
ប្រទេសអូស្ត្រាលីមានផែនការទិញនាវាមុជទឹកថ្នាក់ Virginia ទំនើបបំផុតចំនួនប្រាំគ្រឿងរបស់សហរដ្ឋអាម៉េរិក ទន្ទឹមនឹងនេះក៏អនុញ្ញាតឱ្យវ៉ាស៊ីងតោនដាក់ពង្រាយនាវាមុជទឹកនៅប្រទេសនេះ។
មន្ត្រីបួនរូបរបស់សហរដ្ឋអាម៉េរិក សុំមិនបញ្ចេញឈ្មោះ កាលពីថ្ងៃទី 08 មីនា បានឱ្យដឹងថា ការទិញដូរនាវាមុជទឹកថ្នាក់ Virginia ប្រាំគ្រឿងក្នុងទសវត្សរ៍ឆ្នាំ 2030 នឹងជាផ្នែកមួយក្នុងកិច្ចព្រមព្រៀង AUKUS រវាងអូស្ត្រាលី សហរដ្ឋអាម៉េរិក និងអង់គ្លេស។ នាវាមុជទឹកថ្នាក់ Virginia សម្រាប់ទ័ពជើងទឹកអាម៉េរិក មានតម្លៃពី 2.8 ដល់ 3.5 ពាន់លានដុល្លារ ប៉ុន្តែមិនទាន់ដឹងច្បាស់ថា អូស្ត្រាលីបានជ្រើសរើសកំណែណាមួយនៅឡើយ។
យោងតាមកិច្ចព្រមព្រៀង សហរដ្ឋអាម៉េរិកនឹងបញ្ជូននាវាមុជទឹកនុយក្លេអែរទៅធ្វើទស្សនកិច្ចនៅអូស្ត្រាលីជារៀងរាល់ឆ្នាំ មុនពេលបញ្ជូននាវាមុជទឹកមួយចំនួនទៅបោះទ័ពរយៈពេលយូរនៅភាគខាងលិចប្រទេសនេះ ដោយចាប់ផ្ដើមពីឆ្នាំ 2027។ ទីក្រុងកង់បេរ៉ានឹងទិញនាវាមុជទឹកថ្នាក់ Virginia ចំនួនបីគ្រឿងនៅដើមទសវត្សរ៍ឆ្នាំ 2030 អមនឹងជម្រើសទិញបន្ថែមពីរគ្រឿងទៀត បើសិនចាំបាច់។

កិច្ចព្រមព្រៀង AUKUS គ្រោងនឹងបញ្ចប់នៅចុងទសវត្សរ៍ឆ្នាំ 2030 នៅពេលដែលអូស្ត្រាលីបានទទួលនាវាមុជទឹកថ្មីដែលរចនាឡើងដោយអង់គ្លេស និងបំពាក់បច្ចេកវិទ្យាអាម៉េរិក។
ទាក់ទងនឹងព័ត៌មានខាងលើនេះ សេតវិមាន និងមន្ទីរបញ្ចកោណ មិនទាន់បញ្ចេញប្រតិកម្មអ្វីនៅឡើយ។ យោងតាមកិច្ចព្រមព្រៀង AUKUS ដែលចុះហត្ថលេខាកាលពីឆ្នាំ 2021 អូស្ត្រាលីអាចទិញនាវាមុជទឹកនុយក្លេអែរពីអាម៉េរិក។ វ៉ាស៊ីងតោន កង់បេរ៉ា និងក្រុងឡុង បានចំណាយពេល 18 ខែ ក្នុងការចរចាអំពីលទ្ធភាពដែលអូស្ត្រាលីអាចមានបច្ចេកវិទ្យាម៉ាស៊ីននុយក្លេអែរដ៏សម្ងាត់របស់អាម៉េរិក។
ការទិញដូរដែលមានតម្លៃរាប់សិបពាន់លានដុល្លារខាងលើ ក៏ជារបត់ដំបូងដែលអាម៉េរិកនាំចេញបច្ចេកវិទ្យានាវាមុជទឹកដើរដោយថាមពលនុយក្លេអែរ រាប់ចាប់ពីឆ្នាំ 1960 បន្ទាប់ពីបានជួយឱ្យអង់គ្លេសកសាងក្រុមនាវាចម្បាំង៕
