ដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានីកៀវរបស់ប្រធានាធិបតីអាម៉េរិក បានចាប់ផ្ដើមដោយភាពស្ងប់ស្ងាត់នៅឯព្រលានយន្តហោះយោធានៅជាយក្រុងវ៉ាស៊ីងតោន កាលពីវេលាទៀបភ្លឺ ថ្ងៃទី 19 កុម្ភៈ។
ប្រធានាធិបតី ចូ បៃដិន ឈានជើងឡើងយន្តហោះ C-32A របស់ទ័ពអាកាសអាម៉េរិកនៅឯបន្ទាយ Andrews វេលាម៉ោង 04 ទៀបភ្លឺថ្ងៃទី 19 កុម្ភៈ (ម៉ោង 16 នៅកម្ពុជា)។
យន្តហោះ C-32A ពេលនោះចតនៅឆ្ងាយពីកន្លែងដែលលោក បៃដិន តែងតែឡើងយន្តហោះ ហើយបង្អួចទាំងអស់សុទ្ធតែត្រូវបានបិទបាំង។ 15 នាទីក្រោយ លោក បៃដិន និងអង្គរក្ស និងបុគ្គលិកពេទ្យមួយក្រុមតូច ចាប់ផ្ដើមធ្វើដំណើរជិត 24 ម៉ោង ទៅកាន់រដ្ឋធានីកៀវរបស់អ៊ុយក្រែន។
តម្រូវការសន្តិសុខតឹងរឹង និងការរក្សាការណ៍សម្ងាត់កម្រិតខ្ពស់របស់ដំណើរទស្សនកិច្ចនេះ ធ្វើឱ្យក្រុមអ្នកយកព័ត៌មានអមដំណើរដែលធ្លាប់តែមានគ្នា 13 នាក់ មកពីទីភ្នាក់ងារសារព័ត៌មាននានា ត្រូវកាត់បន្ថយមកនៅត្រឹមពីរនាក់ ក្នុងនោះម្នាក់ជាអ្នកសរសេរ ម្នាក់ជាអ្នកថតរូប។
Sabrina Siddiqui អ្នកយកព័ត៌មានរបស់ Wall Street Journal ឱ្យដឹងថា អ្នកស្រី និងមិត្តរួមអាជីព Evan Vucci មកពី AP ត្រូវតម្រូវឱ្យស្បថថានឹងរក្សាការណ៍សម្ងាត់ និងត្រូវស្នើឱ្យ «រង់ចាំអ៊ីម៉េលមានផ្ទុកព័ត៌មានស្ដីពីការណែនាំអំពីដំណើរនៅព្រឹកព្រលឹមថ្ងៃទី 19 កុម្ភៈ ដែលមានចំណងជើងថា «ការណែនាំទៅកាន់ការប្រកួតវាយកូនគោល»»។
អ្នកយកព័ត៌មានពីររូបខាងលើមានវត្តមាននៅបន្ទាយ Andrews វេលាម៉ោង 02 និង 15 នាទី។ ទូរស័ព្ទរបស់ពួកគេត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក និងប្រគល់មកវិញនៅពេលលោក បៃដិន មានវត្តមាននៅរដ្ឋធានីរបស់អ៊ុយក្រែន។
យន្តហោះដឹកប្រតិភូប្រធានាធិបតីអាម៉េរិកហោះឆ្លងកាត់មហាសមុទ្រអាត្លង់ទិកក្នុងរយៈពេល 7 ម៉ោង និងចុះចតនៅព្រលានយន្តហោះយោធា Ramstein នៅអាល្លឺម៉ង់ដើម្បីចាក់ប្រេង។ បង្អួចទាំងអស់របស់យន្តហោះ C-32A នៅតែបិទបាំងជិត និងមិនមានអ្នកចាកចេញពីយន្តហោះ។ បន្ទាប់មក C-32A ក៏បន្តហោះទៅកាន់ព្រលានយន្តហោះ Rzeszow-Jasionka របស់ប៉ូឡូញ ជាទីប្រមូលផ្ដុំអាវុធ និងគ្រាប់រំសេវដែលអាម៉េរិកផ្ដល់ឱ្យអ៊ុយក្រែន។
