ក្រុមហ៊ុនអគ្គិសនីឥណ្ឌូណេស៊ីនឹងផ្គត់ផ្គង់ស្ថានីយបញ្ចូលថាមពលចំនួន 100 គ្រឿង សម្រាប់បម្រើដល់រថយន្តអគ្គិសនី និងម៉ូតូអគ្គិសនីប្រមាណ 400 គ្រឿង ដែលនឹងត្រូវប្រើប្រាស់ក្នុងកិច្ចប្រជុំកំពូលអាស៊ាន (ASEAN) នៅប៉ុន្មានខែខាងមុខ។
ក្រុមហ៊ុនអគ្គិសនីឥណ្ឌូណេស៊ី (PT PLN) ប្រកាសថា បានសហការជាមួយសាខាអគ្គិសនីខេត្ត Nusa Tenggara ខាងកើត (NTT) ត្រៀមជាស្រេចស្ថានីយបញ្ចូលថាមពលសម្រាប់រថយន្តអគ្គិសនី (SPKLU) ដើម្បីបម្រើដល់កិច្ចប្រជុំកំពូលរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) 2023 ដែលនឹងធ្វើឡើងនៅ Labuan Bajo ស្រុក Manggarai ខេត្ត NTT។
អគ្គនាយិកា PT PLN តំបន់ NTT លោកស្រី Fintje Lumembang កាលពីថ្ងៃទី 12 មីនាបាននិយាយថា «PLN នឹងផ្គត់ផ្គង់ SPKLU ចំនួន 100 គ្រឿងសម្រាប់បម្រើដល់រថយន្តអគ្គិសនីចំនួន 275 គ្រឿងដែលត្រូវប្រើប្រាស់ក្នុងការដឹកក្រុមមន្ត្រីតំណាងប្រទេសនានា ក៏ដូចជាបម្រើដល់បេសកកម្មរក្សាសន្តិសុខ និងការគ្រប់គ្រង»។
ដើម្បីចូលរួមបេសកកម្មអមដំណើរ និងល្បាតនៅក្នុងអំឡុងកិច្ចប្រជុំខាងលើ PLN ក៏នឹងប្រើប្រាស់ម៉ូតូអគ្គិសនីប្រហែល 105 គ្រឿងផងដែរ។
យោងតាមផែនការ កិច្ចប្រជុំកំពូលអាស៊ាន 2023 លើកទី 42 នឹងត្រូវបានធ្វើឡើងនៅ Labuan Bajo ក្នុងខែឧសភាខាងមុខ។ ចំណែកកិច្ចប្រជុំកំពូលបន្ទាប់គ្រោងនឹងធ្វើឡើងនៅរដ្ឋធានីហ្សាការតានៅខែកញ្ញា 2023៕