មេដឹកនាំកងកម្លាំងការពារជាតិតៃវ៉ាន់បានព្រមានថា ក្នុងឆ្នាំនេះ កងទ័ពចិនដីគោកអាចនឹងស្វែងរកលេសដើម្បីសម្រុកមកកាន់កោះនេះភ្លាមៗ។
ក្នុងពេលឆ្លើយតបនឹងសំណួររបស់ក្រុមតំណាងរាស្ត្រនៅក្នុងកិច្ចប្រជុំសភានាថ្ងៃទី 06 មីនានេះ មេដឹកនាំកងកម្លាំងការពារជាតិតៃវ៉ាន់ Chiu Kuo-cheng និយាយថា កងទ័ពចិន (PLA) អាចរកឧបាយដើម្បីសម្រុកចូលតំបន់ 12 ម៉ាយ (ជាង 22 គីឡូម៉ែត្រ) គិតពីឆ្នេរសមុទ្រតៃវ៉ាន់។
យោងតាមលោក Chiu PLA អាចនឹង «សម្រុកចូលភ្លាមៗ» មកកាន់តំបន់ក្បែរកោះតៃវ៉ាន់ ក្នុងគ្រាដែលកោះនេះកំពុងផ្លាស់ដូរផ្នែកយោធាជាមួយសហរដ្ឋអាម៉េរិក។ លោកបញ្ជាក់ថា «រឿងនេះអាចកើតឡើងក្នុងឆ្នាំនេះ មានន័យថា ពួកគេកំពុងត្រៀមខ្លួន។ ពួកគេនឹងប្រើប្រាស់កម្លាំងបាយ បើសិនពិតជាត្រូវធ្វើដូច្នេះ»។
អាជ្ញាធរតៃវ៉ាន់ធ្លាប់បានប្រកាសថា នឹងប្រើប្រាស់សិទ្ធិការពារខ្លួន និងវាយបក បើសិនកងទ័ពចិនដីគោកសម្រុកចូលតំបន់ 12 ម៉ាយនៅជុំវិញកោះ។
ប្រទេសចិន ថ្មីៗនេះបានបង្កើនសកម្មភាពយោធានៅជុំវិញកោះតៃវ៉ាន់។ ប៉ុន្តែ ទីក្រុងតៃប៉ិមិនទាន់រកឃើញថាចិនបានចូលតំបន់ 24 ម៉ាយនៅឡើយ។
ប្រទេសចិនបានប្រកាសថា កោះតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួនដែលរង់ចាំតែការបង្រួបបង្រួម និងមិនបោះបង់លទ្ធភាពនៃការប្រើប្រាស់កម្លាំងបាយ។ ចំណែកកោះតៃវ៉ាន់វិញបានប្រកាសថា មានតែប្រជាជនរបស់ពួកគេប៉ុណ្ណោះទើបអាចសម្រេចជោគវាសនាអនាគតរបស់កោះនេះ៕