ករណីបាក់អណ្ដូងរ៉ែនៅម៉ុងហ្គោលីខាងក្នុង (Inner Mongolia) របស់ប្រទេសចិន បានបណ្ដាលឱ្យមានមនុស្សស្លាប់យ៉ាងតិច 6 នាក់ ខណៈ 6 នាក់ទៀតរងរបួស និង 47 នាក់បានបាត់ខ្លួន។
អណ្ដូងរ៉ែនៅតំបន់ Alxa ជាទឹកដីស្វយ័តម៉ុងហ្គោលីខាងក្នុង បានបាក់ស្រុតកាលពីល្ងាចថ្ងៃទី 22 កុម្ភៈ 2023។ វីដេអូដែលត្រូវបានផ្សាយដោយសារព័ត៌មានក្នុងស្រុកបង្ហាញថា ជញ្ជាំងដី និងថ្មដ៏ធំមួយបាក់ស្រុតចុះតាមជម្រាល ជាទីដែលយានយន្តទាញយករ៉ែកំពុងផ្លាស់ទី។
ក្រុមមន្ត្រីក្នុងតំបន់ កាលពីថ្ងៃទី 23 កុម្ភៈបានប្រកាសថា បានរកឃើញសាកសពជនរងគ្រោះចំនួន 6 នាក់ និងអ្នករងរបួសចំនួន 6 នាក់បន្ទាប់ពីមានហេតុការណ៍បាក់អណ្ដូងរ៉ែ។ បុគ្គលិកសង្គ្រោះប្រហែល 1,600 នាក់កំពុងស្វែងរកអ្នកដែលកំពុងបាត់ខ្លួន។
មូលហេតុនៃការបាក់អណ្ដូងរ៉ែនេះត្រូវបានគេជឿថា អាចបណ្ដាលមកពីកង្វះនៃការបណ្ដុះបណ្ដាលស្ដីពីសុវត្ថិភាពក្នុងការដ្ឋាន។ ក្រុមហ៊ុនគ្រប់គ្រងអណ្ដូងរ៉ែខាងលើ កាលពីឆ្នាំកន្លងក៏ត្រូវបានអាជ្ញាធរចិនពិន័យជាច្រើនករណី ក្នុងនោះមានទាំងបញ្ហាគ្រប់គ្រងផ្លូវគ្រោះថ្នាក់ ឃ្លាំងផ្ទុកវត្ថុធាតុងាយបង្កគ្រោះថ្នាក់ ការមិនធានា និងខ្វះការបណ្ដុះបណ្ដាលអំពីសុវត្ថិភាពការងារជាដើម។
តំបន់ស្វយ័តម៉ុងហ្គោលីខាងក្នុងគឺជាដែនដីរុករករ៉ែសំខាន់ ក្នុងនោះមានធ្យូងថ្ម ដីកម្រ និងរ៉ែផ្សេងៗជាច្រើនទៀតរបស់ប្រទេសចិន។ ប្រទេសនេះកំពុងតែប្រឹងប្រែងដើម្បីកាត់បន្ថយចំនួនករណីគ្រោះថ្នាក់ស្លាប់មនុស្សនៅតាមការដ្ឋានអណ្ដូងរ៉ែ ដោយការយកចិត្តទុកដាក់ទៅលើការធានាសុវត្ថិភាពការងារ ក៏ដូចជាបញ្ឈប់ ឬផ្អាកសកម្មភាពរបស់បណ្ដាអណ្ដូងរ៉ែដែលមានទំហំតូច និងខ្វះឧបករណ៍ចាំបាច់៕