ប្អូនស្រី​របស់លោក Kim Jong-un ថា «ការបាញ់​ទម្លាក់​មី​ស៊ី​ល​កូរ៉េខាងជើង​គឺជា​ការប្រកាសសង្គ្រាម»

ប្អូនស្រី​បង្កើត​របស់​មេដឹកនាំ​កូរ៉េខាងជើង យល់ថា រាល់​សកម្មភាព​របស់​សហរដ្ឋ​អាម៉េរិក​ដើម្បី​បាញ់​ទម្លាក់​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​ដែល​បាញ់​សាកល្បង ​នឹង​ត្រូវបាន​ចាត់ទុកថា​ជាការ​ប្រកាសសង្គ្រាម។

«ការសាកល្បង​អាវុធ​យុទ្ធសាស្ត្រ​របស់​កូរ៉េខាងជើង សុទ្ធតែ​ធ្វើឡើង​នៅលើ​ដែនអាកាស និង​ដែនសមុទ្រ​ដែល​ស្ថិតនៅ​ខាងក្រៅ​សិទ្ធិ​អារកា​ត់របស់​សហរដ្ឋ​អាម៉េរិក និង​មិន​គំរាមកំហែង​ដល់​​សុវត្ថិភាព​របស់​បណ្ដា​ប្រទេសជិតខាង។ រាល់​សកម្មភាព​ប្រតិកម្ម​យោធា មានដូចជា​ការបាញ់​ស្កាត់​មី​ស៊ី​ល​ជាដើម នឹងត្រូវ​បានចាត់ទុក​ជាការ​ប្រកាស​សង្គ្រាម​យ៉ាង​ច្បាស់​សំដៅលើ​កូរ៉េខាងជើង» លោកស្រី Kim Yo-Jong ប្អូនស្រី​បង្កើត​របស់​មេដឹកនាំ Kim Jong-un ប្រកាស​នា​ថ្ងៃនេះ​ដូច្នេះ។

ការព្រមាន​នេះ​ត្រូវបាន​លោកស្រី Kim Yo-jong លើកឡើង បន្ទាប់ពី​សារព័ត៌មាន​កូរ៉េខាងត្បូង​កាលពី​ថ្ងៃទី 06 មីនា បាន​ដកស្រង់​សម្ដី​របស់ John Aquilino មេបញ្ជាការ​​​​​កងទ័ព​អាម៉េរិកប្រចាំ​តំបន់​ឥណ្ឌូ-ប៉ា​ស៊ី​ហ្វ៊ិ​ក​​ និយាយ​ថា វ៉ា​ស៊ី​ង​តោន​នឹង​បាញ់​ស្កាត់ភ្លាមៗទៅលើ​មី​ស៊ី​ល​ផ្លោង​អន្តរទ្វីប (ICBM) ដែល​ទីក្រុង​ព្យុងយ៉ាង​បាញ់​ទៅកាន់​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វ៊ិ​ក។

លោកស្រី Kim Yo-jong និងមេដឹកនាំកូរ៉េខាងជើង លោក Kim Jong-un

ភាគី​ខាង​សហរដ្ឋ​អាម៉េរិក មិនទាន់មាន​ប្រតិកម្ម​អ្វី​នៅឡើយ ទាក់ទិន​នឹង​ការព្រមាន​ខាងលើ​របស់​លោកស្រី Kim Yo-jong។

កន្លងមក សហរដ្ឋ​អាម៉េរិក និង​បណ្ដា​ប្រទេស​លោកខាងលិច​មិន​ធ្លាប់បាន​បាញ់​ទម្លាក់ ឬ​រក​វិធី​ទប់ស្កាត់​ករណី​សាកល្បង​មី​ស៊ី​ល​អន្តរទ្វីប​របស់​ទីក្រុង​ព្យុងយ៉ាង ដែល​ត្រូវបាន​ហាមឃាត់​ទៅតាម​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​នៃ​អង្គការ​សហ​ប្រជា​តិ។ កូរ៉េខាងជើង​តែង​បាញ់​សាកល្បង​មី​ស៊ី​ល​ទៅតាម​ជ្រុង​ខ្ពស់​ដើម្បី​កាត់បន្ថយ​រយៈ​ចម្ងាយ​របស់​ក្បាល​គ្រាប់ និង​ទើបតែ​បាញ់ ICBM រំលង​ទឹកដី​ជប៉ុន​បាន​ប៉ុន្មាន​ដង​ប៉ុណ្ណោះ៕

Leave a Comment