Skip to content

វត្ថុ​បុរាណ​អាយុកាល​ពីរពាន់​ឆ្នាំ​ត្រូវគេ​សង្ស័យថា​ជា​ឧបករណ៍​​បម្រើ​ផ្លូវភេទ

(អង់គ្លេស) – វត្ថុ​បុរាណ​មួយ​ដែលមាន​អាយុកាល​ជិត 2,000 ឆ្នាំ មាន​ប្រវែង​ប្រហែល 16 សង់ទីម៉ែត្រ អាច​ដើរតួនាទី​ជា​ឧបករណ៍​បម្រើ​ផ្លូវភេទ​របស់​ជនជាតិ​រ៉ូមម៉ាំង​​បុរាណ​នៅ​ចក្រភព​អង់គ្លេស។

វត្ថុ​បុរាណ​នេះ​ត្រូវបាន​ក្រុម​បុរាណ​វិទូ​រកឃើញ​កាលពី​ឆ្នាំ 1992 នៅក្នុង​ប្រឡាយ​មួយ​នៅឯ​បន្ទាយ​រ៉ូ​ម៉ាំង Vindolanda ក្បែរ​រូបសំណាក Hadrian នៅ​ប្រទេស​អង់គ្លេស ដែលជា​សំណង់​បញ្ជាក់​ពី​ព្រំដែន​ភាគ​ពាយព្យ​របស់​ចក្រភព​រ៉ូម។

វត្ថុ​បុរាណ​​អាយុកាល​ជិត 2,000 ឆ្នាំនេះ ដំបូង​ឡើយ​ត្រូវបាន​គេ​យល់ថា​ជា​ឧបករណ៍​ដេរ​ប៉ាក់។ ក៏ប៉ុន្តែ ក្រោយពី​បាន​ពិនិត្យមើល​យ៉ាង​លំអិត ក្រុម​បុរាណ​វិទូ​សន្និដ្ឋានថា នេះ​គឺជា​លិង្គ​សិប្បនិម្មិត។ វត្ថុ​ចម្លាក់​ដែលមាន​ប្រវែង 160 មិល្លីម៉ែត្រ​នេះ​អាច​ត្រូវបាន​ប្រើប្រាស់​ជា​ឧបករណ៍​ផ្លូវភេទ។ បើសិន​ពិតជា​បែបនេះ​មែន នោះ​វា​គឺជា​ភស្ដុតាង​តែមួយគត់​ស្ដីពី​លិង្គ​នៅ​​ក្នុង​យុគសម័យ​រ៉ូ​ម៉ាំង នេះ​បើតាម​បុរាណ​វិទូ Rob Collins សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ Newcastle អង់គ្លេស។

យោងតាម​ក្រុម​ស្រាវជ្រាវ​ខាងលើ វត្ថុ​នេះ​អាច​ត្រូវបាន​ប្រើប្រាស់​ដោយ​ម្ចាស់​ទាសករ​ដើម្បី​ដាក់ទណ្ឌកម្ម ឬ​ប្រើប្រាស់​សិទ្ធិ​គ្រប់គ្រង និង​ស្ដារ​អំណាច។ ក្រៅពីនេះ បុរាណ​វិទូ​បាន​សន្និដ្ឋានថា វត្ថុ​នេះ​ក៏​អាច​ត្រូវបាន​ដាក់​នៅលើ​រូបសំណាក​អ្វីមួយ​នៅក្បែរ​ផ្លូវ ហើយ​អ្នកធ្វើដំណើរ​ឆ្លងកាត់​អាច​ស្ទាប​ដើម្បី​សុំ​សេចក្ដីសុខ។ ជាង​នេះ​វា​ក៏​អាច​ត្រូវបាន​ប្រើប្រាស់​ជា​អង្រែ​សម្រាប់​បុក​ឱសថ​បុរាណ​ផងដែរ។ បច្ចុប្បន្ន វត្ថុ​បរាណ​នេះ​ត្រូវបាន​ដាក់តាំង​នៅក្នុង​សារមន្ទីរ Vindolanda នៅ​ចក្រភព​អង់គ្លេស៕

Leave a Reply

Your email address will not be published. Required fields are marked *