ទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) បានលើកសំណើបង្កើតតំបន់សម្គាល់ពេលវេលាស្ដង់ដា ដើម្បីបង្កើនភាពស៊ីចង្វាក់គ្នា និងងាយស្រួលសម្រាប់បេសកកម្មអវកាសនាពេលអនាគត។
បេសកកម្មឡើងទៅកាន់ឋានព្រះចន្ទនៅជុំវិញពិភពលោកក្នុងទសវត្សរ៍ខាងមុខ មានរាប់សិបគម្រោង ដូច្នេះ ទីភ្នាក់ងារអវកាសអឺរ៉ុប បានលើកសំណើបង្កើតតំបន់សម្គាល់ពេលវេលាថ្មីនៅលើឋានព្រះចន្ទ ដើម្បីជួយឱ្យការផ្លាស់ប្ដូរព័ត៌មានមានភាពងាយស្រួលជាងបច្ចុប្បន្ន។ នេះបើតាម Smithsonian ចេញផ្សាយកាលពីថ្ងៃទី 28 កុម្ភៈ 2023។
បច្ចុប្បន្ន បេសកកម្មព្រះចន្ទប្រើប្រាស់តំបន់សម្គាល់ម៉ោងទៅតាមប្រទេសម្ចាស់បេសកកម្ម។ ក៏ប៉ុន្តែ វិធីនេះមិនមានភាពសុក្រឹត និងបណ្ដាលឱ្យយានអវកាសរបស់បណ្ដាប្រទេសខ្វះភាពស៊ីចង្វាក់គ្នា។ ESA បានប្រកាសអំពីសំណើនេះកាលពីថ្ងៃទី 27 កុម្ភៈ 2023 ប៉ុន្តែគំនិតនេះត្រូវបានលើកឡើងដំបូងក្នុងកិច្ចប្រជុំមួយនៅហូឡង់កាលពីចុងឆ្នាំ 2022។
ការបង្កើតតំបន់សម្គាល់ពេលវេលាដោយឡែកនៅលើឋានព្រះចន្ទ មិនត្រឹមតែជួយឱ្យមានភាពងាយស្រួលក្នុងការផ្លាស់ប្ដូរព័ត៌មាននោះទេ តែក៏នឹងជួយឱ្យអវកាសចរងាយស្រួលកំណត់ទិសផងដែរ។
ទោះជាយ៉ាងនេះក្ដី ក្រុមអ្នកជំនាញមិនទាន់កំណត់បានថា ម៉ោងនៅលើឋានព្រះចន្ទគួរគណនាបែបណានៅឡើយ។ លើឋានព្រះចន្ទ នាឡិកាដើរលឿនជាងលើផែនដី ដោយសារតែកម្លាំងទំនាញដែលអាចកាច់កោងពេលវេលា។ ជាក់ស្ដែង នាឡិកានៅលើឋានព្រះចន្ទនឹងកើនប្រហែល 56 មីក្រូវិនាទី ក្រោយរយៈពេល 24 ម៉ោង។ យោងតាម ESA កម្រិតនេះក៏ផ្លាស់ប្ដូរទៅតាមទីតាំងរបស់នាឡិកា៕