ប្រទេស​ចិន​បដិសេធ​ការ​ចោទថា «ជិត​ផ្គត់ផ្គង់​​អាវុធ​ដល់​​រុស្ស៊ី»

រដ្ឋាភិបាល​ចិន​បាន​ច្រានចោល​ការចោទប្រកាន់​មកលើ​ប្រទេស​នេះ​ថា មានបំណង​ផ្ដល់​អាវុធ​ទៅឱ្យ​រុស្ស៊ី ហើយ​ថា រាល់​ព័ត៌មាន​ចារកម្ម​របស់​សហរដ្ឋ​អាម៉េរិក​គឺជា «ការសន្និដ្ឋាន»។

«អ្វីដែល​គេ​ហៅថា​ព័ត៌មាន​ចារកម្ម​នោះ វា​​គ្រាន់តែ​ជាការ​ស្មាន និង​ជាការ​មួលបង្កាច់​សំដៅ​ប្រទេស​ចិន» អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន Wang Wenbin ថ្លែង​នៅថ្ងៃនេះ​ដូច្នេះ។

លោក Wang Wenbin ព្រមាន​ថា ការចោទប្រកាន់​នេះ​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ដំណើរ​ការចរចា​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ប៉ុណ្ណោះ​ទេ តែ​ក៏​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ទំនាក់ទំនង​រវាង​ចិន-អាម៉េរិក​ផងដែរ។

ការអះអាង​របស់លោក Wang Wenbin ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ទំព័រ Wall Street Journal របស់​អាម៉េរិក កាលពី​ថ្ងៃទី 22 កុម្ភៈ ដកស្រង់​ប្រភពព័ត៌មាន​ពី​មន្ត្រីជាន់ខ្ពស់​អាម៉េរិក ឱ្យដឹងថា សហរដ្ឋ​អាម៉េរិក​កំពុង​ពិចារណា​លើ​លទ្ធភាព​នៃ​ការប្រកាស​ព័ត៌មាន​ចារកម្ម​ដែលថា ប្រទេស​ចិន​អាច​បញ្ចប់​គោលនយោបាយ​មិន​ផ្ដល់​អាវុធ​ឱ្យ​រុស្ស៊ី។

យោងតាម​ការវាយតម្លៃ​របស់​ក្រុមមន្ត្រី​ចារកម្ម​អាម៉េរិក ប្រទេស​ចិន​កន្លងមក​បានផ្ដល់​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ និង​ទិញ​ប្រេង​របស់​រុស្ស៊ី ប៉ុន្តែ​គោលនយោបាយ​នោះ​ហាក់​កំពុង​ផ្លាស់​ប្ដូរ បើទោះជា​ទីក្រុង​ប៉េកាំង​មិនទាន់​សម្រេចចិត្ត​ចុងក្រោយ។

ប្រទេស​ចិន​គឺជា​ប្រទេស​ដែល​នាំមុខគេ​លើ​ពិភពលោក ស្ដីពី​ការផលិត​អាវុធ​ទៅតាម​ស្ដង់ដា​សូ​វៀត ​ដែល​ត្រូវបាន​ប្រើប្រាស់​ច្រើន​នៅក្នុង​សង្គ្រាម​អ៊ុយ​ក្រែ​ន។ កងទ័ព​រុស្ស៊ី​ត្រូវបាន​គេ​ជឿថា កំពុងតែ​ខ្វះ​ប្រភព​ផ្គត់ផ្គង់​គ្រាប់រំសេវ បន្ទាប់ពី​សង្គ្រាម​បានអូសបន្លាយ​ជិត​មួយឆ្នាំ។

ក្រុមមន្ត្រី​អាម៉េរិក និង​អឺរ៉ុប​ឱ្យដឹងថា ទីក្រុង​ប៉េកាំង​នឹងមិន​ចាំបាច់​ផ្គត់ផ្គង់​អាវុធ​ទំនើប ប៉ុន្តែ​ពួកគេ​អាច​ផ្ដល់​ឱ្យនូវ​អ្វីដែល​វិមាន​ក្រឹម​ឡាំង​កំពុង​ត្រូវការ​នៅក្នុង​សាមរ​ភូមិ​អ៊ុយ​ក្រែ​ន៕

Leave a Comment