មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តសេចក្ដីសម្រេចចិត្តអំពាវនាវដល់រុស្ស៊ី ឱ្យដកកងទ័ពចេញពីអ៊ុយក្រែន ធានាសន្តិភាពស្មើភាពគ្នា និងយូរអង្វែងដល់ទីក្រុងកៀវ។
កាលពីថ្ងៃទី 23 កុម្ភៈ 2023 មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពីការអំពាវនាវឱ្យបញ្ចប់សង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន នៅក្នុងគ្រាដែលជម្លោះប្រដាប់អាវុធនេះបានអូសបន្លាយពេលពេញមួយឆ្នាំ។ សេចក្ដីសម្រេចដែលមិនមានលក្ខណៈចាប់បង្ខំនេះ ទទួលបានសន្លឹកឆ្នោតគាំទ្រចំនួន 141 សំឡេង នៅក្នុងចំណោមសមាជិក 193 ប្រទេសដែលបានចូលរួម។ ប្រទេសចំនួន 6 បានបោះឆ្នោតប្រឆាំង និង 32 ប្រទេសបោះឆ្នោតអនុបវាទ ក្នុងនោះមានចិន និងឥណ្ឌាផងដែរ។
សេចក្ដីសម្រេចចិត្តថ្មីនេះបានអះអាង និងគាំទ្រលើបូរណភាព និងអធិបតេយ្យភាពទឹកដីរបស់អ៊ុយក្រែន ហើយមិនទទួលស្គាល់រាល់ដែនដីដែលរុស្ស៊ីទើបតែបានរឹបអូស។
មហាសន្និបាតអង្គការសហប្រជាជាតិក៏អំពាវនាវឱ្យកសាងសន្តិភាពពេញលេញ យុត្តិធម៌ និងយូរអង្វែង» នៅអ៊ុយក្រែន។ មហាសន្និបាតក៏បានស្នើឱ្យរុស្ស៊ីដកទ័ពទាំងស្រុង និងដោយគ្មានលក្ខខណ្ឌ ចេញពីទឹកដីអ៊ុយក្រែន ដោយគិតទៅតាមព្រំដែនដែលត្រូវបានអន្តរជាតិទទួលស្គាល់ និងបញ្ចប់រាល់សកម្មភាពអរិភាព។
ក្រោយការសម្រេចរបស់មហាសន្និបាត ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡែនស្គី បានកោតសរសើរដល់អង្គការសហប្រជាជាតិ ស្របពេលដែលទីក្រុងមូស្គូរិះគន់ថា ខ្វះយុត្តិធម៌ និងផាត់ចោលរុស្ស៊ី៕