Skip to content

ករណី​ចោរប្លន់ប្រាក់​​ជាង 32 លាន​ដុល្លារ​ក្នុង​ព្រលាន​យន្តហោះ​នៅ​​ស៊ី​លី បាន​សម្លាប់​មនុស្ស​ច្រើន​នាក់

កងកម្លាំង​សន្តិសុខ​របស់​ព្រលានយន្តហោះ​នៅ Santiago ប្រយុទ្ធ​គ្នា​ជាមួយនឹង​ក្រុមចោរប្រដាប់​អាវុធ ដើម្បី​រារាំង​សកម្មភាព​ប្លន់​ប្រាក់ 32.5 លាន​ដុល្លារ​នៅលើ​យន្តហោះ បណ្ដាលឱ្យមាន​មនុស្ស​ពីរ​នាក់​បាត់​បង់ជីវិត។

ចោរប្លន់​ប្រដាប់អាវុធ​មួយក្រុម​មាន​គ្នា​ពី 10 ទៅ 12 នាក់ កាលពី​វេលា​ទៀបភ្លឺ​ថ្ងៃទី 08 មីនា បាន​បើករថយន្ត​បី​គ្រឿង​សម្រុកចូល​ព្រលានយន្តហោះ​អន្តរជាតិ Arturo Merino Benitez។ ពួកគេ​បាន​ឆ្ពោះទៅកាន់​កន្លែង​លើកដាក់​ទំនិញ ក្នុង​គ្រា​ដែល​បុគ្គលិក​កំពុង​ជញ្ជូន​ប្រាក់ 32.5 លាន​ដុល្លារ​អាម៉េរិក​ចេញពី​យន្តហោះ ដើម្បី​ដាក់​ចូលក្នុង​រថពាសដែក។

«ទំនិញ​មានតម្លៃ​ខ្ពស់​ត្រូវបាន​ដឹកជញ្ជូន​តាម​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ LATAM ពី Miami ដែល​ការពារ​ដោយ​ក្រុមហ៊ុន​សន្តិសុខ Brinks។ ក្រុមចោរប្លន់​បាន​សម្រុកចូល ប៉ុន្តែ​ត្រូវ​ក្រុម​សន្តិសុខ​បាញ់ប្រហារ​រុញច្រាន​ទៅវិញ» រដ្ឋអាជ្ញា Eduardo Baeza ដែល​ទទួលបន្ទុក​ស៊ើបអង្កេត​រឿងក្ដី​នេះ បាន​ថ្លែង​ដូច្នេះ។

ការប្រយុទ្ធ​គ្នា​រវាង​ក្រុម​សន្តិសុខ និង​ក្រុមចោរប្លន់ បាន​បណ្ដាលឱ្យ​មនុស្ស​ពីរ​នាក់​ស្លាប់ ក្នុងនោះ​មាន​ម្នាក់​ជា​សន្តិសុខ និង​ម្នាក់​ជា​ចោរ។ ក្រោយមក ក្រុមចោរ​ក៏បាន​រត់គេច​ខ្លះ និង​ដុត​រថយន្ត​ពីរ​គ្រឿងក្នុង​ចំណោម​បី​គ្រឿង​របស់​ពួក​គេ​នៅលើ​ផ្លូវ​ល្បឿន​លឿន​ក្បែរ​កន្លែងកើតហេតុ។

ប្រធានាធិបតី Gabriel Boric បាន​សន្យាថា ស្វែងរក និង​កាត់ទោស​ក្រុមចោរប្លន់​នេះ​ឱ្យបាន។ លោក​ក៏បាន​អះអាងថា នឹង​ផ្ដល់​កម្លាំង​ប៉ូលិស​ឱ្យបាន​គ្រប់គ្រាន់​ដើម្បី​ប្រឈមមុខ​នឹង​ក្រុម​ឧក្រិដ្ឋ​ជននេះ។

កាលពី​ឆ្នាំ 2020 នៅឯ​ព្រលានយន្តហោះ Arturo Merino Benitez ក៏​កើតមាន​ករណី​ប្លន់​ស្រដៀង​គ្នា​នេះ ដែល​ពេលនោះ ចោរ​បាន​ប្លន់​យកប្រាក់ 15 លាន​ដុល្លារ​អាម៉េរិក​ពី​រថយន្ត​ដឹកទំនិញ។ ឆ្នាំ 2014 ព្រលានយន្តហោះ​នេះ​ក៏ត្រូវ​ចោរប្លន់​យកបាន​ប្រា​ក់ជាង 10 លាន​ដុល្លារ៕

Leave a Reply

Your email address will not be published. Required fields are marked *