អាជ្ញាធរក្រុង Ichikikushikino ស្នើឱ្យប្រជាពលរដ្ឋសរសេរឈ្មោះនៅលើថង់សំរាមមុនពេលបុគ្គលិកអនាម័យចុះទៅប្រមូល ដើម្បីលើកទឹកចិត្តឱ្យមានការបែងចែកប្រភេទសំរាម ប៉ុន្តែសំណើនេះបង្កឱ្យមានការបារម្ភអំពីសិទ្ធិឯកជន។
ក្រុមមន្ត្រីរបស់ទីក្រុង Ichikikushikino នៃខេត្ត Kagoshima ភាគនិរតីប្រទេសជប៉ុន បានដាក់ចេញការកំណត់នេះតាំងពីឆ្នាំ 1996។ កាលណោះ សមត្ថកិច្ចបានឱ្យដឹងថា មានករណីប្រជាជនដាក់ធុងហ្កាស ឬថ្មពិលចូលក្នុងថង់សំរាមរួម បង្កឱ្យមានអគ្គិភ័យនៅកន្លែងកែច្នៃសំរាម។ បើសិនថង់សំរាមមិនមានឈ្មោះម្ចាស់ ឬមិនត្រូវបានបែងចែកប្រភេទត្រឹមត្រូវ វានឹងត្រូវគេបិទស្លាក «ខុសច្បាប់» និងត្រូវទុកនៅកន្លែងដើម។
ម៉ោង 08 ព្រឹក ថង់សំរាមដែលមានឈ្មោះត្រូវបានដាក់នៅកន្លែងប្រមូលក្នុងទីក្រុង Ichikikushikino ហើយនៅក្បែរនោះមានផ្ទាំងបដាមួយសរសេរថា «សូមសរសេរឈ្មោះលើថង់សំរាម»។
មនុស្សមួយចំនួនបានសម្ដែងការព្រួយបារម្ភចំពោះការកំណត់ខាងលើ។ ស្ត្រីវ័យ 70 ឆ្នាំម្នាក់ដែលបានមករស់នៅក្នុងទីក្រុង Ichikikushikino កាលពីប៉ុន្មានឆ្នាំមុន បានឱ្យដឹងថា គាត់មិនធ្លាប់ត្រូវគេតម្រូវឱ្យសរសេរឈ្មោះលើថង់សំរាមនោះទេ នៅពេលរស់នៅក្នុងទីក្រុង Kanto។
«មើលទៅលើថង់សំរាម គេដឹងថាខ្ញុំបានបរិភោគអ្វី។ ខ្ញុំបានបែងចែកប្រភេទសំរាមរួចហើយ ហេតុអ្វីត្រូវសរសេរឈ្មោះទៀត?» លោកយាយខាងលើបានថ្លែងដូច្នេះនៅក្នុងកិច្ចសម្ភាសជាមួយ Mainichi កាលពីចុងសប្ដាហ៍កន្លង។
ស្ត្រីម្នាក់ទៀតនិយាយថា ការកំណត់នេះ «ប្រៀបបានទៅនឹងការតាមដានរបស់អ្នកដទៃមកលើការរស់នៅរបស់ខ្ញុំ»។
ក៏ប៉ុន្តែ ការកំណត់ខាងលើក៏ទទួលបានការគាំទ្រពីប្រជាពលរដ្ឋផងដែរ ដោយពួកគេយល់ថា នេះគឺជាការទប់ស្កាត់ករណីអគ្គិភ័យ ហើយវានឹងជួយឱ្យសមត្ថកិច្ចមានភាពងាយស្រួលក្នុងការស្វែងរកម្ចាស់សំរាមដែលបានបង្កបញ្ហា។
អាជ្ញាធរ Ichikikushikino ឱ្យដឹងថា បរិមាណសំរាមប្រចាំថ្ងៃជាមធ្យមរបស់ប្រជាជនក្នុងទីក្រុងនេះនៅតែមានកម្រិតខ្ពស់ជាងមធ្យមភាគនៅទូទាំងប្រទេស ខណៈដែលការកែច្នៃសំរាមមានអត្រាតែ 9.3% ប៉ុណ្ណោះ ទាបជាងឆ្ងាយធៀបនឹង 20% នៅទូទាំងប្រទេស៕