ហិកតា។
ណាមីប៊ីគឺជាប្រទេសស្ថិតនៅជាប់នឹងមាត់សមុទ្រភាគខាងត្បូងរបស់ទ្វីបអាហ្វ្រិក។ ប្រទេសនេះមានល្អាងយ៉ាងតិច 124 កន្លែង។ ឈ្មោះ «ដង្ហើមនាគ» របស់ល្អាងនេះមានប្រភពពីជំនោរខ្យល់ក្ដៅ និងមានសំណើមនៅត្រង់ច្រកចេញចូល។ ទឹកក្នុងបឹងរបស់ល្អាងនេះមានសភាពថ្លាឆ្វង់ និងមានជីវិតរស់នៅ ក្នុងនោះ មានខ្លះមានទម្រង់ស្រដៀងជន្លេន កំពឹស ហើយក៏មានត្រីអណ្ដែងលឿងផងដែរ។
យោងតាមការស្រាវជ្រាវបែបទំនើបបច្ចុប្បន្ន ល្អាងនេះមានរូបរាងស្រដៀងទៅនឹងស្បែកជើងមានច្រមុះស្រួច៕