គ្រោះរញ្ជួយដីកម្លាំង 6.4 រិចទ័រ ដែលកើតឡើងនៅក្បែរទីក្រុង Antakya ភាគខាងត្បូងប្រទេសតួកគី បណ្ដាលឱ្យមានមនុស្សស្លាប់យ៉ាងតិច 3 នាក់ និងជាង 200 នាក់រងរបួស។
រញ្ជួយដីនេះកើតឡើងនៅក្នុងទីរួមស្រុក Defne នៃខេត្ត Hatay ភាគខាងត្បូងប្រទេសតួកគី ជិតព្រំដែនជាមួយស៊ីរី នៅវេលាម៉ោង 20 និង 04 នាទី ថ្ងៃទី 20 កុម្ភៈ (រំលងអធ្រាត្រថ្ងៃទី 21 កុម្ភៈនៅកម្ពុជា) ដែលមានចំណុចកណ្ដាលស្ថិតក្នុងជម្រៅ 10 គីឡូម៉ែត្រ។ មជ្ឈមណ្ឌលរញ្ជួយដីមេឌីទែរ៉ាណេ (EMSC) នៅអឺរ៉ុប បានបញ្ជាក់ថា រញ្ជួយដីនេះមានកម្លាំង 6.4 រិចទ័រ ខណៈស្ថាប័នសង្កេតភូមិសាស្ត្រអាម៉េរិក (USGS) ឱ្យដឹងថា វាមានកម្លាំង 6.3 រិចទ័រ។
រញ្ជួយដីខាងលើស្ថិតនៅក្នុងតំបន់ដែលមានចម្ងាយប្រហែលពី 160 ទៅ 300 គីឡូម៉ែត្រ ធៀបនឹងតំបន់ដែលបានកើតមានគ្រោះរញ្ជួយដីពីរលើក កម្លាំង 7.7 និង 7.8 រិចទ័រ នៅតួកគី និងស៊ីរី កាលពីដើមខែ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគី ឱ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស 3 នាក់បានស្លាប់ និង 213 នាក់រងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ប្រភពខ្លះបាននិយាយថា អគារមួយចំនួនបានបាក់រលំទាំងស្រុង។
គ្រោះរញ្ជួយដីនេះបានកើតឡើងប្រហែលពីរសប្ដាហ៍បន្ទាប់ពីភាគខាងត្បូងប្រទេសតួកគី និងភាគខាងជើងប្រទេសស៊ីរី រងគ្រោះធ្ងន់ធ្ងរដោយសារគ្រោះរញ្ជួយដីដែលបានសម្លាប់មនុស្សជាង 47,000 នាក់ និងកម្ទេចផ្ទះរាប់សែនខ្នង៕