Skip to content

គ្រោះថ្នាក់​រថភ្លើង​បុក​គ្នា​នៅ​ប្រទេស​ក្រិ​ក​អាច​បណ្ដាលមកពី​កំហុស​របស់​មនុស្ស

នាយករដ្ឋមន្ត្រី​ក្រិ​ក Mitsotakis ថ្លែងថា «កំហុស​របស់​មនុស្ស» អាចជា​មូលហេតុ​ដែល​នាំ​ឱ្យមាន​ឧបទ្ទវហេតុ​រថភ្លើង​ពីរ​គ្រឿង​បុក​គ្នា​បណ្ដាលឱ្យ​មនុស្ស 38 នាក់​បាត់​បង់ជីវិត។

«ពិតជា​គួរឱ្យ​សោកស្ដាយ គ្រប់យ៉ាង​បង្ហាញថា សោកនាដកម្ម​ភាគច្រើន​គឺ​ដោយសារ​កំហុសឆ្គង​ដ៏​គ្រោះថ្នាក់​របស់​មនុស្ស» នាយករដ្ឋមន្ត្រី​ក្រិ​ក Kyriakos Mitsotakis ថ្លែង​លើ​កញ្ចក់​ទូរទស្សន៍​កាលពី​ថ្ងៃទី 01 មីនា។ លោក​បន្ថែមថា «នេះ​គឺជា​ករណី​គ្រោះថ្នាក់​រថភ្លើង​ដ៏​សាហាវ​មិន​ធ្លាប់​មានមុន​នេះ​នៅ​ប្រទេស​ក្រិ​ក ហើយ​វា​នឹង​ត្រូវបាន​ស៊ើបអង្កេត​យ៉ាង​ពេញលេញ»។

ទូរថភ្លើង​ចំនួន​ពីរ​ត្រូវ​ខូច​ខ្ទេចខ្ទី​គ្មាន​សល់ និង​ទូ​មួយ​ផ្សេងទៀត​ត្រូវ​ភ្លើង​ឆាបឆេះ នៅពេល​រថភ្លើង​ដឹក​អ្នកដំណើរ​បុក​ពេញ​ទំហឹង​ជាមួយ​នឹង​រថភ្លើង​ដឹកទំនិញ​នៅក្បែរ​ទីក្រុង Larissa ភាគ​ខាងកើត​ប្រទេស​ក្រិ​ក​កាលពី​ថ្ងៃទី 28 កុម្ភៈ 2023។ អាជ្ញាធរ​ក្រិ​ក​ឱ្យដឹងថា មនុស្ស 38 នាក់​បាន​ស្លាប់ និង 57 នាក់​កំពុង​ត្រូវបាន​ព្យាបាល​នៅ​មន្ទីរពេទ្យ ក្នុងនោះ​មាន 6 នាក់​ត្រូវ​សង្គ្រោះបន្ទាន់។ យោងតាម​ក្រុមមន្ត្រី​ក្រិ​ក ចំនួន​អ្នកស្លាប់​អាច​នឹង​កើនឡើង​បន្តទៀត ដោយសារ​មនុស្ស​មួយចំនួន​នៅតែ​បាត់​ខ្លួន។

ខ្សែ​រថភ្លើង​ដឹក​អ្នកដំណើរ​ជាង 350 នាក់​ ​បាន​ជួប​គ្រោះថ្នាក់​នៅពេល​កំពុងធ្វើដំណើ​រ​ពី​រដ្ឋធានី​អាថែន ទៅកាន់​ទីក្រុង Thessaloniki នៅ​ភាគ​ខាងជើង​ប្រទេស​ក្រិ​ក។

សហរដ្ឋ​អាម៉េរិក រុស្ស៊ី ចិន បារាំង អាល្លឺម៉ង់ អ៊ុយ​ក្រែ​ន ក៏ដូចជាបណ្ដា​ប្រទេស​នានា​ និង​​បណ្ដា​ប្រទេស​ក្បែរ​ខាង​ បាន​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ប្រជាជន​ក្រិ​ក បន្ទាប់ពី​សោកនាដកម្ម​បានកើត​ឡើង។ ក្រុមមន្ត្រី​ក្រិ​ក​ប្រកាស​កាន់ទុក្ខ 3 ថ្ងៃ​ដើម្បី​គោរព និង​រម្លឹក​ដល់​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ៕

Leave a Reply

Your email address will not be published. Required fields are marked *