មន្ត្រីសហរដ្ឋអាម៉េរិកបានឱ្យដឹងថា ចិនកំពុងពិចារណាលើការបញ្ជូនកាំភ្លើងធំ និងយន្តហោះគ្មានមនុស្សបើក (UAV) ទៅឱ្យរុស្ស៊ី បើទោះជាបានអំពាវនាវឱ្យមានដំណោះស្រាយសន្តិវិធីសម្រាប់អ៊ុយក្រែន នេះបើតាម Wall Street Journal (WSJ)។
សារព័ត៌មាន WSJ កាលពីថ្ងៃទី 24 កុម្ភៈ បានដកស្រង់សម្ដីរបស់មន្ត្រីអាម៉េរិកសុំមិនបញ្ចេញឈ្មោះ ឱ្យដឹងថា បើចិនសម្រេចចិត្តផ្គត់ផ្គង់អាវុធទៅឱ្យរុស្ស៊ី ក្នុងចំណោមអាវុធទាំងនោះនឹងមានទាំងកាំភ្លើងធំ និងយន្តហោះ UAV ដើម្បីជួយដល់ទីក្រុងមូស្គូ ទប់ស្កាត់ការវាយបករបស់ទីក្រុងកៀវ ដែលគ្រោងនឹងធ្វើឡើងនៅរដូវក្ដៅនេះ។
មន្ត្រីអាម៉េរិកខាងលើនិយាយថា ប្រទេសចិន បច្ចុប្បន្នមិនទាន់មានការបញ្ជូនអាវុធទៅឱ្យរុស្ស៊ីនៅឡើយ ប៉ុន្តែបើសិនទីក្រុងប៉េកាំងផ្ដល់អាវុធទៅឱ្យមូស្គូ នោះអាចរុញច្រានទំនាក់ទំនងរវាងចិន និងលោកខាងលិចកាន់តែតានតឹងថែមមួយកម្រិតទៀត និងក្នុងរយៈពេលច្រើនឆ្នាំ ក៏ដូចជាធ្វើឱ្យសង្គ្រាមនៅអ៊ុយក្រែនរងផលវិបាកធ្ងន់ធ្ងរកាន់តែខ្លាំង។
ទាក់ទងនឹងការអះអាងរបស់មន្ត្រីអាម៉េរិកដែលត្រូវបានសារព័ត៌មាន WSJ លើកឡើងខាងលើ ទីក្រុងប៉េកាំង និងទីក្រុងមូស្គូមិនទាន់បញ្ចេញប្រតិកម្មអ្វីនៅឡើយ។