ប្រធានាធិបតី ហ្សេឡែនស្គី បានឱ្យដឹងថា អ៊ុយក្រែនកំពុងត្រៀមអាវុធ បង្កើតកងពលតូចមួយចំនួនដើម្បីរំដោះគ្រីមៀ ជាឧបទ្វីបដែលត្រូវបានរុស្ស៊ីរឹបអូសកាលពីឆ្នាំ 2014។
«យើងកំពុងត្រៀមសម្រាប់ជំហាននានាក្នុងផ្នែកកងទ័ព ក៏ដូចជាបានត្រៀមស្មារតីរួចហើយ។ អំពីបច្ចេកទេស យើងកំពុងត្រៀមអាវុធ ស្ដារកម្លាំងទ័ព បង្កើតកងពលតូចវាយប្រហារសម្រាប់គោលដៅផ្សេងៗគ្នា» ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡែនស្គី ថ្លែងនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី 24 កុម្ភៈ 2023 នៅពេលត្រូវបានសួរអំពី «ការរំដោះគ្រីមៀក្នុងឆ្នាំនេះ»។
លោកក៏បានឱ្យដឹងថា អ៊ុយក្រែនបានបញ្ជូនទាហានទៅចូលរួមវគ្គបណ្ដុះបណ្ដាលនៅបរទេស។ លោកបន្តថា «ក្រោយមកនឹងមានជំហានសមស្របដើម្បីដណ្ដើមទឹកដីមកវិញ»។
ប្រធានាធិបតីអ៊ុយក្រែនមិនបាននិយាយច្បាស់អំពីជំហាននីមួយៗ ក៏ដូចជាពេលវេលានៃការបើកយុទ្ធនាការរំដោះគ្រីមៀនោះទេ។ លោកថា «បើសិនគ្រាន់តែសម្ដែងពីអារម្មណ៍ ការចង់បាន និងសម្ដី គឺមិនគ្រប់គ្រាន់ យើងត្រូវតែធ្វើសកម្មភាព។ គ្រប់យ៉ាងស្ថិតនៅលើយើង»។
លោក ហ្សេឡែនស្គី ថ្លែងថា បើសិនមិនមានអាវុធគ្រប់គ្រាន់ អ៊ុយក្រែនអាចនឹងចាញ់ ប៉ុន្តែសាមគ្គីភាពនៅតែជា «កត្តាសំខាន់បំផុតដើម្បីដណ្ដើមបានជ័យជម្នះ»។
រុស្ស៊ីបានដាក់បញ្ចូលឧបទ្វីបគ្រីមៀរបស់អ៊ុយក្រែន ទៅក្នុងទឹកដីខ្លួនកាលពីឆ្នាំ 2014។ រុស្ស៊ីបាននិយាយថា លទ្ធផលនៃការធ្វើប្រជាមតិបង្ហាញថា ពលរដ្ឋស្ទើរតែទាំងអស់នៅគ្រីមៀ មានបំណងក្លាយជាផ្នែកមួយរបស់រុស្ស៊ី ប៉ុន្តែ អ៊ុយក្រែន និងបណ្ដាប្រទេសបស្ចិមលោកចាត់ទុកថា នេះគឺជាទង្វើខុសច្បាប់៕