Skip to content

រកឃើញ​ «កូន​ព្រះ​ចន្ទ​» មួយ​ដួង​ដែល​អាច​ហោះ​មក​បុក​នឹង​ផែនដីនា​ពេល​ខាងមុខ

កូន​ព្រះ​ចន្ទ​មាន​ទទឹង​ពី 5 ទៅ 10 ម៉ែត្រ ឈ្មោះ 2022 NX 1 ដែល​ធ្លាប់​ត្រូវបាន​ផែនដី​ស្រូប​ទាញ​ជាច្រើនលើក ប្រហែលជា​អាច​ហោះ​មក​បុក​នឹង​ផែនដី​ក្នុង​រង្វង់​ពី​ឆ្នាំ 2070 – 2122។

តារាវិទូ «ក្រៅ​ប្រព័ន្ធ» ពីររូប គឺ Grzegorz Duszanowicz និង Jordi Camarasa កាលពី​ឆ្នាំ​កន្លង​បាន​រកឃើញ​វត្ថុ​អវកាស​មួយ​ដែល​គោចរ​ជុំវិញ​ផែនដី ប៉ុន្តែ​ហោះ​មិនបាន​មួយ​ជុំ​នៃ​គន្លង​តារាវិថី។ វត្ថុ​អវកាស​ចម្លែក​នេះ​ត្រូវបាន​គេ​ហៅថា 2022 NX 1។ ពេលនោះ ពួកគេ​យល់ថា នេះ​អាចជា​អាចម៍ផ្កាយ​ដែល​ត្រូវបាន​កម្លាំង​ទំនាញផែនដី​ស្រូប​ទាញ​ជា​បណ្ដោះអាសន្ន ប៉ុន្តែ​វា​ក៏​អាច​គ្រាន់តែ​ជា​បំណែក​រ៉ុក្កែត។

ទំព័រ IFL Science កាលពី​ថ្ងៃទី 21 កុម្ភៈ 2023 បានឱ្យដឹងថា លទ្ធផល​នៃ​ការស្រាវជ្រាវ​មួយ​ដែល​បាន​ផ្សាយ​លើ​ទស្សនាវដ្ដី Astronomy and Astrophysics បញ្ជាក់ថា 2022 NX 1 គឺជា​កូន​ព្រះ​ចន្ទ ហើយ​វា​អាច​ហោះ​មក​បុក​នឹង​ផែនដី​នៅ​ចុង​សតវត្សរ៍​នេះ។ ការសិក្សា​ស្រាវជ្រាវ​ថ្មី​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​អ្នកជំនាញ R. de la Fuenta Marcos មកពី​សាកលវិទ្យាល័យ Complutense Madrid និង​​សហការី។

ក្រៅពី​ព្រះ​ចន្ទ​សព្វថ្ងៃ ផែនដី ពេលខ្លះ​ក៏ស្រូប​ទាញ​វត្ថុ​អវកាស​ដទៃ ដែល​នេះ​ត្រូវបាន​ហៅថា កូន​ព្រះ​ចន្ទ ដោយ​ពួកវា​គោចរ​ចូលដល់​តំបន់​ទំនាញ​របស់​ផែនដី ហើយ​ស្ថិតនៅ​មួយរយៈ​ពេល​ខ្លី មុននឹង​ចាក​ផុតពី​ដែន​ទំនាញ។

2022 NX 1 ត្រូវបាន​រកឃើញ​កាលពី​ថ្ងៃទី 02 កក្កដា 2022 ដោយ​ស្ថានីយ​សង្កេត​តារា Moonbase South នៅ​ណាំ​មី​ប៊ី។ យោងតាម​ការ​គណនា វត្ថុ​អវកាស​នេះ​ហោះ​មក​ក្បែរ​ផែនដី​បំផុត​នៅ​ថ្ងៃទី 26 កក្កដា 2022។ ក្រុម​អ្នកជំនាញ​ជឿថា លទ្ធភាព​ដែល 2022 NX 1 ប៉ះទង្គិច​ជាមួយ​ផែនដី​គឺ 1.2% នៅ​ក្នុង​ចន្លោះ​​ពី​ឆ្នាំ 2070 ដល់ 2122។

ដោយមាន​អង្កត់ផ្ចិត​ពី 5 ទៅ 10 ម៉ែត្រ កូន​ព្រះ​ចន្ទ​នេះ​នឹងមិន​បង្ក​មហន្តរាយ​ធ្ងន់ធ្ងរ​ទ្រង់ទ្រាយ​ធំដល់​ផែនដី​ ប៉ុន្តែ​អាច​នាំឱ្យមាន​ហេតុការណ៍​ដូច​ទៅនឹង Chelyabinsk។ ព្រឹត្តិការណ៍ Chelyabinsk បាន​កើតឡើង​កាលពី​ថ្ងៃទី 15 កុម្ភៈ 2013 នៅពេល​អាចម៍ផ្កាយ​មួយ​ដុំ​ដែលមាន​ទទឹង​ប្រហែល 18 ម៉ែត្រ បាន​ផ្ទុះ​នៅលើ​អាកាស​នៃ​តំបន់ Chelyabinsk របស់​ប្រទេស​រុស្ស៊ី។ រលក​​ខ្យល់​កញ្ឆក់​ដែល​កើត​ពី​ការផ្ទុះ​នេះ​បាន​បំបែក​កញ្ចក់​បង្អួច​នៅក្នុង​ទីក្រុង​ចំនួន 6 និង​បណ្ដាលឱ្យ​មនុស្ស​ប្រហែល 1,500 នាក់​ត្រូវ​ចូល​ពេទ្យ៕

Leave a Reply

Your email address will not be published. Required fields are marked *