សិង្ហ​បុរី​នឹងមាន​នាវាមុជទឹក​ទំនើប​ បំបាំងកាយ​ នៅ​ចុងឆ្នាំ 2023

ក្រសួងការពារជាតិ​សិង្ហ​បុរី ឱ្យដឹងថា នៅ​ចុង​ទសវត្សរ៍​នេះ នាវាមុជទឹក​ទាំង 4 គ្រឿង​ដែល​ខ្លួន​បាន​បញ្ជា​ទិញ​ពី​អាល្លឺម៉ង់ នឹងធ្វើ​សកម្មភាព​ក្នុង​តំបន់​សមុទ្រ​របស់​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ។

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​សិង្ហ​បុរី លោក Ng Eng Hen បានឱ្យដឹងថា ចាប់ពីពេលនេះ​ដល់​ចុងឆ្នាំ 2023 ទ័ពជើងទឹក​សិង្ហ​បុរី (RSN) នឹង​ទទួលបាន​នាវាមុជទឹក​ដំបូង​ក្នុងចំណោម​នាវា​ថ្មី​ដែល​ត្រូវ​បានដាក់​បណ្ដែត​ទឹក​នៅ​ទីក្រុង Kiel (អាល្លឺម៉ង់) កាលពីពេលថ្មីៗនេះ។

ក្នុង​ប្រកា​សកាល​មួយ​ដែល​ត្រូវបាន​ចុះផ្សាយ​លើ​គេហទំព័រ​របស់​ក្រសួងការពារជាតិ លោក Ng Eng Hen ឱ្យដឹងថា «ចំពោះ​ទ័ពជើងទឹក យើង​បានដាក់​បណ្ដែត​ទឹក​នាវាមុជទឹក Invincible ទី​ពីរ និង​ទី​បី​កាលពី​ប៉ុន្មាន​ខែ​មុន​នៅ Kiel។ ចុងឆ្នាំ​នេះ យើង​រំពឹងថា នាវាមុជទឹក​ដំបូង​នឹង​មកកាន់​មូលដ្ឋាន។ នៅ​ចុង​ទសវត្សរ៍​នេះ នាវាមុជទឹក​ទាំង 4 គ្រឿង​ដែល​បាន​បញ្ជា​ទិញ​ពី​អាល្លឺម៉ង់ នឹងធ្វើ​សកម្មភាព​ក្នុង​តំបន់​សមុទ្រ​របស់​ប្រទេស​សិង្ហ​បុរី»។

យោងតាម​លោក Ng Eng Hen នាវាមុជទឹក​ប៉ុន្មាន​គ្រឿង​ខាងលើ​ត្រូវបាន​បំពាក់​មុខងារ​មួយចំនួន​ដែល​ជួយ​ឱ្យ​ពួកវា​បំបាំងកាយ​បានល្អ រហ័សរហួន និង​មុជទឹក​បានយូរ​ជាង​មុន។

កាលពី​ចុងឆ្នាំ 2022 សិង្ហ​បុរី​បានដាក់​បណ្ដែត​ទឹក​នាវាមុជទឹក​ចំនួន 2 គ្រឿង​នៅ Kiel។ នាវា​ទាំងនេះ​គឺជា​ប្រភេទ​អគ្គិសនី-ម៉ា​ស៊ូ​ត ថ្នាក់ 218SG និង​មាន​ឈ្មោះថា RSN Impeccable និង RSN Illustrious។

កិច្ចសន្យា​ទិញដូរ​រវាង​អាល្លឺម៉ង់ និង​សិង្ហ​បុរី រួមមាន​នាវាមុជទឹក​ចំនួន 4 គ្រឿង​ដែល​អាចធ្វើ​សកម្មភាព​បាន​យ៉ាង​សមស្រប​នៅ​តំបន់​សមុទ្រ​របស់​សិង្ហ​បុរី។ ក្រុមហ៊ុន​ឧ​ស្សហកម្ម​អាល្លឺម៉ង់ ThyssenKrupp Marine Systems (tkMS) គឺជា​អ្នកទទួលខុសត្រូវ​ក្នុងការ​សាងសង់​នាវាមុជទឹក​នៅក្នុង​កិច្ចសន្យា​ជាមួយ​សិង្ហ​បុរី៕

Leave a Comment