អ្នក​អវកាស​រុស្ស៊ី​ជិត​បាន​ជិះ​យាន SpaceX ឡើងទៅ​កាន់​ទី​អវកាស

ណា​សា​មាន​ផែនការ​ប្រើប្រាស់​យានអវកាស​របស់ SpaceX ដើម្បី​នាំ​អវកាស​ចរ​រុស្ស៊ី​យ៉ាងតិច​ពីរ​នាក់​ទៀត ឡើងទៅ​កាន់​ស្ថានីយ​អវកាស​អន្តរជាតិ (ISS)។

ណា​សា​កំពុង​ចរចា​ដើម្បី​បន្ថែម​អវកាស​ចរ​រុស្ស៊ី​ទៅក្នុង Crew-7 និង Crew-8 ដែលជា​បេសកកម្ម​បន្ទាប់​នៃ​គម្រោង​នាំ​អ្នក​អវកាស​ឡើងទៅ​កាន់ ISS។ នេះ​បើតាមទំព័រ​ Space ចុះផ្សាយ​កាលពី​ថ្ងៃទី 07 មីនា។

កិច្ចព្រមព្រៀង​ក្នុង​ការបញ្ចូល​​អ្នក​អវកាស​រុស្ស៊ី​ទៅក្នុង​បេសកកម្ម Crew-7 ដែល​គ្រោង​នឹង​បាញ់​បង្ហោះ​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​ឆ្នាំនេះ កំពុង​​ត្រូវ​បាន​ចរចា​ជាមួយ​រដ្ឋាភិបាល​រុស្ស៊ី ហើយ​បន្ទាប់មក​នឹង​វិល​មក​ចរចា​ជាមួយ​ណា​សា​ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​ចុងក្រោយ។ Kathy Lueders អនុប្រធាន​ផ្នែក​គ្រប់គ្រង​បេសកកម្ម​អវកាស​ប្រចាំ​ណា​សា ឱ្យដឹង​ដូច្នេះ​នៅក្នុង​កិច្ចប្រជុំ​មួយ​ដែល​ធ្វើឡើង​បន្ទាប់ពី​បេសកកម្ម Crew-6 ត្រូវបាន​បាញ់​បង្ហោះ​ដោយ​ជោគជ័យ​កាលពី​ថ្ងៃទី 02 មីនា 2023។

Lueders បន្ថែមថា អាម៉េរិក និង​រុស្ស៊ី កំពុង​បន្ត​បញ្ជូន​អវកាស​ចរ​ទៅកាន់​អវកាស​តាមរយៈ​យាន​របស់​ប្រទេសនីមួយៗ ក្នុងករណី​យាន Soyuz របស់​រុស្ស៊ី ឬ​យាន​របស់​អាម៉េរិក​មិនអាច​ប្រើប្រាស់​ក្នុង​រយៈពេល​យូរ។ ការចរចា​ស្ដីពី Crew-8 ក៏​កំពុង​ត្រូវបាន​ធ្វើឡើង ប៉ុន្តែ​បេសកកម្ម​នេះ តាម​ផែនការ នឹងមិនត្រូវ​បាន​បាញ់​បង្ហោះ​មុន​ឆ្នាំ 2024 ឡើយ។

ណា​សា​ធ្លាប់​ពឹងផ្អែក​ទាំងស្រុង​លើ​រុស្ស៊ី​ក្នុង​ការនាំ​អ្នក​អវកាស​ឡើងទៅ​កាន់​គន្លង​គោចរ​ផែនដី។ ស្ថាប័ន​នេះ​បានដាក់​យានអវកាស Shuttle ឱ្យចូល​និវត្តន៍​កាលពី​ឆ្នាំ 2011។ ក្នុងអំឡុង​ប្រហែល​មួយ​ទសវត្សរ៍​មកនេះ អវកាស​ចរ​ដែល​ឡើងទៅ​កាន់ ISS សុទ្ធតែ​ប្រើប្រាស់​យាន Soyuz ហើយ​ណា​សា​ត្រូវ​ចេញថ្លៃ​នៅពេល​ប្រើប្រាស់​យាន​របស់​រុស្ស៊ី។

បច្ចុប្បន្ន ណា​សា​កំពុង​ត្រៀម​យានអវកាស​ចំនួន​ពីរ​ដើម្បី​ជំនួស​ឱ្យ​យាន Shuttle នោះ​គឺ​យានអវកាស Crew Dragon របស់ SpaceX និង Starliner របស់ Boeing៕

Leave a Comment