Skip to content

អាម៉េរិក​ផ្ដល់ជំនួយ​យោធា​​បន្ថែម 400 លាន​ដុល្លារ​ដល់​អ៊ុយ​ក្រែ​ន

ក្រសួងការបរទេស​អា​ម៉េ​រិ​ក ប្រកាស​អំពី​ខ្ទង់​ជំនួយ​យោធា​ថ្មី​តម្លៃ 400 លាន​ដុល្លារ ទៅឱ្យ​អ៊ុយ​ក្រែ​ន ក្នុងនោះ​មាន​ទាំង​យានយន្ត​សម្រាប់​កងវិស្វកម្ម រួម​នឹង​គ្រាប់រំសេវ​ជាច្រើន​ផ្សេងទៀត។

«កញ្ចប់​ជំនួយ​ផ្នែក​យោធា​នេះ​មាន​គ្រាប់​រ៉ុក្កែត HIMARS និង​គ្រាប់​សម្រាប់​កាំភ្លើង​ធំ​ដែល​ផ្គត់ផ្គង់​ដោយ​សហរដ្ឋ​អាម៉េរិក» ក្រសួងការបរទេស​អា​ម៉េ​រិ​ក កាលពី​ថ្ងៃទី 03 មីនា ប្រកាស​ដូច្នេះ។ ខ្ទង់​ជំនួយ​ថ្មី​ដែលមាន​តម្លៃ 400 លាន​ដុល្លារ​នេះ​ធ្វើឱ្យ​កញ្ចប់​ជំនួយ​យោធា​សរុប​របស់​អាម៉េរិក​ស​ម្រា​ប់​អ៊ុយ​ក្រែ​ន ឡើងដល់​ជាង 32 ពាន់​លាន​ដុល្លារ គិត​ចាប់ពី​សង្គ្រាម​បាន​ផ្ទុះឡើង។

កញ្ចប់​ជំនួយ​ខាងលើ​ក៏មាន​ទាំង​គ្រាប់ 25 មិល្លីម៉ែត្រ​សម្រាប់​រថពាសដែក M2 Bradley, ឧបករណ៍​ថែទាំ​យានយន្ត គ្រឿងបន្លាស់ និង​សម្ភារៈ​ជាច្រើន​ផ្សេងទៀត។ អាម៉េរិក​ក៏​ផ្ដល់​ជា​លើកដំបូង​នូវ M60 AVLB ដែល​ប្រព័ន្ធ​ស្ពាន​ចល័ត​សម្រាប់​រថក្រោះ និង​រថពាសដែក​ឆ្លងកាត់​ផងដែរ។

សហរដ្ឋ​អាម៉េរិក​ប្រកាស​កញ្ចប់​ជំនួយ​ថ្មី​នេះ​នៅក្នុង​គ្រា​ដែល​រុស្ស៊ី​កំពុង​បង្កើន​ការវាយប្រហារ​ទៅលើ​តំបន់​ដែល​គ្រប់គ្រង​ដោយ​អ៊ុយ​ក្រែ​ន ក្នុងនោះ​មាន​ទីក្រុង Bakhmut នៅក្នុង​ខេត្ត Donetsk ជាដើម។

បណ្ដា​ប្រទេស​ដែល​គាំទ្រ​អ៊ុយ​ក្រែ​ន កំពុង​បណ្ដុះបណ្ដាល​ទាហាន​របស់​ប្រទេស​នេះ​ឱ្យ​ចេះ​ប្រើ​អាវុធថ្មីៗដែល​ទីក្រុង​កៀវ​ទើបតែ​បានទទួល។ កងទ័ព​អាម៉េរិក កាលពី​ថ្ងៃទី 02 មីនា បានប្រកាស​បើក​វគ្គ​បណ្ដុះបណ្ដាល​ដល់​ទាហាន​អ៊ុយ​ក្រែ​ន​នៅ​មូលដ្ឋាន Wiesbaden ប្រទេស​អាល្លឺម៉ង់ ដើម្បី​ជួយ​ឱ្យ​ពួកគេ​រៀប​ផែនការ​ទប់ទល់​នឹង​ក​ង​កម្លាំង​រុស្ស៊ី៕

Leave a Reply

Your email address will not be published. Required fields are marked *