រថភ្លើង​​ពីរ​គ្រឿង​បុកគ្នា​នៅ​ប្រទេស​ក្រិក សម្លាប់​មនុស្ស​យ៉ាង​តិច 36 នាក់​

រថភ្លើង​ដឹក​អ្នកដំណើរ​បាន​បុក​នឹង​រថភ្លើង​ដឹក​ទំនិញ​នៅ​ក្បែរ​ទីក្រុង Larissa ភាគ​ខាង​កើត​​​​ប្រទេស​ក្រិក បណ្ដាល​ឱ្យ​មនុស្ស​យ៉ាង​តិច 36 នាក់​បាត់បង់ជីវិត​ និង 85 នាក់​រង​របួស​។

ខ្សែ​រថភ្លើង​ដឹក​អ្នកដំណើរ 350 នាក់​ពី Athens ទៅកាន់​ទីក្រុង Thessaloniki ភាគ​ខាងជើង​ប្រទេស​ក្រិ​ក កាលពី​ព្រលប់​ថ្ងៃទី 28 កុម្ភៈ បាន​បុក​គ្នា​នឹង​រថភ្លើង​ដឹកទំនិញ នៅពេល​ទើប​ចេញ​ផុតពី​ផ្លូវ​រូង​ក្រោម​ដី​នៅ Larissa ភាគ​ខាង​កើត​​ប្រទេស​នេះ។

ការបុក​គ្នា​យ៉ាង​ពេញទំហឹង​នេះ​បណ្ដាលឱ្យ​ទូរថភ្លើង​មួយចំនួន​ត្រូវ​ខូចខាត​ទាំងស្រុង ក្នុងនោះ​មាន​ខ្លះ​ត្រូវ​ឆាបឆេះ ខណៈ​អ្នកដំណើរ​ត្រូវ​ជាប់​ខាងក្នុង។

បុគ្គលិក​ពន្លត់​អគ្គិភ័យ​ប្រហែល 150 នាក់ និង​រថយន្ត​សង្គ្រោះ​ប្រហែល 40 គ្រឿង​ត្រូវបាន​បញ្ជូន​ទៅកាន់​កន្លែង​កើតហេតុ។

បុគ្គលិក​សង្គ្រោះ​ម្នាក់​និយាយថា យ៉ាងហោចណាស់​មាន​មនុស្ស 36 នាក់​បាន​ស្លាប់ និង 85 នាក់​រងរបួស ក្នុងនោះ​មាន 66 នាក់​ត្រូវបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ។

បច្ចុប្បន្ន​មិនទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ ប៉ុន្តែ ប្រធាន​សមាគម​អ្នកបើកបរ​រថភ្លើង OSE លោក Kostas Genidounias និយាយថា រថភ្លើង​ទាំងពីរ​ខ្សែ​នេះ​ធ្វើដំណើរ​លើផ្លូវ​ដែក​តែមួយ និង​បុក​គ្នា​ដោយផ្ទាល់ ខណៈ​ក្រុមមន្ត្រី និង​ប៉ូលិស​កំពុងតែ​ស្រាវជ្រាវ​រក​មូលហេតុ​នៃ។

ប្រព័ន្ធ​ផ្លូវដែក​ដ៏​ចាស់​របស់​ក្រិ​ក​កំពុង​ត្រូវការ​ការជួសជុល​ឡើងវិញ។ កាលពី​ឆ្នាំ 1972 មាន​គ្រោះថ្នាក់​ស្រដៀង​គ្នា​នេះ​កើត​ឡើង​ម្ដង​រួច​ហើយ ដោយ​វា​បាន​សម្លាប់​មនុស្ស​ចំនួន 19 នាក់​ ​បន្ទាប់ពី​រថភ្លើង​ពីរ​ខ្សែ​បុក​គ្នា​នៅក្បែរ Larissa៕

Leave a Comment