ផ្កាយដុះកន្ទុយធំមួយដែលមានវដ្ដនៃគន្លងគោចរឡើងដល់ 30,000 ឆ្នាំ កំពុងហោះសំដៅមកកាន់ប្រព័ន្ធព្រះអាទិត្យ ហើយអាចមកក្បែរបំផុតនៅក្នុងខែកញ្ញា 2024។
ដុំថ្មអវកាសនេះត្រូវបានគេរកឃើញជាលើកដំបូងកាលពីថ្ងៃទី 09 មករា 2023 ដោយស្ថានីយសង្កេតតារារបស់បណ្ឌិត្យសភាវិទ្យាសាស្ត្រចិន ប៉ុន្តែ មកដល់ថ្ងៃទី 01 មីនា 2023 ទើបមជ្ឈមណ្ឌលអាចម៍ផ្កាយនៃសមគមតារាសាស្ត្រអន្តរជាតិ (MPC) បញ្ជាក់ថា វាគឺជាផ្កាយដុះកន្ទុយ និងត្រូវបានដាក់ឈ្មោះឱ្យថា C/2023 A3 (Tsuchinshan-ATLAS)។
បច្ចុប្បន្ន C/2023 A3 ស្ថិតនៅចម្ងាយ 7.3 AU (1,090 ពាន់លានគីឡូម៉ែត្រ) ពីព្រះអាទិត្យ ឆ្ងាយជាងពិភពព្រហស្បតិ៍ទៅទៀត។ ក៏ប៉ុន្តែ វាកំពុងហោះឆ្ពោះមកកាន់ព្រះអាទិត្យ ហើយកម្រិតពន្លឺរបស់វានឹងកើនឡើងយ៉ាងឆាប់រហ័សនាពេលខាងមុខ។
យោងតាមស្ថានីយសង្កេតតារារបស់ចិន ផ្កាយដុះកន្ទុយនេះនឹងហោះមកក្បែរព្រះអាទិត្យបំផុតនៅថ្ងៃទី 28 កញ្ញា 2024 ដែលពេលនោះវាមានចម្ងាយពីព្រះអាទិត្យប្រហែល 58 លានគីឡូម៉ែត្រ និងអាចមើលឃើញដោយភ្នែកទទេ។ មនុស្សលោកនឹងមានឱកាសបានទស្សនាការបញ្ចេញពន្លឺដ៏ស្រស់ស្អាតរបស់ផ្កាយដុះកន្ទុយនេះមិនខាន៕