Skip to content

ក្រុម​តារាវិទូ​រកឃើញ​ពិភពថ្មី​មួយ​ដែល​អាចជា «ពិភព​មហាសមុទ្រ»

ក្រុម​តារាវិទូ​បាន​រកឃើញ​ពិភព «អន្តរការី» មួយ​មាន​ចម្ងាយ 138 ឆ្នាំ​ពន្លឺ​ពី​ផែនដី ដែល​អាច​ផ្ទុក​ពេញ​ដោយ​ទឹក និង​កំពុងតែ​ប្រែប្រួល។

យោងតាម​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​ដែល​បាន​ចុះផ្សាយ​លើ​ទំព័រ arXiv ពិភព​ដែល​ទើប​រកឃើញ​នេះ​ត្រូវបាន​ដាក់ឈ្មោះថា HD-207496b។ វា​កំពុង​វិលជុំ​វិញ​កូន​ផ្កាយ​មួយ​ដែលមាន​ឈ្មោះថា HD-207496។ ភព​នេះ​វិល​មួយ​ជុំ​ផ្កាយ​មេ​របស់​វា​ដោយ​ចំណាយពេល​តែ 6.44 ថ្ងៃ។ HD-207496b ​មាន​កាំ​ស្មើនឹង 2.25 ដង និង​មាន​ម៉ាស​ធំ​ជាង 6.1 ដង ធៀប​នឹង​ផែនដី។ នេះ​បើតាម Science Alert ចុះផ្សាយ​កាលពី​ថ្ងៃទី 13 មីនា។

ក្រោយ​ការសង្កេតមើល​យ៉ាង​ម៉ត់ចត់ ក្រុម​អ្នកវិទ្យាសាស្ត្រ​រកឃើញថា ភព HD-207496b មិនមែនជា​ថ្ម​ទាំងស្រុង​ឡើយ។ «…យើង​សន្និដ្ឋានថា ពិភព​នេះ​មាន​សម្បក​ខាងក្រៅ​សម្បូរ​ទឹក ឧស្ម័ន ឬ​ចម្រុះ​គ្នា​ទាំងពីរ» ក្រុម​ស្រាវជ្រាវ​បាន​សរសេរ​ក្នុង​របាយការណ៍​ដូច្នេះ។

ការសិក្សា​ស្វែងយល់បាន​បង្ហាញថា បើសិនជា HD-207496b មាន​បរិយាកាស​ជា​ឧស្ម័ន​អ៊ីដ្រូសែន និង​អេ​ល្យូ​ម នោះ​ស្ថានភាព​នេះ​គ្រាន់តែ​ជា​រឿង​បណ្ដោះអាសន្ន ព្រោះថា ផ្កាយ​មេ​រប​ស់វា​នឹង​ដុត​កម្ដៅ​វា​នៅក្នុង​រង្វង់ 520 លាន​ឆ្នាំ​ទៀត។ បរិយាកាស​របស់ HD-207496b ក៏​ប្រហែល​ជា​បាន​​បាត់បង់​ទាំងស្រុង ហើយ HD-207496b បច្ចុប្បន្ន​គឺជា​ពិភព​សមុទ្រ​ដែល​មិនមាន​អ្វី​គ្របដណ្ដប់។

ក្នុងការ​ស្រាវជ្រាវ​បន្ទាប់ ក្រុម​អ្នកវិទ្យាសាស្ត្រ​ចង់​ស្វែងយល់​បន្ថែម​ពី​បរិយាកាស​របស់ HD-207496b បើសិន​ជាមាន។ ប្រការ​នោះ​អាច​បង្ហាញ​ច្បាស់​នូវ​ស្ថានភាព​ពិត និង​វាសនា​ចុងក្រោយ​របស់​ពិភព​មួយ​នេះ៕

Leave a Reply

Your email address will not be published. Required fields are marked *