អ្នកយកព័ត៌មាន Sabrina Siddiqui និង Evan Vucci មិនបានមើលឃើញលោក បៃដិន នោះទេ នៅក្នុងពេលហោះហើរ។ បន្ទាប់ពីចុះចតនៅព្រលានយន្តហោះ Rzeszow-Jasionka នាពេលព្រលប់ ពួកគេត្រូវបានដឹកតាមយន្តហោះ SUV ដើម្បីចាកចេញ។ ក្បួនរថយន្តធ្វើដំណើរយ៉ាងស្ងាត់នៅក្នុងផ្ទៃមេឃងងឹត ដោយពុំមានសំឡេងសារ៉ែន ឬសញ្ញាណាមួយបញ្ជាក់ថា ប្រធានាធិបតីអាម៉េរិកកំពុងឆ្ពោះទៅកាន់ស្ថានីយរថភ្លើង Przemysl Glowny នៅក្បែរព្រំដែនប៉ូឡូញ-អ៊ុយក្រែនឡើយ។
ប្រតិភូចាប់ផ្ដើមឡើងរថភ្លើងនៅវេលាម៉ោង 21 និង 15 នាទី។ អ្នកយកព័ត៌មាន Sabrina Siddiqui និង Evan Vucci នៅតែមិនបានមើលឃើញស្រមោលរបស់លោក បៃដិន។ «រថភ្លើងមានទូប្រហែល 8។ មនុស្សភាគច្រើននៅលើរថភ្លើងនេះគឺជាបុគ្គលិកសន្តិសុខដែលបំពាក់ដោយអាវុធគ្រប់គ្រាន់» Siddiqui រម្លឹកឡើងដូច្នេះ។
ការធ្វើដំណើរតាមរថភ្លើងពីស្ថានីយ Przemysl Glowny ទៅកាន់កៀវ អូសបន្លាយពេលប្រហែល 10 ម៉ោង។ រថភ្លើងធ្វើដំណើរចូលទៅកាន់ស្ថានីយ Kiev-Pasazhyrsky នៅវេលាម៉ោង 08 ថ្ងៃទី 20 កុម្ភៈ ប៉ុន្តែព័ត៌មានស្ដីពីការធ្វើដំណើរនេះនៅតែត្រូវបានរក្សាការណ៍សម្ងាត់ដដែល។
តំបន់ជុំវិញស្ថានីយរថភ្លើងខាងលើត្រូវបានបិទខ្ទប់ ខណៈដែលឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំអ៊ុយក្រែន Bridget Brink ឈររង់ចាំនៅខាងក្រៅទូរថភ្លើងជាស្រេច។ «ពិតជាអស្ចារ្យនៅពេលបានត្រលប់មកកាន់កៀវ» ប្រធានាធិបតី បៃដិន ថ្លែងនៅពេលចាកចេញពីរថភ្លើង។
មកដល់ពេលនេះ ទើបទីភ្នាក់ងារសារព័ត៌មាននានាចុះផ្សាយអំពីដំណើរទស្សនកិច្ចដំបូងរបស់ប្រធានាធិបតីអាម៉េរិក ចូ បៃដិន មកកាន់រដ្ឋធានីកៀវ។ រូបភាពដែលត្រូវបានចុះផ្សាយនាពេលនោះបង្ហាញថា លោក បៃដិន និងសមភាគីអ៊ុយក្រែន លោក ហ្សេឡែនស្គី ដើរទន្ទឹមគ្នានៅលើដងផ្លូវក្នុងក្រុងកៀវ នៅកណ្ដាលរង្វង់ការពារសន្តិសុខយ៉ាងដេរដាសរបស់ក្រុមអង្គរក្ស។
ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាម៉េរិកមិនបានលាក់ការណ៍ទាំងស្រុងនូវដំណើរទស្សនកិច្ចខាងលើនេះចំពោះភាគីរុស្ស៊ីឡើយ។ ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក Jake Sullivan បានឱ្យដឹងថា ប៉ុន្មានម៉ោងមុនពេលលោក បៃដិន ឡើងយន្តហោះនៅសហរដ្ឋអាម៉េរិក មន្ត្រីនៅវ៉ាស៊ីងតោនក៏បានជូនដំណឹងដល់ភាគីរុស្ស៊ី។ ការជូនដំណឹងនេះគឺដើម្បី «បញ្ចៀសការគន់គូរមិនត្រឹមត្រូវ» ដែលអាចនាំឱ្យមហាអំណាចទាំងពីរធ្លាក់ទៅក្នុងសង្គ្រាមដោយផ្ទាល់។
បន្ទាប់ពីបានជួបប្រធានាធិបតី ហ្សេឡែនស្គី និងលើកឡើងនូវការសន្យាថ្មីទាក់ទងនឹងជំនួយយោធា លោក បៃដិន ក៏បានចាកចេញពីរដ្ឋធានីកៀវទៅកាន់ប៉ូឡូញ ដើម្បីធ្វើទស្សនកិច្ចប្រទេសនេះទៅតាមកាលបរិច្ឆេទដែលបានរៀបចំមុននោះ៕