ខេត្តមួយចំនួនរបស់ប្រទេសចិនអនុញ្ញាតឱ្យគូស្វាមីភរិយាដែលទើបរៀបការរួច ឈប់សម្រាកពីការងារដោយមានប្រាក់បៀវត្សក្នុងរយៈពេល 30 ថ្ងៃ ក្នុងបំណងលើកទឹកចិត្តដល់យុវវ័យរៀបការដើម្បីបង្កើនអត្រាចាប់កំណើតរបស់ទារក។
ពេលវេលាសម្រាកជាអប្បបរមាដែលទទួលបានប្រាក់បៀវត្សបន្ទាប់ពីបានរៀបការនៅប្រទេសចិនគឺ 3 ថ្ងៃ ប៉ុន្តែខេត្តមួយចំនួនអាចដាក់ចេញគោលការណ៍ដោយឡែកអំពីរបបសម្រាកការងារសម្រាប់ប្ដីប្រពន្ធទើបរៀបការ ចាប់ពីខែកុម្ភៈ 2023 នេះតទៅ។
ខេត្ត Gansu និងខេត្ត Shanxi បច្ចុប្បន្នអនុញ្ញាតឱ្យប្រជាពលរដ្ឋសម្រាកការងារដោយទទួលបានប្រាក់បៀវត្សរហូតដល់ 30 ថ្ងៃ បន្ទាប់ពីបានរៀបការ ខណៈដែលទីក្រុង Shanghai ឱ្យសម្រាក 10 ថ្ងៃ និង Sichuan នៅតែរក្សាគោលការណ៍ 3 ថ្ងៃ។
«ការអូសបន្លាយពេលវេលាឈប់សម្រាកក្រោយរៀបការគឺជាវិធីមួយដែលមានប្រសិទ្ធភាពដើម្បីបង្កើនអត្រាបង្កើតកូន» Yang Haiyang ប្រធានវិទ្យាស្ថានស្រាវជ្រាវការអភិវឌ្ឍសង្គមរបស់សាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចភាគនិរតី (Southwestern University of Finance and Economics) ថ្លែងដូច្នេះ និងបន្ត «គោលនយោបាយនេះភាគច្រើនផ្ដោតលើបណ្ដាខេត្តដែលមានសេដ្ឋកិច្ចរីកចម្រើនយឺត»។
លោក Yang ឱ្យដឹងថា ក្រៅពីពេលវេលាឈប់សម្រាកការងារ អាជ្ញាធរក្នុងតំបន់ក៏គួរបន្ថែមគោលការណ៍ផ្ដល់ជំនួយ មានដូចជាផ្ទះស្នាក់នៅ និងសម្រាកមានប្រាក់បៀវត្សសម្រាប់បុរសក្នុងពេលភរិយាសម្រាលកូនជាដើម។
កំណើនប្រជាជនចិនកាលពីឆ្នាំកន្លងបានថយចុះជាលើកដំបូងក្នុងរង្វង់ 6 ទសវត្សរ៍មកនេះ។ ក្រុមអ្នកជំនាញយល់ថា នេះអាចជាការចាប់ផ្ដើមនៃយុគសម័យកំណើនប្រជាជនថយចុះរយៈពេលយូររបស់ប្រទេសនេះ។ កាលពីឆ្នាំមុន ប្រទេសចិនមានអត្រានៃការបង្កើតកូនទាបបំផុត ដោយមានទារកចាប់កំណើតតែ 6.77 នាក់ប៉ុណ្ណោះនៅក្នុងចំណោមប្រជាជន 1,000 នាក់។
មូលហេតុដែលនាំឱ្យកំណើនប្រជាជនថយចុះនេះត្រូវបានអ្នកស្រាវជ្រាវជឿថា បណ្ដាលមកពី «គោលនយោបាយកូនមួយ» ដ៏តឹងរឹងដែលអាជ្ញាធរចិនបានអនុវត្តចាប់ពីទសវត្សរ៍ឆ្នាំ 1980 ដល់ 2015។ ការចំណាយសម្រាប់ការអប់រំកើនឡើងខ្ពស់ក៏ធ្វើឱ្យប្ដីប្រពន្ធវ័យក្មេងនៅប្រទេសចិនមិនចង់មានកូនទីពីរ ហើយលើសពីនេះក៏មានមនុស្សមួយចំនួនមិនចង់បង្កើតកូនតែម្ដង៕