FBI និយាយថា វីរុស​បង្ក​ជំងឺ​កូ​វីដ-19 អាច​លេច​ធ្លាយ​ចេញពី​បន្ទប់ពិសោធន៍​របស់​ចិន

ប្រធាន FBI យល់ថា កូ​វីដ-19 អាចមាន​ប្រភពពី​ករណី​បែកធ្លាយ​បន្ទប់ពិសោធន៍​នៅ​ទីក្រុង Wuhan ជាការ​ចោទប្រកាន់​ដែល​រដ្ឋាភិបាល​ចិន​ធ្លាប់បាន​ច្រានចោល​ជា​បន្តបន្ទាប់​នាពេល​កន្លង។

«ការិយាល័យ​ស៊ើបអង្កេត​សហរដ្ឋអាមេរិក (FBI) តាំងពី​យូរ​មកហើយ​បាន​វាយតម្លៃ​លើ​ប្រភព​របស់​កូ​វីដ-19 ថា អាច​បណ្ដាលមកពី​បញ្ហា​នៅក្នុង​បន្ទប់ពិសោធន៍​នៅ​ទីក្រុង Wuhan» ប្រធាន FBI លោក Christopher Wray និយាយ​ដូច្នេះ​នៅក្នុង​កិច្ច​សម្ភាស​ដែល​ត្រូវបាន​ផ្សាយ​កាលពី​ថ្ងៃទី 28 កុម្ភៈ 2023។ «នៅទីនេះ​យើង​កំពុងនិយាយ​ពី​ករណី​បែកធ្លាយ​មិនទាន់​ឃើញច្បាស់​នៅ​បន្ទប់ពិសោធន៍​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ចិន»។

លោក Wray ក៏បាន​ចោទ​រដ្ឋាភិបាល​ចិន​ថា​បាន​ព្យាយាម «រារាំង និង​ធ្វើឱ្យមាន​ភាពច្របូកច្របល់» ចំពោះ​ការស៊ើបអង្កេត​របស់ FBI រួមទាំង​ស្ថាប័ន​រដ្ឋាភិបាល​អាម៉េរិក និង​ដៃគូ​សហការ​បរទេស លើ​ប្រភព​របស់​កូ​វីដ-19។

ទាក់ទិន​នឹង​ការអះអាង​របស់​ប្រធាន FBI ភាគី​រដ្ឋាភិបាល​ចិន​មិនទាន់​បញ្ចេញ​ប្រតិកម្ម​អ្វី​នៅឡើយ។

នៅក្នុង​របាយការណ៍​មួយ​ដែល​ត្រូវបាន​បញ្ជូន​ឡើងទៅ​កាន់​សេត​វិមាន និង​សមាជិកសភា​កាលពីពេលថ្មីៗនេះ ក្រសួង​ថាមពល​អាម៉េរិក ដែលជា​អ្នកគ្រប់គ្រង​មូលដ្ឋាន​ស្រាវជ្រាវ​ផ្នែក​ជីវសាស្ត្រ​នានា យល់ថា វីរុស nCoV អាច​ធ្លាយ​ចេញពី​បន្ទប់ពិសោធន៍ ប៉ុន្តែ​មិន​ទាក់ទង​នឹង​កម្មវិធី​អាវុធ។

ការវាយតម្លៃ​របស់ FBI និង​ក្រសួង​ថាមពល ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​របាយការណ៍​សម្ងាត់ ហើយ​ត្រូវបាន​បញ្ជូន​ឡើងទៅ​កាន់​សេត​វិមាន និង​សមាជិកសភា​កាលពីដើម​ឆ្នាំនេះ។ ស្ថាប័ន​ស៊ើបការណ៍​សម្ងាត់​ចំនួន 4 ផ្សេងទៀត រួម​នឹង​ក្រុម​ប្រឹក្សាជាតិ​ស៊ើបការណ៍​សម្ងាត់​របស់​ស​ហ​រដ្ឋ​អាម៉េរិក នៅតែ​គាំទ្រ​សម្មតិកម្ម​ដែលថា វីរុស​ឆ្លង​ពី​សត្វ​មក​មនុស្ស បើទោះជា​មាន «ការជឿជាក់​ក្នុង​កម្រិត​ទាប»។

ចំណែក​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាម៉េរិក (CIA) វិញ មិនទាន់​វាយតម្លៃ​ចុងក្រោយ​អំពី​ប្រភព​របស់​កូ​វីដ-19 ប៉ុន្តែ​យល់ថា nCoV មិនមែនជា​ផ្នែក​មួយ​ក្នុង​កម្មវិធី​អាវុធ​ជីវសាស្ត្រ​របស់​ប្រទេស​ចិន។

ក្រុមមន្ត្រី​ចិន​កន្លងមកនេះ​នៅតែ​ច្រានចោល​ការសន្និដ្ឋាន​ដែលថា កូ​វីដ-19 អាច​ធ្លាយ​ចេញពី​បន្ទប់ពិសោធន៍​របស់​ពួកគេ។ ក្រសួងការបរទេស​ចិន កាលពី​ថ្ងៃទី 27 កុម្ភៈ 2023 ក៏បាន​ទាត់ចោល​ការអះអាង​រប​ស់​ក្រសួង​ថាមពល​អាម៉េរិក និង​បាន​ស្នើឱ្យ​ទីក្រុង​វ៉ា​ស៊ី​ង​តោន «បញ្ឈប់​ការ​មួលបង្កាច់» និង «ការធ្វើ​ន​យោ​បា​យូ​ប​នីយកម្ម​លើ​ប្រភព​កូ​វីដ-19»៕

Leave a Comment