Skip to content

មេដឹកនាំ​គាំទ្រ​រុស្ស៊ី​បំផុត​នៅ EU បារម្ភ​ពី​លទ្ធភាព​ដែល​អឺរ៉ុប​បញ្ជូន​ទ័ព​ទៅកាន់​អ៊ុយ​ក្រែ​ន

នាយករដ្ឋមន្ត្រី Orban ឱ្យដឹងថា ហុង​គ្រី​ប្ដេជ្ញា​ដោះស្រាយ​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​ដោយ​សន្តិវិធី និង​សម្ដែង​ការព្រួយបារម្ភ​ចំពោះ​ប្រទេស​មួយចំនួន​នៅក្នុង​សហភាព​អឺរ៉ុប ដែល​អាច​នឹង​បញ្ជូន​ទ័ព​ទៅកាន់​សមរភូមិ។

«អឺរ៉ុប​ទាំងមូល​កំពុង​ធ្លាក់​ជាបណ្ដើរៗទៅក្នុង​សង្គ្រាម នៅពេល​បណ្ដាល​ប្រទេស​របស់​សហភាព​អឺរ៉ុប (EU) កំពុង​បញ្ជូន​រថក្រោះ និង​ពិនិត្យ​លទ្ធភាព​ផ្គត់ផ្គង់​យន្តហោះ​ចម្បាំង​ទៅឱ្យ​អ៊ុយ​ក្រែ​ន» នាយករដ្ឋមន្ត្រី​ហុង​គ្រី Viktor Orban ថ្លែង​នៅ​ចំពោះមុខ​សភា​កាលពី​ថ្ងៃទី 27 កុម្ភៈ​ដូច្នេះ។ លោក​បន្តថា បើសិន​ស្ថានការណ៍​នៅតែ​បន្ត​វិ​វត្ត​បែបនេះ នឹងមាន​ប្រទេស​ខ្លះ​ចង់​បញ្ជូន​ទ័ព​ទៅកាន់​អ៊ុយ​ក្រែ​ន។

លោក Orban អះអាងថា រដ្ឋាភិបាល​របស់​លោក​ប្ដេជ្ញាចិត្ត​ដោះស្រាយ​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​ដោយ​សន្តិវិធី និង​អំពាវនាវ​ដល់​សមាជិក​សភា ចូលរួម​គាំទ្រ​និន្នាការ​នេះ។

«ពួកគេ​ចង់​អូស​ពួកយើង​ទៅក្នុង​សង្គ្រាម​នេះ…។ យើង​ត្រូវការ​បទបញ្ជា​ឈប់​បាញ់ និង​ការចរចា​រក​សន្តិភាព។ នេះ​គឺជា​មូលហេតុ​ដែល​ហុង​គ្រី​ប្ដេជ្ញា​អំពាវនាវ​រក​សន្តិភាព​នៅលើ​ឆាក​អន្តរជាតិ» លោក Orban បន្ថែម​ដូច្នេះ។

លោក Orban ចង់ឱ្យ​ហុង​គ្រី​ឈរ​នៅក្រៅ​សង្គ្រាម និង​មិន​ផ្ដល់​អាវុធ​ឱ្យ​អ៊ុយ​ក្រែ​ន ហើយ​លោក​ក៏​សម្ដែង​ការគាំទ្រ​ចំពោះ​ផែនការ​សន្តិភាព​សម្រាប់​អ៊ុយ​ក្រែ​ន​ដែល​ស្នើឡើង​ដោយ​ប្រទេស​ចិន។

កាលពី​ថ្ងៃទី 24 កុម្ភៈ ប្រទេស​ចិន​បានប្រកាស​ឯកសារ 12 ចំណុច​ស្ដីពី​សង្គ្រាម​រវាង​រុស្ស៊ី-អ៊ុយ​ក្រែ​ន ក្នុងនោះ​ក៏បាន​អំពាវនាវ​ដល់​ភាគី​ជម្លោះ​ចូល​តុ​ចរចា​ឡើងវិញ។ រុស្ស៊ី​បាន​សាទរ​ចំពោះ​សំណើ​នេះ ខណៈដែល​អាម៉េរិក​យល់ថា ចិន​មិនមាន​អ​ព្យា​ក្រឹ​ត​ភាព​គ្រប់គ្រាន់​ក្នុងការ​ធ្វើជា​អ្នក​ផ្សះផ្សា។

លោក Orban ត្រូវបាន​គេ​មើលឃើញថា​ជា​មេដឹកនាំ​ដែល​គាំទ្រ​រុស្ស៊ី​បំផុត​នៅក្នុង​ចំណោម​ប្រទេស​ចំនួន 27 ដែលជា​សមាជិក​របស់ EU។ កន្លងមក លោក Orban ធ្លាប់បាន​ប្រកាសថា សហភាព​អឺរ៉ុប​នឹង​បំផ្លាញ​ខ្លួនឯង​ព្រោះតែ​ការដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី៕

Leave a Reply

Your email address will not be published. Required fields are marked *