គណៈកម្មការកិច្ចការបរទេសរបស់សភាជាន់ទាបអាម៉េរិក បានអនុម័តសេចក្ដីព្រាងច្បាប់ដែលអនុញ្ញាតឱ្យរដ្ឋាភិបាលរបស់លោក ចូ បៃដិន ហាមឃាត់ TikTok និងកម្មវិធីបច្ចេកវិទ្យានានាដែលគំរាមកំហែងដល់សន្តិសុខជាតិ។
កាលពីថ្ងៃទី 01 មីនា 2023 គណៈកម្មការកិច្ចការបរទេសរបស់សភាជាន់ទាបអាម៉េរិកបានបោះឆ្នោតអនុម័ត ដោយមានសន្លឹកឆ្នោតគាំទ្រចំនួន 24 សំឡេង និងប្រឆាំង 16 សំឡេង លើសេចក្ដីព្រាងច្បាប់ហាមឃាត់បណ្ដាញសង្គម TikTok របស់ក្រុមហ៊ុនចិន ByteDance ដែលបច្ចុប្បន្នមានអ្នកប្រើប្រាស់ជាង 100 លាននាក់នៅសហរដ្ឋអាម៉េរិក។
ដោយមានច្បាប់ថ្មីនេះ ប្រធានាធិបតីអាម៉េរិក លោក បៃដិន អាចហាមឃាត់ការរកស៊ីជាមួយនឹង TikTok ដែលនេះមានន័យថា បុគ្គលនានានៅសហរដ្ឋអាម៉េរិក នឹងមិនអាចចូលលេង ឬទាញយកកម្មវិធីនេះនៅលើទូរស័ព្ទ។ សេចក្ដីព្រាងច្បាប់នេះក៏ស្នើឱ្យម្ចាស់សេតវិមានហាមឃាត់រាល់ស្ថាប័នដែលអាចបញ្ជូនទិន្នន័យសំខាន់ៗរបស់បុគ្គលនានាទៅកាន់អង្គភាពដែលទទួលឥទ្ធិពលរបស់ប្រទេសចិនផងដែរ។
«TikTok គឺជាការគំរាមកំហែងដល់សន្តិសុខជាតិ…។ ដល់ពេលដែលត្រូវធ្វើសកម្មភាពហើយ» ប្រធានគណៈកម្មការកិច្ចការបរទេសរបស់សភាជាន់ទាបអាម៉េរិក Michael McCaul នៃបក្សសាធារណរដ្ឋ ថ្លែងដូច្នេះ។
ក្រុមតំណាងរាស្ត្ររបស់បក្សកាន់អំណាចយល់ថា នេះគឺជាសកម្មភាព «ប្រញាប់ប្រញាល់» និងត្រូវការពិភាក្សាលំអិតជាមួយក្រុមអ្នកជំនាញ។ ដើម្បីក្លាយជាច្បាប់ សេចក្ដីព្រាងច្បាប់នេះនឹងត្រូវការការអនុម័តពីសភាជាន់ទាប និងសភាជាន់ខ្ពស់ មុនពេលបញ្ជូនទៅកាន់លោក បៃដិន ដើម្បីចុះហត្ថលេខាចុងក្រោយ។
TikTok កំពុងប្រឈមនឹងការតាមដាន និងរឹតបន្តឹងកាន់តែខ្លាំងឡើងៗពីបណ្ដាប្រទេសលោកខាងលិចនៅក្នុងប៉ុន្មានខែចុងក្រោយនេះ ព្រោះតែមានការបារម្ភថា ទីក្រុងប៉េកាំងអាចប្រមូលយកទិន្នន័យអ្នកប្រើប្រាស់។
TikTok និងគណៈកម្មការវិនិយោគបរទេសនៅសហរដ្ឋអាម៉េរិក (CFIUS) បានចរចាជាមួយគ្នាអស់ជាងពីរឆ្នាំមកហើយ ទាក់ទងនឹងសំណើស្ដីពីការធានាសុវត្ថិភាពរបស់ទិន្នន័យ។ TikTok ឱ្យដឹងថា ខ្លួនបានចំណាយប្រាក់អស់ជាង 1.5 ពាន់លានដុល្លារសម្រាប់កិច្ចការធានាសុវត្ថិភាពទិន្នន័យ និងបានច្រានចោលការចោទប្រកាន់ពីអាជ្ញាធរអាម៉េរិក៕